ក្រសួងការពារជាតិ​៖ កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​សម្របសម្រួល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បើទោះបី​កម្ពុជា​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​នោះ​ក្តី ក៏​កម្ពុជា​ជា​អ្នកជិតខាង​មួយ​ដែលមាន​ការចូលរួមចំណែក​កសាង​សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ កម្ពុជា មាន​គោលជំហរ​ត្រៀមខ្លួន​ជានិច្ច ជាពិសេស ដើម្បី​សម្របសម្រួល និង​ចូលរួម​នូវ​រាល់​កិច្ចប្រឹងប្រែង​សម្រាប់​វិបុលភាព និង​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។​

​ការ​ថ្លែង​បញ្ជាក់​បែបនេះ បាន​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ ដែលមាន​របៀបវារៈ​ស្តីពី "​ការសន្ទនា​គោលនយោបាយ​ការពារជាតិ ថ្នាក់​អនុរដ្ឋមន្ត្រី​កម្ពុជា វៀតណាម លើក​ទី​១" កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​ការពារជាតិ​។​

​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន ជី​វិញ អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បន្តថា កម្ពុជា​តែងតែ​ផ្សារភ្ជាប់​ទៅនឹង​សារៈសំខាន់​នៃ​កិច្ចសន្ទនា និង​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​ដែនសមុទ្រ តាម​គំរោងការ ដូចជា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក និង​វេទិកា​ដែនសមុទ្រ​អាស៊ាន ព្រមទាំង​វេទិកា​ដែនសមុទ្រ​អាស៊ាន​ទូលាយ​...​។​

​លោក​បាន​បន្តថា ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​បណ្តា​ប្រទេស​ទាំងអស់ និង​ប្រកាន់​ភ្ជាប់​នៅ​គោលជំហរ​ជា​មូលដ្ឋាន​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត ដើម្បី​រក្សាបាន​បរិយាកាស​សន្តិសុខ​ដែនសមុទ្រ ដើម្បី​ផ្តល់នូវ​អត្ថប្រយោជន៍​រួម​ក្នុង​តំបន់ ដែលមាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ដើម្បី​រួមចំណែក​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​លំហរ​សមុទ្រ​នៅក្នុង​តំបន់ កម្ពុជា​បាន​ខិតខំ​ជំរុញ​ពី​ការប្រតិបត្តិ​របស់​ភាគី​សមុទ្រ​ចិន​ខាងត្បូង DOC ព្រមទាំង​ការលើកទឹកចិត្ត និង​ជម្រុញ​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង COC​ដែលជា​ការរួមចំណែក​ដ៏​សំខាន់​មួយ ក្នុងករណី​នៃ​ការលើក​កំពស់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ក្នុង​តំបន់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​បញ្ជាក់ថា នៅក្នុង​បរិបទ​នេះ​ដ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​គោលនយោបាយ​ការបរទេស​របស់ខ្លួន ដែលមាន​គោលដៅ​បន្ត​ពង្រឹង​និង​ពង្រីក​ចំណង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គ្រប់​ប្រទេស​ជា​មិត្ត ជាពិសេស​ជាមួយ​មិត្ត​វៀតណាម និង​កម្ពុជា នៅតែ​ប្រកាន់​ភ្ជាប់​នៅ​គោលជំហរ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មិត្ត​ជិតខាង​ល្អ​។ បើទោះបី​មាន​ភាពស្មុគស្មាញ​ខ្លះៗ ដែល​បណ្តាលមកពី​ឥទ្ធិពល​ពី​ខាងក្រៅ ក៏ដូចជា​ការបង្ក​នូវ​ភាព​ញុះញង់​បំបែកបំបាក់​ពី​សំណាក់​ពួក​ប្រឆាំង និង​អមិត្ត​មួយចំនួន កម្ពុជា​ក៏​រក្សាបាន​នូវ​ស្ថិរភាព​ល្អប្រសើរ​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់ ព្រមទាំង​បន្ត​ជំរុញ​សមាហរណកម្ម​កម្ពុជា​នៅក្នុង​តំបន់ និង​សកលលោក ដើម្បី​លើក​កំពស់​កិត្យានុភាព​កម្ពុជា និង​ពង្រីក​កម្លា​នុ​វត្ត អនុវត្ត​ភាព​សម្រាប់​ការអភិវឌ្ឍន៍ និង​ការលើកស្ទួយ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕​

ក្រសួងការពារជាតិ​៖ កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​សម្របសម្រួល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

ក្រសួងការពារជាតិ​៖ កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​សម្របសម្រួល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

ក្រសួងការពារជាតិ​៖ កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​សម្របសម្រួល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​