ឃាត់​ខ្លួន​ថៅ​កែ​រក​ស៊ី​ទិញ​-លក់​រថយន្ត​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ឆបោក​​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​រកស៊ី​ទិញ-លក់​រថយន្ត ត្រូវ​បាន​សមត្ត​កិច្ច​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូងកាលពី​ល្ងាច​ថ្ងៃ​ទី​១៨ តុលា ពាក់​ព័ន្ធ​ថា បាន​ស៊ីដាច់​លុយ​កក់​គេ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក (​ពី​បទ​ឆបោក​) ។

បុរស​រូប​នោះ​មានឈ្មោះ​ឈាង សុផល ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់​រថយន្ត មានស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​ជួល​លេខ​២០៧ ផ្លូវ​៥៩៨​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ប្រភពព័ត៍​មាននៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កំលាំង​សមត្ត​កិច្ច​កង​រាជ​អាវុធ​ហត្ត​ឃាត់​ខ្លួន​ឈ្មោះ​ឈាង សុផល​ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ថៃ ឈុ​ន​គ្រី ជា​អ្នក​រកស៊ី​ដែលជា​មនុស្ស​ស្និទ្ធនឹង​ឈ្មោះ​ឈាង សុផល ។

ប្រភព​បន្ត​ថា កាល​អំឡុង​ខែមេសា ២០១៤ ឈ្មោះ ឈង សុផល បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​Asia Business Solution(Cambodia)Co,ltd ថា​ជា​ក្រុមហ៊ុនរបស់​ខ្លួន​ដោយ​បាន​ទៅ​និយាយ​ប្រាប់​ដើមបណ្តឹង​ថា ខ្លួន​ជា​អ្នក​នាំ​រថយន្ត​ស៊េរី​ទំនើប​ៗ​មក​ពី​អាមេ​រិ​ក បើ​ចង់បាន​ឲ្យ​កក់​លុយ​ពាក់កណ្តាល​មុន​រយៈពេល​៤​ខែ​បាន​រថយន្ត​យក​មក​ប្រើប្រាស់ ។

គ្រាន់តែ​មានការ​ណែនាំ​យ៉ាង​ដូច្នេះ​ដើមបណ្តឹង និង​ប្រពន្ធ​សម្រេច​ទិញ​រថយន្ត​ពី​ឈ្មោះ​ឈាង សុផល ១​គ្រឿង​ម៉ាក​ Land Rover ស៊េរី​២០១៤ ដោយ​បាន​ធ្វើ​កិច្ចសន្យា​ទិញ​-លក់ ​នៅថ្ងៃ​ទី​២៤ មេ​សា ២០១៥ ក្នុង​តម្លៃ​១២៨.០០០​ដុល្លារ​(​ដប់​ពីរ​ម៊ឺ​ន​ប្រាំបី​ពាន់ដុល្លារ​) ពេល​នោះ​ឈ្មោះ​ឈាង សុផល តម្រូវ​ឲ្យ​អ្នកទិញ​កក់​ប្រាក់​៥០​ភាគរយ​មុន​ស្មើនឹង​៦៤.០០០​ដុល្លារ​(​ប្រាំមួយ​ម៊ឺ​ន​បួន​ពាន់ )​ហើយ​ប្រាប់​ម្ចាស់​ប្រាក់​ថា រថយន្ត​នោះ​កំពុង​នៅ​លើ​កប៉ាល់ ហើយ​នៅ​ខែមិថុនា នឹង​មក​ដល់​កំពង់​ផែ​ព្រះ​សីហ​នុ​ប្រទេស​កម្ពុជា ដូច្នោះ​តម្រូវ​ឲ្យ​អ្នកទិញ​បង់​ថែម​៣០​ភាគរយ​ទៀត​ដើមបណ្តឹងក៏​ធ្វើ​តាម​ ព្រោះ​ចង់បាន​រថយន្ត​ប្រើ ។

ក្រោយ​ពី​បាន​ធ្វើ​កិច្ចសន្យា​ឈ្មោះ​ឈាង សុផល បាន​ប្រគល់​លិខិត​មួយ​ថា ​ជា​ឯកសារ​រថយន្ត​ ទីបំផុត​នោះ​ជា​ឯកសារ​ក្លែងក្លាយ ទើប​ដើមបណ្តឹង​ដំបូង តាម​ទារយក​ប្រាក់​កក់​វិញ តែ​ឈ្មោះ​ឈាង សុផល គេចខ្លួន​រហូត បានជា​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន និង​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញរហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ​តុលា តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​(​ឆបោក​) និង​ចាត់​ប​ញ្ជួ​ន​ទៅ​ចៅក្រម ដើម្បី​សម្រេចឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ន៕