ប៉ូលិស​ចាប់​ខ្លួន​បងប្អូន​ប្រុស​ពី​បទ​ចាប់​ពង្រត់​ក្មេង​៩​នាក់

ប៉ូលិស​បាន​និយាយ​ថា បងប្អូន​ប្រុស​ពីរ​នាក់​ត្រូវ​ចោទ​ប្រកាន់​ជា​បណ្តោះ​អាសន្ន​ពី​បទ​បញ្ជូន​ក្មេង​ដោយ​ខុស​ច្បាប់​កាលពី​ថ្ងៃ​អាទិត្យ ក្រោយពី​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នៅ​ខេត្ត​រតនគិរី ព្រោះ​ការ​ចាប់​ពង្រត់​ក្មេង​៩​នាក់​ពី​វត្ត​ពីរ​កន្លែង​នៅ​ស្រុក​កូន​មុំ។

លោក រ៉េន មុត អធិការ​រង​ស្រុក​បាន​និយាយ​ថា “យើង​បាន​សង្គ្រោះ​ក្មេង​សរុប​៩​នាក់ មាន​អាយុ​ពី​៨​ឆ្នាំ​ដល់​១៤​ឆ្នាំ ក្នុង​នោះ​មាន​ក្មេង​ជនជាតិ​ភាគតិច​គ្រឹង​បី​នាក់​ផង”។ លោក​បាន​បន្ថែម​ថា បង​ប្អូន​ប្រុស​ពីរ​នាក់​នេះ ឈ្មោះ ថា ភឹម អាយុ​៦៣​ឆ្នាំ និង ចិន កឹម អាយុ​៥៣​ឆ្នាំ បាន​សូក​ប្រាក់​ក្មេងៗ។

លោក មុត បាន​និយាយ​ថា “ពួកគេ​បាន​ឲ្យ​ប្រាក់​ទៅ​ក្មេងៗ​២.០០០​រៀល​ម្នាក់ៗ និង​សន្យា​ថា​នឹង​នាំ​ពួកគេ​ទៅ​កន្លែង​ថ្មី​មួយ ដែល​ពួកគេ​អាច​រក​ប្រាក់​បាន​ច្រើន”។

លោក​បាន​និយាយ​ថា លោក ភឹម និង លោក កឹម បាន​ដឹក​ជញ្ជូន​ក្មេង​ប្រាំ​នាក់​ដំបូង​ពី​វត្ត​ក្នុង​ឃុំ​តាអុង ទៅ​វត្ត​អូរឫស្សី នៅ​ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

យោង​តាម​លោក មុត បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​បី​គ្រួសារ​ដែល​បាន​និយាយ​ថា កូនៗ​របស់​ខ្លួន​បាន​បាត់ ប៉ូលិស​ក៏​ចាប់​ផ្តើម​ធ្វើការ​ស្វែងរក​នៅ​ជិត​វត្ត ដែល​គេ​បាន​ឃើញ​ក្មេង​ទាំង​នោះ​ចុង​ក្រោយ។

នៅ​វត្ត​នោះ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ប៉ូលិស​ដឹង​ថា គេ​បាន​ចាប់​ក្មេងៗ​ទៅ​ក្រុង​ក្រចេះ និង​បាន​ប្រាប់​ទៀត​ថា ជន​សង្ស័យ​បាន​ឲ្យ​ប្រាក់​គាត់​​ដើម្បី​បញ្ចុះ​បញ្ចូល​ក្មេង​ច្រើន​នាក់​ទៀត​ចូលរួម​ធ្វើ​ដំណើរ​ទៅ​ជាមួយ។

លោក មុត បាន​និយាយ​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក ភឹម និង លោក កឹម បាន​រៀបចំ​ឲ្យ​អ្នក​បើក​តាក់ស៊ី ឈ្មោះ ជៀន ឈុនឡេង ប្រមូល​ក្មេង​៤​នាក់​ទៀត​ពី​វត្ត​មួយ​កន្លែង​ផ្សេងទៀត នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ហើយ​ប៉ូលិស​បាន​ចាប់​ខ្លួន​លោក ឈុនឡេង នៅ​ពេល​គាត់​កំពុង​ដាក់​ក្មេងៗ​ចូល​ឡាន​ទេសចរណ៍​របស់​គាត់។

លោក​បាន​និយាយថា អ្នកបើក​តាក់ស៊ី​បាន​នាំប៉ូលិស​ទៅ​ជួបលោក​ ភឹម និងលោក កឹម ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅជិត​វត្តមួយ​ក្នុងក្រុង​ក្រចេះ​ ហើយ​បន្ទាប់មក​បានបង្ហាញ​ប៉ូលិស​នូវ​កន្លែង​ដែល​ក្មេងៗ​ប្រាំនាក់​ត្រូវគេ​រក្សាទុក​នៅក្នុងវត្ត។

លោកបាន​បន្ថែម​ថា លោក​ ឈុនឡេង ត្រូវ​បានចាប់ខ្លួន​ បន្ទាប់ពី​ប៉ូលិស​សាកសួរ​គាត់​នៅ​រសៀល​ថ្ងៃសុក្រ។

លោក មុត បាន​និយាយថា “យើង​បាន​សម្រេច​ដោះលែង​គាត់​ ពីព្រោះ​គាត់​មិន​បាន​ចូល​រួម​ជាមួយ​មនុស្ស​ទាំង​នោះទេ។ គាត់​គ្រាន់តែ​បាន​ទទួលប្រាក់​១០០.០០០​រៀល​ដើម្បី​ដឹក​ជញ្ជូន​ក្មេង​បួន​នាក់ទៀត​ទៅ​ខេត្ត​ក្រចេះ​ប៉ុណ្ណោះ”។

