តុលាការ ប្រកាស​សាលក្រម លើ​សំណុំរឿង​លោក ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត នៅ​ថ្ងៃ​២៦​តុលា

ភ្នំពេញ​: ចៅក្រម​តុលាការ​ក្រុងភ្នំពេញ បានបញ្ចប់​សវនាការ សួរដេញដោល​លើ​សំណុំរឿង​លោក ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត ភរិយា​លោក សៀក សុជាតិ រួចហើយ នា​វេលា​ម៉ោង ១១ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​បើកសវនាការ តាំងពីព្រឹក​ព្រលឹម និង​សម្រេច​ប្រកាស​សាលក្រម​រឿងក្ដី​នេះ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។​

​នៅក្នុង​សំណុំ​រឿងនេះ មាន​លោកស្រី កែវ​ម៉ាលី ជាដើម​បណ្ដឹងរដ្ឋប្បវេណី បាន​ប្ដឹង​លោក ព្រំ សាន មន្ត្រី​ក្រសួង​ព័​ត៌​ន​មា​ប និង​លោកស្រី មុំ ម៉ា​នុត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ រឿង​បង្ហោះ​ហ្វេ​ស​បុក ចោទថា លោកស្រី កែវ ម៉ាលី ជា​សា​ហាយ​ស្មន់​ជាមួយ​លោក សៀក សុជាតិ​។

​កាលពី​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ លោក​ព្រំ សាន បាន​ចូលរួម​សវនាការ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​ដើមបណ្ដឹង​រដ្ឋប្បវេណី មិន​ចូលខ្លួន​មក​ក្នុង​សវនាការ​ទេ គឺ​មានតែ​មេធាវី​តំណាង​។ ចំណែក​រឿងក្ដី​ដដែល​នោះ លោក ផែង វណ្ណៈ ក៏​នឹងត្រូវ​តុលាការ បើកសវនាការ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ខាងមុខ​ផងដែរ​។​

​សូម​រំលឹកថា លោក ព្រំ សាន ជា​សកម្មជន Facebook និង​ជា​សមាជិក​ស្ថាបនិក​របស់​ក្រុម​រួបរួម​មិត្ត​កម្ពុជា ដើម្បី​ការងារ​មនុស្សធម៌ ដែល​សព្វថ្ងៃ លោក​ជា​អនុប្រធាននាយកដ្ឋាន នៅ​ក្រសួង​ព័ត៌មាន​។ លោក ត្រូវបាន​លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា និង​ជា​ម្ចាស់​វិមាន​ចរណៃ ដាក់ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ​។ ការប្ដឹង​ផ្ដល់​នេះ បានកើត​ឡើង បន្ទាប់ពី​លោក ព្រំ សាន បាន​សរសេរ​ព័ត៌មាន​នៅលើ Facebook របស់លោក​ថា លោកស្រី កែវ ម៉ាលី ជា​ភរិយា​ទី​៤ របស់លោក សៀក សុជាតិ ឬ​?​។ ការចុះផ្សាយ​នោះ ត្រូវបាន​លោក ព្រំ សាន ដកស្រង់​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ស្របច្បាប់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ គឺ​លោកស្រី មុំ ម៉ា​នុត​។

​ពាក់ព័ន្ធ​និង​ករណីនេះ បើតាម​ការបំភ្លឺ​របស់​លោក ព្រំ សាន បាន​ឲ្យ​ដឹងថា គ្រប់​ព័ត៌មាន ដែល​លោក​បាន​ផ្សព្វផ្សាយ គឺ​លោក​មាន​ប្រភព​បញ្ជាក់​ច្បាស់លាស់ ជាពិសេស​ឯកសារ​ភស្តុតាង​ត្រឹមត្រូវ​។ កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ លោក ផែង វណ្ណៈ មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ក៏ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលមក​តុលាការ​ឆ្លើយបំភ្លឺ ជុំវិញ​បណ្ដឹង​របស់លោក​ស្រី កែវ ម៉ាលី ផងដែរ​។​

​សូម​រម្លឹកថា កន្លងមក ក្រុម​លោក​ផែង​វណ្ណៈ និង​លោក​ព្រំ​សាន បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចុះផ្សាយ​នូវ​ដំណឹង និង​រិះគន់​លើ​បុគ្គល​មួយចំនួន​ផងដែរ​៕​

តុលាការ ប្រកាស​សាលក្រម លើ​សំណុំរឿង​លោក ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត នៅ​ថ្ងៃ​២៦​តុលា

តុលាការ ប្រកាស​សាលក្រម លើ​សំណុំរឿង​លោក ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត នៅ​ថ្ងៃ​២៦​តុលា

តុលាការ ប្រកាស​សាលក្រម លើ​សំណុំរឿង​លោក ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត នៅ​ថ្ងៃ​២៦​តុលា