ពុទ្ធ ហ៊ុ​ច រង​ការ​ចំអក​ក្រោយ​មន្ត្រី​សហព័ន្ធ​បកស្បែក​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ កីឡាករ​ជើង​ខ្លាំង​២​រូប ត្រូវ​គេ​ឃើញ​ថា រង​ការ​អាម៉ាស់​បន្ទាប់​ពី​ចប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក និង​មួយ​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ Black Cat» ដែល​ធ្វើ​ឡើង​នៅ​ពេល​រាត្រី ។ ទោះបី​យ៉ាងណា​ក្នុង​ចំណោម​កីឡាករ​ទាំង​៣ គេ​កត់​សម្គាល់ថា កីឡាករ ពុទ្ធ ហ៊ុ​ច ឬ​មឿ​ន សុខ​ហ៊ុ​ច បាន​ក្លាយជា​ចំណុច​ក្នុង​ការ​ចំអក​យ៉ាង​ពេញបន្ទុក បន្ទាប់​ពី​ក្រុម​គណៈកម្មការ​សម្រេច​បកស្បែក​ទ​ង្វើ​ពុតត្បុត​របស់​គេ​ជា​សាធារណៈ​នៅ​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​នោះ ។

ក្នុង​ការ​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Arun  កីឡាករ មឿ​ន សុខ​ហ៊ុ​ច ឬ​ពុទ្ធ ហ៊ុ​ច ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា មាន​បំណង​ស៊ី​ឡាក​ទៅ​លើ​គូប្រកួត ។ ក្រុម​គណៈកម្មការ​ចាប់​បាន​ទ​ង្វើ​ពុតត្បុត​របស់​កីឡាករ​រូប​នេះ ហើយ​បាន​ប្រកាស​ឲ្យ​គេ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ព្រម​ជាមួយ​ការ​ព្រមាន​ជា​សាធារណៈ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ពិសេស​គឺ​អ្នកគាំទ្រ​បញ្ចេញ​ការ​រិះគន់​ដោយ​មិន​សំចៃមាត់ ។ រឿងហេតុ​ដែល​បាន​កើតឡើង​នោះ គឺ​ដោយសារ​តែ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កំណត់​ឲ្យ​គេ​ឡើង​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Arun  បន្ទាប់​ពី​ការ​ប៉ះ​គ្នា​លើក​មុនគេ​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ ។ ក្នុង​ជំនួប​ជា​លើក​ទី​២ កីឡាករ ពុទ្ធ ហ៊ុ​ច ប្រឹងប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ធ្វើ​អី​ទៅ​លើ​គូប្រកួត​នោះ​ទេ ពេញ​មួយ​ទឹក​ទី​១ ។ ឈាន​ដល់​ទឹក​ទី​២ ដោយសារ​ការ​ប្រកួត​កាន់តែ​ឡើង​កំ​ដៅ​ខ្លាំង ទើប​បណ្ដាល​ឲ្យ​កីឡាករ ពុទ្ធ ហ៊ុ​ច ប្រើ​កល​ធ្វើ​សន្លប់​ដោយ​គ្រាន់តែ​ត្រូវ​កីឡាករ​ថៃ​ទាត់​ត្រូវ​បន្តិច ក្នុង​ពេល​គេ​រអិល​ជើង​ដួល ។ បើ​ទោះជា​ក្រុម​គណៈកម្មការ​សម្រួល​ឲ្យ​គេ​ក្រោក​ឡើង​បន្ត​ការ​ប្រកួត ក៏​កីឡាករ​រូប​នេះ​នៅ​តែ​ធ្វើ​ប្រកាច់​ពេញ​រេញ និង​ស្រែកថ្ងូរ​ដែល​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ហេតុការណ៍​នោះ ។

