ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរ​ក្រសួង- ​ស្ថាប័ន មាន​២៥​ក្រុម​ចូល​រួម​ក្នុង​ឆ្នាំ​នេះ


ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរ​ក្រសួង- ​ស្ថាប័ន មាន​២៥​ក្រុម​ចូល​រួម​ក្នុង​ឆ្នាំ​នេះ

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរ​ក្រសួង- ​ស្ថាប័ន ​ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លើក​ទី​៣​ឆ្នាំ​២០១៥​នេះ នឹង​មាន​ក្រុម​ចូល​រួម​២៥​ក្រុម ​មក​ពី​តាម​ក្រសួង ស្ថាប័ន រដ្ឋ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាប់​ផ្ដើម​ប្រកួត​នៅ​​ថ្ងៃ​ទី​២៣​ខែ​តុលា​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល​កីឡា Premium Sport Club។

 

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរ​ក្រសួង- ​ស្ថាប័ន មាន​២៥​ក្រុម​ចូល​រួម​ក្នុង​ឆ្នាំ​នេះ

 ពិធី​ធ្វើ​សន្និសីទ​កាសែត និង​ចាប់​ពូល

 

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បង្កើត​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់ មិត្តភាព​យុវជន​អន្តរក្រសួង-ស្ថាប័ន ​នេះ ក្នុង​គោលបំណង​លើក​កម្ពស់ ស្មារតី​សាមគ្គីភាព មិត្តភាព ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំង​អស់។ ដោយ​លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​គឺ៖ កីឡាករ​ទាំង​អស់​ត្រូវ​តែ​ជា​មន្ត្រី​ពេញ​សិទ្ធ , អាយុ​ចាប់​ពី​២៣​ឆ្នាំ​ឡើង​ទៅ , ត្រូវ​មាន​សញ្ជាតិ​ខ្មែរ , មិនមែន​ជា​កីឡាករ​ដែល​លេង​នៅ​លីក​ក្របខ័ណ្ឌ ក១ ឬ ក២ ​ក្នុង​ពាន​រង្វាន់ Metfone Cambodia League , ​កីឡាករ​ជម្រើស​ជាតិ​មិន​អនុញ្ញាត​ឱ្យ​ចូល​លេង​ទេ , មន្ត្រី​ជាប់​កិច្ច​សន្យា បុគ្គលិក​បណ្ដែត ក៏​មិន​អនុញ្ញាត​ឱ្យ​ចូល​លេង​ដែរ ​និង ​កីឡាករ​ម្នាក់​លេង​បាន​តែ​មួយ​ក្រុម​ប៉ុណ្ណោះ ។

 

ដោយ​ឡែក​ក្រុម​ទាំង​អស់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​សុខភាព​កីឡាករ​ខ្លួន​ឯង ​សម្ភារៈ (ឯកសណ្ឋាន ទឹក … ) ហើយ​ក្រុម​នីមួយ​ៗ​ត្រូវ​បង់​ប្រាក់​១​លាន​រៀល ដើម្បី​ទ្រទ្រង់​ការ​ប្រកួត។ ក្នុង​មួយ​ក្រុម​ត្រូវ​តែ​មាន​សមាជិក​មិន​តិច​ជាង​១៥​នាក់ និង​មិន​លើស​២៣​នាក់​ឡើយ។ ចំណែក​ឯ​ក្រុម​ដែល​ឈ្នះ​វិញ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២​លាន​រៀល។

 

​ងាក​ទៅ​ការ​ប្រកួត​វិញ ត្រូវ​បែកចែក​ជា​៦​ពូល ដោយ​មួយ​ពូល​ៗ​មាន​៤​ក្រុម តែ​ដោយសារ​មាន​២៥​ក្រុម ដូច្នេះ​ត្រូវ​មាន​ពូល​មួយ​មាន​៥​ក្រុម។ ពាន​រង្វាន់​នេះ​ដែរ បង្កើត​បាន​២​ឆ្នាំ​មក​ហើយ ដោយ​កាល​ពី​ឆ្នាំ​២០១៣ មាន​តែ​៩​ក្រុម​ប៉ុណ្ណោះ​ដែល​ចូល​រួម ខណៈ​ដែល​ឆ្នាំ​២០១៤​វិញ មាន​២២​ក្រុម៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ផ្ដល់ឱ្យ