មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ សេង ប៊ុន​តេង ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តកំពង់ធំ​

​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹកឈើ​គ្រញូង​នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ រថយន្ត​ដឹកឈើ​គ្រញូង​ដែល​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​គ្រញូង​នោះ ម៉ាក​ឆេវ​រ៉ូ​ឡែ​ត ពាក់​ស្លាក​លេខ​2AG-4440 ដែល​ត្រូវគេ​ដឹងថា​ជា​របស់លោក សេង ប៊ុន​តេង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។ គ្រោះថ្នាក់​ចរាចរណ៍​នោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងសែន ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​លោក សេង ប៊ុន​តេង ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ជា​យូរ​មកហើយ​។

ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ធំ ដែល​ទៅ​ពិនិត្យមើល​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ឆេវ​រ៉ូ​ឡែ​ត​ដែល​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​គ្រញូង គឺជា​របស់លោក សេង ប៊ុន​តេង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ហើយ​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ផងដែរ​។ នៅពេល​ក្រឡាប់​រថយន្ដ​ដឹកឈើ​នោះ មាន​រថយន្ត​២​គ្រឿង​ទៀត​ដែល​១​គ្រឿង​ម៉ាក​កា​មេ​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ហើយ​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​រំដោះ​ឈើ​គ្រញូង​ចេញ​កន្លែងកើតហេតុ​ភ្លាមៗ​។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចូលទៅ​ស្នាក់ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​យ៉ាង​រលូន ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​ត្រួតពិនិត្យ​និង​ចាត់វិធានការ​តាមច្បាប់​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មានការ​គំរាម​អ្នកកាសែត​មិន​ឲ្យ​ថតរូប​រថយន្ត​ដឹកឈើ​ដែល​ក្រឡាប់ និង​រថយន្ត​២​គ្រឿង​ទៀត​ដែល​ទៅ​រំដោះ​ឈើ​គ្រញូង​នោះទេ ក៏ប៉ុន្តែ​អ្នកកាសែត​បាន​ថត​យក​រូបភាព​មួយចំនួន​រួចទៅហើយ​។ ករណីនេះ​ប្រជាពលរដ្ឋ​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បង្ក្រាប​បានតែ​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​មានអំណាច​ខ្លាំង​ដូចជា លោក សេង ប៊ុន​តេង គឺ​គ្មាន​ន​ណារ​ហ៊ាន​ប៉ះពាល់​នោះទេ​។ ជាក់ស្ដែង​លោក សេង ប៊ុន​តេង ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​គ្រាន់តែ​ដឹកឈើ​បន្តិចបន្តួច​យកទៅ​សាងសង់​លំនៅដ្ឋាន បែរជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក តិ​ប ញាតា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យ៉ាង​កំរោល​បំផុត​៕

Hong-0305 Hong-0306