សម្តេច​ហ៊ុនសែន​៖ នៅ​កម្ពុជា មិនមាន​ការ​ស្នង​តំណែង​ពី​ឪពុក ជា​នាយករដ្ឋមន្ត្រី​នោះទេ​

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា នៅ​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត នោះ​គឺ​គ្មាន​ទម្លាប់​ស្នង​តំណែង​ពី​ឪពុក​ទៅ​កូន ជា​នាយករដ្ឋមន្ត្រី​នោះទេ​។ សម្តេច​ក៏បាន​បញ្ជាក់ថា សូម្បីតែ​ព្រះមហាក្សត្រ ក៏​មិនអាច​តែងតាំង​រាជទាយាទ ឲ្យ​គ្រងរាជ្យ​បន្ត​ដែរ គឺ​ត្រូវ​ជ្រើសតាំង​តាមរយៈ​ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ​។

​សេចក្តីបញ្ជាក់​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក​ហ៊ុន​ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច បានផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អូស្ត្រាលី ABC កាលពី​ថ្ងៃ​សុក្រ ទី​១៦​តុលា​។ ក្នុង​បទសម្ភាសន៍​នោះ ស្ត្រី​អ្នកកាសែត​អូស្ត្រាលី បាន​សួរ​ម្តង​ជា​ពីរដង អំពី​ការ​តំណែង​នាយករដ្ឋមន្ត្រី ថា​តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត នឹង​បន្ត​ពី​ឪពុក ឬទេ​?៕​