លោក យឹម សិទ្ធី​ នាយប៉ុស្តិ៍ឃុំតាអុង ជា​ទីកន្លែង​ដែល​ក្មេង​ត្រូវ​គេចាប់​ពង្រត់​ទាំងនោះ​រស់នៅ បាន​និយាយ​ថា ជន​សង្ស័យ​ទាំងពីរ​នាក់​បាន​បដិសេធ​ការចោទ​ប្រកាន់​ថា​​មិន​បាន​ជួញដូរ​មនុស្ស​ទេ​។

លោក សិទ្ធី​ បាន​និយាយថា “ជនសង្ស័យ​បាន​សារភាពថា​បាន​នាំ​ក្មេងៗ​ទៅ​ក្រចេះ​ ប៉ុន្តែ ពួកគេ​បាន​និយាយថា ពួកគេ​មិនបាន​ជួញដូរ​ក្មេងៗ​ទាំង​នោះទេ។ ពួកគេ​អះអាង​ថា ពួកគេ​មាន​ផែនការ​នាំក្មេងៗ​ទាំងនោះ​ទៅ​បួសជាសង្ឃ”។

ទោះជា​យ៉ាងនេះ​ក្តី លោក មុត បាន​និយាយ​ថា ប៉ូលិស​ជឿថា​ ជនសង្ស័យ​មាន​ផែនការ​លក់​ក្មេង​ឲ្យ​ទៅ​ធ្វើការ​ក្នុង​ក្រុម​ពលកម្មកុមារ​ខុសច្បាប់។

លោក មុត បាន​ឲ្យ​ដឹង​ទៀត​ថា​ “ខ្ញុំ​មិន​ជឿថា​ ពួកគេ​មាន​ចេតនា​ជួយ​ក្មេងៗ​ទាំង​នោះ​ទេ”។

លោក​បានបន្ថែម​ថា “ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​ក្មេងៗ​បួស​ ហេតុអី​បានជា​ពួកគេ​ពង្រត់​ក្មេងៗ​ចេញពី​ភូមិ​ដោយមិន​ប្រាប់​ឪពុកម្តាយ​របស់​ក្មេងៗ​ឲ្យដឹង”។

“យើង​គិតថា ពួកគេ​ប្រហែល​ចង់​បាន​ក្មេងទាំង​នោះ​ដើម្បី​ជួញដូរ​ ហើយមាន​បណ្តាញ​ស្រាប់​នៅ​ពីក្រោយ​ពួកគេ​ យើង​យល់​ឃើញដូច្នេះ ពីព្រោះ​ជនសង្ស័យ​បាន​ព្យាយាម​រក​ក្មេង​៤០ទៅ​៥០នាក់ ឬ​ច្រើនជាង​នេះ​ ដើម្បី​ទៅ​ជាមួយ​ពួកគេ”។

ព្រះតេជគុណ មួន​ សុកេន ចៅអធិការ​វត្ត​អូរឫស្សី​ បាន​មាន​សង្ឃដីកា​ថា​ កឹម​ និង​ ​ ភឹម បាន​នាំ​ក្មេង​ប្រាំ​នាក់​មកស្នាក់នៅ​វត្ត​នេះ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ បាន​មាន​សង្ឃដីកា​ទៀត​ថា ព្រះតេជគុណ​បាន​ប្រាប់​អ្នកទាំងពីរ​ឲ្យនាំ​ក្មេង​ត្រឡប់​ទៅ​ជួប​គ្រួសារ​របស់​ពួកគេ​វិញ​។

ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​ថា “យើង​មិន​បាន​ឃើញ​ពួកគេ​នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ​ទេ ដូច្នេះ​អាត្មា​បាន​ប្រាប់​គាត់​ឲ្យនាំ​ពួកគេ​ទៅ​ផ្ទះ​វិញ”។

យោងតាម​លោក មុត ដែល​បាន​និយាយ​ថា ជន​សង្ស័យ​ស្ថិត​ក្នុង​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​ប្រាំបួន​នាក់​ត្រូវ​បាន​គេ​ឲ្យ​ទៅ​ជួប​ឪពុក​ម្តាយ​របស់​ពួកគេ​វិញហើយ​ កាលពី​ថ្ងៃ​សៅរ៍។

យោង​តាម​លោក​ ម៉ម វ៉ាន់ដា ព្រះរាជ​អាជ្ញារង​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​តុលាការ​ខេត្ត​រតនគីរី បាន​ចោទប្រកាន់​បងប្អួន​ប្រុស​ទាំង​ពីរ​នាក់​ជា​បណ្តោះ​អាសន្ន​ពីបទ​បញ្ជូន​អនីតិជន​ដោយ​ខុស​ច្បាប់។

លោក​បាន​និយាយថា “ខ្ញុំបាន​ចោទ​ពួកគេ​ជាបណ្តោះអាសន្ន​ពីបទ​បញ្ជូន​អនីតិជន​ដោយ​ខុសច្បាប់”។

លោក វ៉ាន់ដា​ បាន​និយាយ​ថា សំណុំ​រឿង​នេះ​ឥឡូវ​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​ ដែល​មាន​គម្រោង​សួរ​ដេញ​ដោល​លោក ភឹម និង លោក កឹម​នៅថ្ងៃ​នេះ៕និត

 

The post ប៉ូលិស​ចាប់​ខ្លួន​បងប្អូន​ប្រុស​ពី​បទ​ចាប់​ពង្រត់​ក្មេង​៩​នាក់ appeared first on ខេមបូឌា ដេលី.