Arsenal ត្រូវប៉ះ Bayern ក្នុងការប្រកួតដ៏សំខាន់នៅអង្គារនេះ

ការ​រង​បរា​ជ័យ​​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Dinamo Zagreb និង Olympiakos ក្នុង​ការ​ប្រកួត​ពីរ​លើក​ដំបូង​ក្នុង​ពូល F របស់​ពួក​គេ បាន​ធ្វើ​ឲ្យ Arsenal ត្រូវ​​ការ​ជ័យ​ជម្នះ​ជា​ចាំ​បាច់​មួយ ប៉ុន្តែ បច្ចុប្បន្ន ពួក​គេ​នឹង​​ត្រូវ​ជួប​ការ​ប្រកួត​​ដ៏​ស្វិត​ស្វាញ​មួយ​ដោយ​ត្រូវ​ប៉ះ​ជា​មួយ Bayern ដែល​ជា​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប បើ​និយាយ​​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​របស់​ពួក​គេ​។

ប៉ុន្តែ យ៉ាង​ហោច​ណាស់ ក្រុម Arsenal បាន​​កម្តៅ​សាច់​ដុំ​តាម​រយៈ​ការ​​ទទួល​បាន​ជ័យ​ជម្នះ ៣-០ នៅ​លើ​ទឹក​ដី​ក្រុម Watford កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League​។ ខ្សែ​​បម្រើ​ប្រយុទ្ធ Theo Walcott បាន​ឲ្យ​ដឹង​ថា៖ «យើង​គ្រាន់​តែ​ត្រូវ​ការ​ស្រោច​ស្រង់​ពី​ការ​ប្រកួត​​ពីរ​លើក​ដំបូង​។ យើង​ដឹង​ថា យើង​អាច​ណ្តើម​បាន​លទ្ធ​ផល​នៅ​ពេល​ប្រកួត​ជា​មួយ Bayern Munich ហើយ​យើង​ពិត​​ជា​​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​»​។
1
Bayern បាន​ឈ្នះ​ការ​ប្រកួត​ទាំង​ពីរ​លើក​ក្នុង​ពូល F របស់​ពួក​គេ តាម​រយៈ​ការ​ស៊ុត​បាល់ប​ញ្ចូល​ទី​៨​គ្រាប់ ដោយ​មិន​របូត​វិញ​សូម្បី​តែ​មួយ​គ្រាប់​។ ក្រុម​របស់​​លោក Pep Guardiola ក៏​បាន​ក្លាយ​ជា​ក្លិប​ទី​១​ក្នុង​ការ​ប្រវត្តិ​សាស្ត្រ​របស់​​ក្រប​ខ័ណ្ឌ Bundesliga ក្នុង​ការ​កត់​​ត្រា​ជ័យ​ជម្នះ​​៩​លើក​ជាប់​ៗ​គ្នា​ក្នុង​រដូវ​កាល​មួយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Werder Bremen ១-០ កាល​ពី​ថ្ងៃ​សៅរ៍​។ ពួក​គេ​​បាន​ទទួល​ជ័យ​ជម្នះ​នោះ​ដោយ​មិន​មាន​វត្ត​មាន Douglas Costa ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យស​ម្រាក​​ក្នុង​ការ​ប្រកួត​នៅ Weserstadion​។ ខ្សែ​បម្រើ Arjen Robben និង Franck Ribery ក៏​អវត្ត​មាន​ផង​ដែរ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Robert Lewandowski មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ ដោយ​ Thomas Mueller ជា​អ្នក​រក​គ្រាប់​បាល់​ឈ្នះ​។ Mueller ក៏​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផង​ដែរ ខណៈ​ដែល Bayern បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​នៅ​កីឡ​ដ្ឋាន Emirates ២​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​លើក​ទី​១​ឈ្នះ​ ៣-១ កាល​ពី​ឆ្នាំ​២០១៣ និង​​ឈ្នះ ២-០ កាល​ពី​​ឆ្នាំ​២០១៤​​។ ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

 

ប្រភព​ព័ត៌​មាន៖ Bangkok Post