Apple បង់ប្រាក់​ឲ្យ Wisconsin-Madison ២៣៤​លាន​ដុល្លារ​ពីបទ​រំលោភសិទ្ធិ​ប៉ាតង់​

អាមេរិក​៖​តុលាការ​អាមេរិក​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple បង់​ជា​ទឹកប្រាក់​ប្រមាណ​ជា ២៣៤ លាន​ដុល្លារ​សហ​ដ្ឋ​អាមេរិក​ទៅ​ឲ្យ​សាកលវិទ្យាល័យ Wisconsin-Madison ចំពោះ​ថ្លៃ​ខូចខាត​ដែល​ខ្លួន​បាន​រំលោភបំពាន​លើ​សិទ្ធិ​ប៉ាតង់​(​កម្មសិទ្ធិបញ្ញា​)​ដោយ​គ្មាន​ការអនុញ្ញាត​។​

​ក្នុងការ​កាត់ក្ដី​នោះ​គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ដំបូង​តុលាការ​បាន​រកឃើញថា​ក្រុមហ៊ុន Apple ពិតជា​បាន​រំលោភបំពាន​លើ​ប៉ាតង់ 752 របស់ WARF មែន​។​

​ចូលមក​ដល់​ដំណាក់កាល​ទី​ពីរ​តុលាការ​ក៏បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple ធ្វើការ​បង់ថ្លៃ​ខូចខាត​ជា​ទឹកប្រាក់​ចំនួន ២៣៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​សាកលវិទ្យាល័យ Wisconsin-Madison​។ តែ​ចំនួន​ទឹកប្រាក់​នេះ​គឺ​វា​ទាប​ជាង​ការទាមទារ​របស់​សាកលវិទ្យាល័យ ដែលមាន​ចំនួន​ប្រហែលជា ៤០០ លាន​ដុល្លារ​ឯណោះ​។ បើទោះបីជា​យ៉ាងនេះ​ក្ដី​គឺ​ពុំទាន់​មានការ​បក ស្រាយ​យ៉ាងណា​ចេញពី​ក្រុមហ៊ុន Apple នៅឡើយ​នោះទេ​។​

​កាលពី​ឆ្នាំ​២០១៤ WARF បានដាក់​ពាក្យបណ្ដឹង​ដោយ​អះអាងថា Apple បាន​ប្រើ​បច្ចេកវិទ្យា​មីក្រូ​ឈី​ប​របស់ខ្លួន​មាន​លេខ  5,781,752 ឬ ប៉ាតង់ 752 ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​បច្ចេកវិទ្យា​មីក្រូ​ឈី​ប​នោះ​គឺ​ត្រូវបាន​ប្រើ​នៅក្នុង​ឈី​ប A7, A8 និង A8X របស់​ក្រុមហ៊ុន Apple ដោយ​ក្នុងនោះ​ក៏មាន iPhone 6 Plus , iPhone 6 , iPhone 5s និង iPad ជាច្រើន​ជំនាន់​ទៀត​។​

​គួរ​បញ្ជាក់ថា WARF គឺជា​ក្រុម​មូលនិធិ​មិន​រក​ផល​កម្រៃ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង ឆ្នាំ ១៩២៥ ហើយក៏​ជា​ដៃគូ​ស្រាវជ្រាវ​បច្ចេកវិទ្យា​សម្រាប់​សាកលវិទ្យាល័យ Wisconsin-Madison និង​វិទ្យាស្ថាន​ស្រាវជ្រាវ Morgridge ផងដែរ ៕

Apple បង់ប្រាក់​ឲ្យ Wisconsin-Madison ២៣៤​លាន​ដុល្លារ​ពីបទ​រំលោភសិទ្ធិ​ប៉ាតង់​