ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

អាល់ប៊ុម “ព្យាយាម” របស់​តារា​ចម្រៀង ទិត្យ វិច្ឆិកា កំពុង​ត្រៀម​ដាក់​លក់​លើ​ទីផ្សារ នៅ​ដើម​ខែ​ក្រោយ​នេះ ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា ដើម្បី​ជួយ​អ្នក​ក្រីក្រ​នៅ​តាម​បណ្ដា​ខេត្ត​នានា ដែល​មាន​ការ​ខ្វះខាត និង ​ត្រូវ​ការ​ជំនួយ​សង្គ្រោះ។

 

ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

 

សិល្បករ ឆន្ទៈ​សង្គម​រូប​នេះ​ បញ្ជាក់​ថា ក្រៅ​ពី​ប្រទេស​កម្ពុជា បទ​ចម្រៀង​របស់​លោក នឹង​ត្រូវ​ចរាចរណ៍​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង ​សហរដ្ឋអាមេរិក​ផង​ដែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ទាំង​នោះ​ចូលរួម​ទិញ​បាន។ អាល់ប៊ុម”ព្យាយាម” បាន​ចំណាយ​ពេល​ផលិត​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​សន្សំ​លុយ​បន្តិច​ម្ដងៗ​ពី​ការ​ច្រៀង​តាម​រោង​ការ ទម្រាំ​សម្រេច​បាន​ជា​លទ្ធផល​ដូច​បច្ចុប្បន្ន។

 

ទិត្យ ​វិច្ឆិកា អះអាង​ថា៖ ” ដូច​ដឹង​ស្រាប់​ហើយ​បង ខ្ញុំ​ហូប​ពង​ទា​រាល់​ថ្ងៃ​ទម្រាំ​សន្សំ​បាន​លុយ​បន្តិចបន្តួច​ ធ្វើ​បទ​ចម្រៀង​ទាំង​នេះ​ឡើង ដើម្បី​ជួយ​បង​ប្អូន​ក្រីក្រ​តាម​ជនបទ”។ តារា​ចម្រៀង​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា នឹង​មាន​ការ​គាំទ្រ​កម្រិត​ណា​នោះ​ទេ​ចំពោះ​អាល់ប៊ុម​ថ្មី ព្រោះ​គ្រប់យ៉ាង​អាស្រ័យ​លើ​ការ​គាំទ្រ​របស់​មហាជន​ទាំង​ក្នុង និង ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

 

តារា​ចម្រៀង​រូប​នេះ ក៏​មាន​ដាក់​លក់​អាវ​យឺត​នៅ​តាម​បណ្ដា​ប្រទេស​ខាង​លើ​ផង​ដែរ ក្នុង​យុទ្ធនាការ​ស្វែង​រក​ថវិកា​ជីក​អណ្ដូង​ទឹក និង​ ជួយ​ជន​ក្រីក្រ​តាម​មូលដ្ឋាន ហើយ​ប្រកាស​ឈ្មោះ​សប្បុរសជន​ទាំង​អស់​នោះ ដើម្បី​ធានា​នូវ​តម្លា​ភាព និង​ សេចក្ដី​ទុក​ចិត្ត​ពី​សប្បុរសជន​ទាំង​អស់​ព្រម​ទាំង​បន្ត​ជួយ។ ការ​ចូលរួម​គាំទ្រ​ទិញ CD និង ​អាវ​យឺត ស្មើ​នឹង​ជួយ​ជន​ក្រីក្រ​កំពុង​ត្រូវ​ការ​ជំនួយ ហើយ​ក៏​ជា​ការ​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​វប្បធម៌​ខ្មែរ។

 

ទិត្យ ​វិច្ឆិកា ទើប​ទទួល​ងារ​ជា​អ្នក​សិល្បៈ​ឆន្ទៈ​សង្គម ពី​ក្រសួង​ព័ត៌មាន ក្រោយ​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Rock រូប​នេះ បាន​ធ្វើ​សកម្មភាព​ជួយ​សង្គម​ជា​ច្រើន​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​មាន​ជីក​ស្រះ​ទឹក អណ្ដូង និង​ ជួយ​ជន​ក្រីក្រ​ជា​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ការ​ជំនួយ។ ថ្មីៗ​នេះ​រូប​គេ​បាន​ជួយ​ដល់​ចាស់ៗ​ជរា​នៅ​ខាង​ខេត្ត​តាកែវ និង​ កូន​ភ្លោះ​មាន​ជំងឺ​សើស្បែក​ចម្លែក​នៅ​ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ហើយ​កំពុង​ស្វែង​រក​ថវិកា​ជួយ​សង់​ផ្ទះ​សម្រាប់​គ្រួសារ​ទីទ័ល​មួយ​នេះ​ទៀត​ផង៕

 

អាន​អត្ថបទ៖  អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស
អាន​អត្ថបទ៖ មក​ទល់​ឥឡូវ​ ដឹង​ថាតារា​ ៤​ដួង​​នេះ​ ដូរ​ផលិត​កម្ម​ប៉ុន្មាន​អត់?​

 

 

 

 

អត្ថបទ៖ សំ ជំនាញ