បើក​​វេទិកាសាធារណៈ​​ជាមួយ​ប្រជាពលរដ្ឋ​​នៅ​សង្កាត់​​កោះ​រ៉ុ​ង

ខេត្ត​ព្រះសីហនុ ៖  កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៥ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម ក្នុង​នោះ​មាន​លោក​ឧត្តមសេនីយ៍​ស្នងការ​រង និង​នាយ​នគរបាល​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​តាម​ជំនាញ​មួយ​ចំនួន បាន​​​ធ្វើ​ដំណើរ​ទៅ​សង្កាត់​កោះ​រ៉ុ​ង ដើម្បី​រៀបចំ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវក​រទាំង​ខ្មែរ និង​បរទេស ដើម្បី​សាក​សួរ​សុខទុក្ខ និង​ទទួល​សំណូមពរ​របស់​ពួក​គាត់ ពាក់ព័ន្ធ​ការងារ កា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន ។

នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​សង្កាត់​កោះ​រ៉ុ​ង​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​ស្បៀង​អាហារ ព្រមទាំង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​, នគរបាល​ការពារ​ព្រំ​ដែនទឹក​, វរ​សេនា​តូច​២៤០ និង​កម្លាំង​កង​រាជ​អាវ​ធុ​ហត្ថ​ខេត្ត ដែល​ឈរជើង​ប្រចាំការ​នៅ​សង្កាត់​កោះ​រ៉ុ​ង ។