អីុរ៉​ង់ និង​ក្រុម​P5+1​ប្រកាស​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ

រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក MOHAMMAD JAVAD ZARIF និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី FEDERICA MOGHERINI បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ តុលា នូវ​សេចក្តី​ប្រកាស​រួម​មួយ ដោយ​អះអាង​ពី​ការ​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ ដែល​ចុះហត្ថលេខា​កាលពី​ខែកក្កដា កន្លង​មកនេះ ដោយ​អីុ​រ៉​ង់ និង​មហាអំណាច​៦ ។

សេចក្តី​ប្រកាស​នោះ​គូសបញ្ជាក់​ថា ពេល​នេះ​អីុរ៉​ង់​នឹង​ចាប់ផ្តើម​អនុវត្ត​បណ្តា​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ទាក់ទិន​នឹង​ផែនការ​សកម្មភាព​ជា​សាកល​ផ្តោត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ AIEA រៀបចំ​មធ្យោបាយ​នានា​ដែល​អាច​ត្រួតពិនិត្យ​បណ្តា​វិធានការ​របស់​អីុ​រ៉​ង់ ។

យោង​តាម​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​រវាង​អីុរ៉​ង់ និង​ក្រុម​ប្រទេស​មហាអំណាច P5+1 (​ចិន សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុ​ស្ស៊ី និង​អា​ល្លឺ​ម៉​ង់​) កាលពី​ថ្ងៃ​ទី​១៤ កក្កដា នៅ​ទីក្រុង​វី​យែ​ន រដ្ឋធានី​អូ​ទ្រី​ស អីុ​រ៉​ង់​ត្រូវ​កែ​លម្អ​តម្លាភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន កាត់​បន្ថយ​សមត្ថភាព​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៃ​បណ្តា​រេ​អាក់​ទ័​រ​ទឹកធ្ងន់ របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​អន្តរជាតិ និង​លោក​ខាងលិច ។

លើ​មូលដ្ឋាន​នោះ កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​នេះ​ត្រូវ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១៨ តុលា ។ ដូច​ការ​គ្រោងទុក ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​១៨ តុលា បាន​ចេញ​បញ្ជា​ដល់​រដ្ឋាភិបាល​លោក​ឱ្យ​ត្រៀមខ្លួន​លុប​ចោល​ទណ្ឌកម្ម​ផ្សេង​ៗ​ប្រឆាំង​អីុ​រ៉​ង់​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​២០០០​មក ។ ចំណែក​សហភាព​អឺរ៉ុប​វិញ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ប្រកាស​ថា បាន​អនុម័ត​ក្រប​ខណ្ឌ​ច្បាប់​មួយ ដើម្បី​ផ្អាក​ទណ្ឌកម្ម ៕