អូតង់​ចាប់​ធ្វើ​សមយុទ្ធ​យោធា​ធំ​មួយ​នៅ​មេ​ឌី​ទែ​រ៉ា​ណេ

បណ្តា​ប្រទេស​ជា​សមាជិក​អូតង់​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ តុលា នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ នៅ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​កណ្តាល ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​ប៉ុនប៉ង​ពង្រឹង​វត្តមាន​របស់​ខ្លួន​ឡើង​វិញ​នៅ​តំបន់​មជ្ឈិម​បូ​ពា ។

ទោះបីជា​សមយុទ្ធ​ទាំងនេះ​គ្រោង​ធ្វើ​មុន​អន្តរាគមន៍​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​ក្នុង​ជម្លោះ​ស៊ី​រី​ក្តី ក៏​អ​ស្ថេ​រ​ភាព​កាន់តែ​ខ្លាំង​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងជើង និង​តំបន់​មជ្ឈិម​បូព៌​៌ា​បង្ខំ​ឱ្យ​អូតង់​បញ្ចេញ​ប្រតិកម្ម​ប្រឈម​មុខការ​គំរាមកំហែង​នានា​ក្នុង​ពេល​បច្ចុប្បន្ន​ចំពោះ​ព្រំដែន​ខ្លួន ។

ទាហាន​ប្រមាណ​ជា​៣៦.០០០​នាក់ យន្តហោះ​១៤០​គ្រឿង និង​នាវាចម្បាំង​៦០​គ្រឿង ត្រូវ​ចូលរួម​ក្នុង​សមយុទ្ធ​រយៈពេល​៥​ស​ប្តា​ហ៍ នេះ​ដើម្បី​បង្ហាញ​ថា ក្រុម​សម្ព័ន្ធមិត្ត​មាន​លទ្ធភាព​ធ្វើ​អន្តរាគមន៍​ក្នុង​អ្វី​ដែល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស លោក MICHAEL FALLON រៀបរាប់​ពី​ពិភពលោក​កាន់តែ​ខ្មៅ​ងងឹត និង​កាន់តែ​គ្រោះថ្នាក់​មួយ ។

អ្នក​ទទួលខុសត្រូវ​អូតង់​ជា​ច្រើន​រូប​មាន​វត្តមាន​នា​ថ្ងៃ​ទី​១៩ តុលា នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​មួយ​នា​ភាគ​ខាងត្បូង​អុ​ី​តា​លី សំដៅ​សមយុទ្ធ​ខាងជើង​អាកាស​មួយ​ចំនួន សម្រាប់​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី ដែល​បង្ហាញ​ឱ្យ​ឃើញ​ពុំ​ត្រឹមតែ​នៅ​ព្រំដែន​ភាគ​ខាងកើត​របស់​អូតង់​ឡើយ ។

ប្រទេស​រុ​ស្ស៊ី​ដែល​ធ្លាប់​ធ្វើ​សមយុទ្ធ​យោធា​ធំ​ៗ​នា​ឆ្នាំ​នេះ​ចូលរួម​ដោយ​ទាហាន​ជាង​៤៥.០០០​នាក់ ហើយ​ធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ មុន​លូកដៃ​វាយប្រហារ​នៅ​ស៊ី​រី ត្រូវ​បាន​អញ្ជើញ​ជា​អ្នក​សង្កេតការណ៍​ក្នុង​សមយុទ្ធ​ទាំងនេះ​របស់​អូតង់ ៕