ផល​ប៉ះ​ពាល់​ធំៗ​៥យ៉ាង​ ​​​នៃ​ការ​ចាក់​សាក់ ដែល​អ្នក​គួរ​ដឹង


ផល​ប៉ះ​ពាល់​ធំៗ​៥យ៉ាង​ ​​​នៃ​ការ​ចាក់​សាក់ ដែល​អ្នក​គួរ​ដឹង

ការ​ចាក់សាក់​លើ​ដង​ខ្លួន ​​កំពុង​​​​ពេញ​​និយម​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​លោក ដោយ​សារ​តែ​វា​អាច​បង្កើន​ភាព​ទាក់ទាញ ​ហើយ​វា​ក៏​ជា​សិល្បៈ​​នៃ​ការ​ឆ្នៃ​ប្រឌិត​មួយ​លើ​រាងកាយ។ ​វា​មាន​តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ ដែល​​គេ​សាក់​​​យ័ន្ត​គាថា​ក្នុង​ជំនឿ​មន្ត​អាគម។ ការ​សាក់​មិន​មែន​ជា​រឿង​ខុសឆ្គង​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព​ផង​ដែរ បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន។​ អ្នក​ស្រី​​វេជ្ជបណ្ឌិត Marie Leger អ្នក​ជំនាញ​​ខាង​រោគ​ស្បែក​ពី​​​​មណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​​​ New York បាន​បង្ហាញ​​​​ផល​ប៉ះ​ពាល់​​ធំៗ​៥យ៉ាង​ ​នៃ​ការ​សាក់​លើ ​ចំពោះ​សុខភាព​ស្បែក​ដូច​ខាង​ក្រោម៖

 

ផល​ប៉ះ​ពាល់​ធំៗ​៥យ៉ាង​ ​​​នៃ​ការ​ចាក់​សាក់ ដែល​អ្នក​គួរ​ដឹង

 
១. ងាយ​ឆ្លង​រោគ​​​​​​​​​​​​

 
ការ​សាក់​អាច​បង្ក​មេរោគ ​និង​ងាយ​ឆ្លង​ចូល​ទៅ​ក្នុង​ស្បែក​​ប្រសិន​បើ​ការ​សាក់​​នោះ​ធ្វើ​​ឡើង​ដោយ​គ្មាន​អនាម័យ​​ជា​ពិសេស​​ទឹក​ថ្នាំ​សម្រាប់​​សាក់​​។ ការ​ស្រាវ​ជ្រាវ​ក្នុង​ឆ្នាំ​២០១២​ បាន​បង្ហាញ​ថា​នៅ​ក្នុង​ទឹក​ថ្នាំ​សាក់​ពណ៌​ប្រាក់​ម្យ៉ាង​អាច​ជ្រាប​ក្នុង​​ស្បែក​ និង​​​ប្រតិកម្ម​​​​​ងាយ​​ឆ្លង​​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ Mycobacteria ដែល​ឲ្យ​ងាយ​​ឆ្លង​រោគ​ផ្សេងៗ។
 

២. ប្រតិកម្ម​ស្បែក

 
សាក់​បង្ក​​រោគ​​សើ​ស្បែក​ និង​រមាស់​​ស្បែក​ជា​ពិសេស​ស្នាម​សាក់​ជាន់​គ្នា​ច្រើន ដែល​អាច​បង្ក​ជា​ប្រតិកម្ម​​រមាស់​ស្បែក​ក្នុង​រយៈ​ពេល​យូរ​ណា​មួយ​បាន។ អ្នក​ស្រី ​​​Leger​ បាន​លើក​ឡើង​​ពី​អ្នក​ជំងឺ​ម្នាក់​ដែល​រង​ផល​ប៉ះ​ពាល់​​នេះ​ក្រោយ​ពេល​​​បាន​សាក់​​បន្ថែម​លើ​ស្នាម​សាក់​ចាស់។​​​​​​

