នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​បាវិត​ឈ្មោះ ខាត់ សារ៉ាត់ រង​ការរិះគន់​ប្រព្រឹត្ត​អំពើពុករលួយ​

ប្រភពព័ត៌មាន​ពី​ក្រុង​បាវិត​ខេត្តស្វាយរៀង​បាន​បញ្ជាក់ថា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដ៏​មាន​ឥទ្ធិពល​មួយរូប​ឈ្មោះ ខាត់ សារ៉ាត់ កំពុងតែ​ឃុបឃិត​ជាមួយ​បក្ខពួក​គាប​យកលុយ​ពី​ភ្ញៀវ​ដែល​ឆ្លងដែន​ពី​ប្រទេស​យួន​ចូលមក​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការយក​លុយ​ពី​ជនបរទេស​ដែល​ឆ្លងដែន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នេះ​គឺធ្វើឡើង​ដោយ​ខុស​គោលការណ៍​ច្បាប់ ហើយក៏​គ្មាន​ប្រាក់ចំណូល​ចូល​កញ្ចប់​ថវិកាជាតិ​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដ៏​មាន​ឥទ្ធិពល​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​មួយរូប​ឈ្មោះ ខាត់ សារ៉ាត់ ត្រូវបាន​គេ​ចោទប្រកាន់ថា​បានធ្វើ​ការងារ​មិន​ចំ​ជំនាញ​របស់ខ្លួន​នោះទេ គឺ​មន្ត្រី​ខាងលើនេះ​បាន​ប្រើប្រាស់​ឥទ្ធិពល និង​អំណាច​របស់ខ្លួន​កាង​ស្ទើរតែ​គ្រប់​ជំនាញ​ការងារ​ទាំងអស់​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​បាវិត​ឈ្មោះ ខាត់ សារ៉ាត់ បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន​ទៅ​រត់ការ​ឲ្យ​ឈ្មួញ​នាំចេញ និង​នាំចូល​ទំនិញ​ផ្សេងៗ​រវាង​ប្រទេស​កម្ពុជា និង​យួន​ដែល​បញ្ហា​នេះ​ត្រូវគេ​ដឹងថា​បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការងារ និង​ផ្នែក​រដ្ឋបាល​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​។

​មន្ត្រី​គយ​មួយរូប​បាន​បញ្ជាក់ថា បើ​ឈ្មួញ​ណាមួយ​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​បាវិត​ឈ្មោះ ខាត់ សារ៉ាត់ មិន​សប្បាយចិត្ត នោះ​មុខ​ជំនួញ​របស់​ពួកគេ​ដែល​ត្រូវ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​បាវិត​អាច​ជួប​ឧបសគ្គ​មិន​ខាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​ភ្ញៀវ​ជា​ជនបរទេស​ខ្លះ​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឯកសារ​ផ្លូវច្បាប់ និង​បញ្ហា​ផ្សេងៗ​ឲ្យ​បាន​ល្អិតល្អន់​មុនពេល​អនុញ្ញាត​ឲ្យ​ឆ្លងដែន​ចូល​ទឹកដី​ប្រទេស​កម្ពុជា​នោះទេ​ដែល​បញ្ហា​នេះ ត្រូវគេ​ដឹងថា​កើតឡើង​ដោយសារ​នគរបាល​អន្តោ​ប្រវេសន៍​ឈ្មោះ ខាត់ សារ៉ាត់ ជា​អ្នក​ចេញមុខ​រត់ការ​ជំនួស​។​

​ប្រជាពលរដ្ឋ​ក្រុង​បាវិត​បាន​ត្អូញត្អែរ​ថាបើ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​បាវិត​ឈ្មោះ ខាត់ សារ៉ាត់ អាចធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ពិតមែន នោះ​ជនជាតិ​យួន​ប្រាកដជា​អាច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​បាន​ដោយ​សេរី​មិន​ខាន ព្រោះ​ជនជាតិ​យួន​អាច​យកប្រាក់​មក​សូកប៉ាន់​មន្ត្រី​ជំនាញ​កម្ពុជា ខណៈ​មន្ត្រី​ជំនាញ​កម្ពុជា​មួយចំនួន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​។ ប្រភព​ដដែល​បានបញ្ជាក់ បើទោះជា​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ប្រឹងប្រែង​ចាប់​ជនបរទេស​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ ក៏​បញ្ហា​ជន​អន្តោ​ប្រ​ទេ​វេស​ន៍​ខុសច្បាប់​នៅតែ​កើតមាន​ដដែល ព្រោះ​នៅតាម​ព្រំដែន​មាន​ភាព​ធូររលុង និង​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​៕

__________________-31​    ​