ឪពុក Neymar ទម្លាយ​ប្រាប់​ថា Man U ធ្លាប់​ព្យាយាម​ទិញ Neymar

ឪពុក​របស់​កីឡាករ Neymar បាន​ឲ្យ​ដឹងថា ក្លិប​បិសាច​ក្រហម Manchester United ពិតជា​បាន​ព្យាយាម​ចុះ​ហត្ថលេខា​ជាមួយនឹង​កូន​គាត់ កាលពី ឆ្នាំនេះ​មែន។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស The Guardian បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

Neymar

លោក Neymar Santos Sr បាន​ប្រាប់ថា United បាន​ដាក់​ដេញ​ថ្លៃ​កូន​ប្រុស​គាត់ កាលពី​រដូវក្តៅ​នេះ ប៉ុន្តែ​ត្រូវបាន​អ្នកមាន​បុណ្យ Barcelona ទាត់ចោល​សំណើរ​នោះ។

លោក​ត្រូវបាន​ដកស្រង់​សម្តី ថ្លែងប្រាប់​សារព័ត៌មាន Boa Tarde Fox ថា «ការដាក់សំណើរ​នោះ​ដល់ដៃ​ក្លិប Barcelona ហើយ​ក្លិប​បានមក​ទាក់ទង​ពួក​យើង​ដោយ​និយាយ​ថា ពួកគេ​នឹង​មិន​លក់​ចេញ​កីឡាករ​កូន​ខ្ញុំ​ឡើយ។ ពួកគេ​ក៏បាន​សួរនាំ​អំពី​ការ​ចាប់​អារម្មណ៍​របស់​យើង​ដែរ ប៉ុន្តែ​នោះ​មិន​មែនជា​អ្វីដែល​យើង​ចង់​បាន​ទេ។ Barcelona នឹងមិន​លក់​ទេ ដោយសារ Neymar នៅសល់​កុងត្រា​លេង​នៅក្នុង​ក្លិប​នេះ​ចំនួន ៣ឆ្នាំ​ទៀត»។ «វា​ជា​ការ​ដាក់​សំណើរ​ទិញ​របស់ Manchester ប៉ុន្តែ​សំណើរ​នោះ​មិន​ត្រូវបាន​យកមក​ចរចា​គ្នា​លើ​តុ​ឡើយ ហើយក៏​ទៅ​បាត់ទៅ»។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ បានមក​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេស្បាញ​នេះ កាលពី​ឆ្នាំ២០១៣ ក្នុងតម្លៃ​ខ្លួន ៤៨.៦ លាន​ផោន​ពី​ក្លិប Santos៕