 
៣. មហារីក​ស្បែក​ដោយ​ស្នាម​ជាំ​ខ្មៅ

 
ស្នាម​សាក់​​ជាប់​មួយ​ចំនួន​បង្ក​ជា​មហារីក​ស្បែក​ធ្ងន់ធ្ងរ ព្រោះ​វា​ធ្វើ​ឲ្យ​គ្រាប់​កោសិកា​ស្បែក​​​ម៉្យាង​ ឈ្មោះ​ Squamous និង​ កោសិកា​ Basal រីក​ច្រើន​ខុស​ពី​ធម្មតា​ ដែល​បង្ក​ជា​មហារីក​ស្បែក។ ​​​​ក្នុង​ឆ្នាំ​២០១៣ ​អ្នក​រង​គ្រោះ​ម្នាក់​កើត​ជំងឺ​នេះ​​​ដោយ​សារ​ស្នាម​​សាក់​ជាំ​ខ្មៅ​​ហើយ​​​​​​ត្រូវ​ការ​ប្រើ​ពន្លឺ​​ឡាហ្ស៊ែរ​​ទើប​បាញ់​កម្ចាត់​បាន។

 
៤. រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ

 
​ការ​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ខ្លាំង ​គឺ​ដើម្បី​ចៀស​វាង​ពី​បញ្ហា​រលាក​ស្បែក​ធ្ងន់ធ្ងរ ប៉ុន្តែ​ចំពោះ​​អ្នក​មាន​ស្នាម​សាក់​គឺ​ធ្វើ​ឲ្យ​ស្បែក​​​​ងាយ​រង​​កម្ដៅ​ថ្ងៃ​ធ្ងន់ធ្ងរ​​ធ្វើ​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក​កើត​ឡើង​បាន។ ក្នុង​​ឆ្នាំ​២០១៤​ ការ​​ស្រាវជ្រាវ​​មួយ​​​​លើ​​អ្នក​ទៅ​លេង​នៅ​ឆ្នេរ​ខ្សាច់​​ក្នុង​ប្រទេស​ដាណឺម៉ាក បាន​រក​ឃើញ​ថា​​៤២​ភាគ​រយ​នៃ​អ្នក​ទៅ​លេង​មាន​ស្នាម​សាក់​លើ​ខ្លួន ​​រង​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ ដោយ​មាន​ស្បែក​ក្រហម​ជាំ​​ខ្លាំង។

 
៥. រលាក​ស្បែក​​ពេល​ត្រួត​ពិនិត្យ ​​MRI

 
អ្នក​​មាន​ស្នាម​សាក់​​ជាំ​ខ្មៅ​ច្រើន​គឺ​ពិបាក​នៅ​ពេល​ត្រួត​ពិនិត្យ​សុខភាព​ដោយ​​ប្រើ​នីតិវិធី​ MRI (Magnetic Resonance Imaging ​​​​​​​​​​) ដោយ​ប្រើ​រលក​ម៉ាញេទិច​ដើម្បី​ពិនិត្យ។ ករណី​ឆ្នាំ​២០១១ កីឡាករ​បាល់​ទាត់​ម្នាក់​មាន​ស្នាម​សាក់​លើ​ខ្លួន​ត្រូវ​រង​រលាក​ស្បែក​ដោយ​សារ​ការ​ពិនិត្យ MRI៕

 

ខាង​លើ​នេះ​ជា​ចំណុច​ប៉ះពាល់​​ធំ​ៗ​​ដែល​បង្ហាញ​ដោយ​អ្នក​ស្រី​​វេជ្ជបណ្ឌិត Marie Leger​ ប៉ុណ្ណោះ​។ អាច​នៅ​មាន​ផល​ប៉ះ​ពាល់​​ផ្សេង​​ទៀត​នៃ​ស្នាម​សាក់​ចំពោះ​សុខភាព​​ស្បែក ​បើ​តាម​ការ​ស្រាវជ្រាវ​​ជា​ច្រើន​ទៀត។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​ប្រុងប្រយ័ត្ន​ នោះ​បញ្ហា​ក៏​កាន់​តែ​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ៕

 

ចុចអាន៖ ប្រុស​ៗ​ចង​សក់​ទៅ​ក្រោយ​ញឹក​ញាប់​ពេក ប្រយ័ត្ន​ទំពែក

ចុចអាន៖ ក្រសួង​អប់រំ​​ថៃ​​​ប្រកាស​ថា​សិស្ស​មាន​ស្នាម​សាក់​​ក៏​អាច​ចូលរៀន​វិជ្ជាជីវៈបាន​ដែរ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ huffingtonpost​​​​​​