ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ អាងខ្នង​បង្អែក​បន្តស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត​នៅ​ខេត្តរតនគិរី​

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ថង សាវុន ជា​អភិបាលខេត្ត និង​លោក វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ ដែល​អាង​អំណាច​ឪពុក​របស់ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់ បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្តរតនគិរី ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​លើ​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ នោះទេ ព្រោះ​ខ្លាច​អំណាច​ឪពុក​របស់​ពួកគេ​ដែលជា​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​។

​ប្រភពពី​មន្ត្រីរាជការ​ក្នុងស្រុក​វ៉ឺ​ន​សៃ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ បាន​ប្រើប្រាស់​អំណាច​ឪពុក​របស់ខ្លួន ហើយ​ប្រើប្រាស់​រថយន្ត​ទំនើបៗ​៣​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​ភ្នំ​កុក ឃុំ​វ៉ឺ​ន​សៃ ស្រុក​វ៉ឺ​ន​សៃ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ រថយន្ត​ដែល​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ ដឹកជញ្ជូន​ឈើ​គឺ​មួយគ្រឿង​ម៉ាង​ហ្វ័​រ​រ៉េ​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-5198 មួយគ្រឿង​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ ព្រមទាំង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​គ្រី​ស័​រ​។ រថយន្ត​ទាំង​៣​គ្រឿង​នេះ​ក្នុង​មួយ​យប់ៗ​ដឹកឈើ​ប្រណីត​២​ទៅ​៣​ជើង​ចេញ​តាម​ច្រករបៀង​លេខ​១៩​ក្រោយ​កាស៊ីណូ​មេ​ឈ្មួញ ទ្រី ភាព ដែលមាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​តាម​ដងផ្លូវ​ពី​គ្រប់​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​របស់​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ចេញពី​លើ​ស្មា​។ សមត្ថកិច្ច​ខ្លះ​សុខចិត្ត​រណប​ជាមួយ​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ ដើម្បី​បាន​ផលប្រយោជន៍​តិចតួច​ព្រោះ​បើ​ហ៊ាន​ខ្លាំង​នឹងត្រូវ​ធ្លាក់​បុណ្យស័ក្ដិ​ចៀស​មិន​ផុត​ឡើយ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន ដែលជា​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ ២​នាក់​បងប្អូន​បង្កើន​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ធ្នង់​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​លោក វង្ស សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ឆ័យ និង​ឈ្មោះ វង់ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​៕

W@t-09107 W@t-09108