ប្រដាល់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ ចាប់ផ្តើមនៅថ្ងៃនេះ

ការប្រកួត​កីឡាប្រដាល់​ក្បាច់​បុរាណ​ខ្មែរ និង​សាកល​ជ្រើស​រើស​ជើងឯក​ជាតិ ប្រចាំ​​ឆ្នាំ​២០១៥​ បាន​ដំណើរ​ការ​ប្រកួត​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទៅ ដោយ​​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី២៨ ខែតុលា​នេះ ហើយ​មាន​អត្ត​ពលិក​ចូល​រួម​ចំនួន​៥៤៥នាក់ ក្នុង​នោះ​ក៏​មាន​កីឡាការិនី​ចំនួន​៨​នាក់​ផង​ដែរ។

​អត្ត​ពលិក​ទាំង​៥៤៥​នាក់​នេះ គឺ​មាន​មក​ពី​១៨ខេត្ត-រាជធានី ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​នៅ​ក្នុង​នោះ ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ​ឬ​ហៅ​ថា​ប្រដាល់​សេរី​នោះ​ មាន​កីឡាករ​ចូល​រួមចំនួន​៣១៦​នាក់ ​ឯ​ប្រដាល់​សាកល​មាន​​កីឡាករ​សរុប​២២១​នាក់ ហើយ​នៅ​លើ​ជំនាញ​ទាំង​២​នេះ គឺ​មាន​ការ​​ប្រកួត​ទាំង​​លើ​ក្រប​ខ័ណ្ឌ​ក១ និងក២ ទៅ​តាម​ប្រភេទ​វិញ្ញាសា​ផ្សេងៗ​ដូច​គ្នា។ រីឯ​កីឡាការិនី​ទាំង​៨​នាក់​នោះ ត្រូវ​​ប្រកួត​​លើ​ជំនាញ​ប្រដាល់​សាកល លើ​​ប្រភេទ​ទម្ងន់​តែ​មួយ​ប៉ុណ្ណោះ។
1
គួរ​រំឭក​ថា ការ​ប្រកួត​​កីឡាប្រដាល់​ក្បាច់​បុរាណ​ខ្មែរ និង​សាកល​ជ្រើស​រើស​ជើងឯក​ជាតិ នា​បណ្តា​ឆ្នាំ​កន្លង​មក តែង​តែ​ទទួល​រង​ការ​រិះ​គន់​ថា ​បាន​ចំណាយ​​ថវិកា​ជាតិ​អត់​ប្រយោជន៍ និង​អស់​ច្រើន​ជាង​ការ​ប្រកួត​​លើ​ប្រភេទ​កីឡាផ្សេងៗ ព្រោះ​ការ​ប្រកួត​បែប​លេង​សើច ដោយ​អ្នក​ខ្លះ​ឡើង​ទៅ​មិន​ទាន់​ទាំង​បាន​គេ​ទាត់​ត្រូវ​មួយ​ជើង​ផង ក៏​ធ្វើ​ជា​ចាញ់​យ៉ាង​សោះ​អង្គើយ។
2
យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​​ថ្នាក់​ដឹក​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​សហការ​ជាមួយ​នាយក​ដ្ឋានអប់រំ​ និង​កីឡា ​ ​បើក​កិច្ច​ប្រជុំ​គណៈកម្ម​ការ​បច្ចេក​ទេស​ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ការ​ណែ​នាំ​​ដល់​មន្រ្តី​​បច្ចេក​ទេស​ទាំង​អស់ សំដៅ​ជំរុញ​ឱ្យ​ការ​រៀបចំ​លើក​នេះ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ខណៈ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​បាន​កំណត់​អ្នក​ចូល​រួម​ប្រកួត មាន​អាយុ​មិន​ក្រោម​១៦​ឆ្នាំ និង​មិន​លើស​៣០​ឆ្នាំ។

ជុំ​វិញ​នឹង​ការ​ប្រកួត​នេះ លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ និង​កីឡា បាន​សរសេរ​បង្ហោះ​នៅ​លើ​គណនី​ផ្ទាល់​របស់​លោក​ថា​៖​«​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​​រៀបចំ​ព្រឹត្តិការណ៍​នេះ​ សំដៅ​ស្វែង​រក​អ្នក​ឆ្នើម​ជា​អត្ត​ពលិក​​តំណាង​ជាតិ»។
3
ចំណែក​​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ​បាន​ប្រាប់​ទៅ​គ្រូបង្វឹក​ និង​​មន្ត្រី​ដឹកនាំ​ ត្រូវ​ណែនាំ​កីឡាករ​​របស់ខ្លួន​​ឲ្យ​គោរព​វិន័យ​​​ទាំង​ក្នុង​ពេល​​​​ប្រកួត និង​ពេល​​​ស្នាក់​នៅ ដើម្បី​ធ្វើ​ឲ្យការ​ប្រកួត​ដំណើរ​ការ​ទៅ​​បាន​ល្អ ហើយ​ការ​​ហូប​ចុក និង​ស្នាក់​នៅ​ប្រកប​ដោយ​អនាម័យ​ត្រឹម​ត្រូវ ខណៈ​​ក្នុង​អម្លុង​ពេល​ប្រកួត​នេះ​លោក​បាន​ដាក់​ពេទ្យ​ឲ្យ​ប្រចាំ​ការ​២៤​ម៉ោង​ក្នុង​ទីស្នាក់​ការ​សហ​ព័ន្ធ​តែ​ម្ដង៕