ក្រោយ​ការ​ចាក់​រូបភាព​ប្រកួត​សាចុះសាឡើង​នៅ​លើ​អេ​ក្រង់​ធំ និង​អេ​ក្រង់​តូច​គ្រប់​ជ្រុង​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្វី​ដែល ពុទ្ធ ហ៊ុ​ច បាន​ធ្វើ​គឺជា​ទ​ង្វើស៊ី​ឡាក ។ លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ​ថា ផ្អែក​តាម​សភាព​ជាក់ស្ដែង កីឡាករ​ថៃ​អត់​មាន​ចង់​ទាត់​ថែម​ទៅ​លើ ពុទ្ធ ហ៊ុ​ច ទេ វា​ជា​រឿងអ​ចេតនា​សុទ្ធសាធ ដោយសារ​តែ​ក្នុង​ពេល​ប្រកួត គឺ​ពុទ្ធ ហ៊ុ​ច រអិល​ជើង​ដួល​ខ្លួនឯង​ចំ​ពេល​កីឡាករ​ថៃ​យារជើង​បម្រុង​ទាត់ ។ ផ្អែក​តាម​វី​ដេ​អូ​គ្រប់​ជ្រុង​បង្ហាញ​ថា កីឡាករ​ថៃ​ទាត់​ត្រូវ​តែ​ចុងជើង​បន្តិច​ប៉ុណ្ណោះ គឺ​មិន​ដល់​ថ្នាក់​សន្លប់​អ​ញ្ចឹ​ង​ទេ​។ ដូច្នេះ​អ្វី​ដែល​បាន​កើតឡើង​គឺ​បណ្ដាល​មក​ពី​បង្គោល​ក្រហម ពុទ្ធ ហ៊ុ​ច ពុតត្បុត​ទាំងស្រុង ដែល​ផ្ទុយ​ពី​បទបញ្ជា​របស់​សហព័ន្ធ​ដែល​អ្នក​ចាំ​ស៊ី​ឡាក ត្រូវ​តែ​ព្រមាន ។ យ៉ាងណា​ក៏​លោក​ថា កីឡាករ​រូប​នេះ​នឹង​មិន​ត្រូវ​បញ្ឈរជើង​នោះ​ទេ ដោយសារ​តែ​គេ​ទើបតែ​មាន​កំហុស​លើក​ដំបូង ។

នេះ​ជា​ការ​បកស្រាយ​ដ៏​កម្រ​ដែល​ក្រុម​មន្ត្រី​សហព័ន្ធ​បាន​ធ្វើ​មក​លើ​កីឡាករ​ល្បីឈ្មោះ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត​រហូត​ទះដៃ​យ៉ាង​ខ្ទរ​រង្គើ​សង្វៀន ។ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​លេចឡើង​ពាក្យ​ចំអក និង​រិះគន់​ទៅ​លើ​កីឡាករ​កម្ពុជា​រូប​នេះ ដោយ​មិន​សំចៃមាត់​នៅ​ក្រោយ​បញ្ចប់​ភាព​ចម្រូងចម្រាស​ផង​ដែរ ។ ក្នុង​នោះ​សូ​ម្បី​តែ​អ្នក​ឲ្យ​ទឹក និង​ក្រុម​កីឡាករ​ដែល​ហែហម​ពុទ្ធ ហ៊ុ​ច ខ្លួនឯង​ក៏​ឮ​ស្ដីបន្ទោស​ចំពោះ​ទ​ង្វើ​របស់​កីឡាករ​រូប​នេះ​ដូច​គ្នា ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ឃើញ​សាមីខ្លួន​អាម៉ាស់មុខ​រហូត​អត់​និយាយ​ស្ដី​មួយ​ម៉ាត់ ហើយ​ដើរ​ចេញពី​សង្វៀន​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​បកស្បែក​ដោយ​មិន​ទុក​មុខ​ឲ្យ​នា​ពេល​នោះ ។ ក្រុម​អ្នក​រិះគន់​បាន​បង្ហាញ​ការ​ខកចិត្ត​ដែល​កីឡាករ​ល្បីឈ្មោះ​រូប​នេះ​ជាប់​ក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​រឿង​ទ​ង្វើ​ស៊ី​ឡាក​មិន​បាន​សម្រេច​មួយ​នេះ ។ កីឡាករ​ថៃ Phach Arun ត្រូវ​គេ​លើកដៃ​ឲ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដែល​មាន​ន័យ​ថា​ជា​ជ័យជម្នះ​លើក​ទី​២​ក្នុង​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ ហ៊ុ​ច ។ 

នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ពេញ​មួយ​ថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករ​២​រូប​ទៀត ក៏​រង​ការ​អាម៉ាស់មុខ​ណាស់​ដែរ ដោយសារ​តែ​ចាញ់​គូប្រកួត​ជា​ជនជាតិ​ថៃ ។ កីឡាករ ចាន់ ស៊ី​ណាត បាន​ត្រឹមតែ​ស៊ូ​ដល់​ទឹក​ទី​៥​ជាមួយ​កីឡាករ​ថៃ Phun Savath ប៉ុណ្ណោះ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ដែល​មាន​កីឡាករ ពុទ្ធ ហ៊ុ​ច ឡើង​ប្រកួត​ជា​គូ​ឯក ហើយ​បញ្ចប់​ដោយ​ចម្រូងចម្រាស​នោះ ។ មានការ​រិះគន់​ថា បណ្ដាល​មក​ពី​គេ​ហ្វឹកហាត់​មិន​បាន​ដិត​ដល់​ទើប​បណ្ដាល​ឲ្យ​ឡើង​ប្រកួត​អត់​កើត​នា​ថ្ងៃ​នោះ​។ មិន​ខុស​គ្នា​ដែរ នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​Black Cat ឯណោះ​វិញ កីឡាករ ផ​ន ផល្លា ឬ​គង់ វង្ស​រាជ ក៏​ត្រូវ​ស្ពាយ​ដោយ​ភាព​អាម៉ាស់​មិន​តិច​នោះ​ដែរ ជាមួយនឹង​លទ្ធផល​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ ផា រ៉ា​វី ត្រឹម​ទឹក​ទី​៣ ។ ការ​ប្រកួត​របស់​ពួក​គេ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​គឺ​ដូច​គ្នា​បេះបិទ​នឹង​ការ​ព្យាករ​របស់​លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ប្លេ​ក​ខេត​នោះ គេ​ឃើញ​កីឡាករ ផ​ន ផល្លា ប្រឹងប្រែង​ស្ទុះស្ទា​គ្រប់​ស្នៀត ប៉ុន្តែ​មក​ពី​កម្លាំង​របស់​គេ​មិន​ដល់​គូប្រកួត ទើប​ស្ទុះ​ចូល​ពេល​ណា​ក៏​ត្រូវ​កីឡាករ ផា រ៉ា​វី  វាយ​ត្រូវ​ខ្ចប់​ៗ​។ ក្នុង​ទឹក​ទី​២ កីឡាករ​ថៃ​វាយ ផ​ន ផល ឲ្យ​ប៊ិះ​សន្លប់​ម្ដង​ហើយ លុះដល់​ទឹក​ទី​៣​កីឡាករ​ថៃ​ក៏​វាយ​ឲ្យ​ដេក​លើ​រេញ​តែ​ម្ដង ទើប​នាំ​ឲ្យ​មានការ​រិះគន់​ថា ផ​ន ផល្លា ប្រកួត​ធ្លាក់ដៃ ឬ​មិនកើត​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ។ យ៉ាងណា​ក៏​ដោយ ក្រុម​គ្រូបង្វឹក​ថា​នោះ​គឺ​បណ្ដាល​មក​ពី​គេ​ជាប់រវល់​ទៅ​ស្រុក​អបអរ​បុណ្យ​ភ្ជុំ​ហើយ​ទទួល​ការ​ហ្វឹកហាត់​បាន​តិចតួច​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​៥​គូ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​នោះ មាន​តែ​កីឡាករ​២​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បានការ​សរសើរ​ក្រោយ​បញ្ចប់​ការ​ប្រកួត ។ ទី​មួយ​គឺ​កីឡាករ ម៉​ន រ​ដ្ឋា ដែល​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ Kham ដោយ​ពិន្ទុ នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​ពេល​ព្រឹក និង​កីឡាករ អ៊ុ​ង វិ​រៈ ដែល​វាយ​ផ្ដួល​កីឡាករ​ថៃ​យ៉ង យ៉ុ​ន​ឡេ​ក  ក្នុង​ទឹក​ទី​៣ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​យប់​របស់​ក្រុមហ៊ុនស្រា​បៀរ​ប្លេ​ក​ខេត ។ ក្រោយ​បញ្ចប់​ការ​ប្រកួត កីឡាករ អ៊ុ​ង វិ​រៈ បាន​ក្លាយជា​កីឡាករ​ដែល​មាន​កិត្តិយស​ជាងគេ ប៉ុន្តែ​បើ​ក្រឡេក​មើល កីឡាករ ពុទ្ធ ហ៊ុ​ច ឬ​មឿ​ន សុខ​ហ៊ុ​ច វិញ ក៏​ក្លាយជា​កីឡាករ​ដែល​អាប់មុខ​ដោយ​ការ​ចំអក និង​ការ​រិះគន់​មិន​ធ្លាប់​មាន​ផង​ដែរ ដោយសារ​តែ​គេ​មានគំនិត​ស៊ី​ឡាក​ទៅ​លើ​គូប្រកួត ហើយ​ត្រូវ​មន្ត្រី​សហព័ន្ធ​បកស្បែក​ជា​ចំហ​មិន​ទុក​មុខ​ឲ្យ ៕