ព្យុះ KOPPU នៅ​ហ្វ៊ី​លី​ពី​ន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ

ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ជា​ច្រើន​នាក់​នាំ​គ្នា​ឡើង​ទៅ​លើដំបូល​ផ្ទះ​គេច​ពី​ទឹកជំនន់ ហើយ​នា​ថ្ងៃ​ទី​១៩ តុលា រង់ចាំ​ការ​ជួយ​សង្គ្រោះ ខណៈ​ព្យុះ​ទី​ហ្វុ​ង KOPPU បោកបក់​លើ​ភាគ​ខាងជើង​ប្រទេស​នេះ សម្រាប់​ថ្ងៃ​ទី​២​ជាប់​ៗ​គ្នា ។

ព្យុះ TOPPU ដែល​កាលពី​ថ្ងៃ​ទី​១៨ តុលា បោកបក់​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​កោះ​លូ​ហ្សុ​ង ជា​កោះ​សំខាន់​របស់​ហ្វ៊ី​លី​ពី​ន​នោះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ ហើយ​បង្ខំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ឱ្យ​ចាក​ចេញពីផ្ទះ​សម្បែង ។ វា​បាន​បោកបក់​យ៉ាង​យឺត​ឆ្ពោះទៅ​ទិស​ខាងជើង ។ ទោះបី​ព្យុះ​នេះ​ចុះ​ថយកម្លាំង តែ​វា​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លើ​តំបន់​ជួរ​ភ្នំ​៣ ហើយ​បណ្តាល​ឱ្យ​មានទឹក​ជន់​លិច​នៅ​តំបន់​វាលរាប​ទាំងឡាយ​នា​ភាគ​ខាងជើង​ក្រុង​ម៉ានីល ។

អ្នក​ទទួលខុសត្រូវ​សន្តិសុខ​ស៊ី​វិល​តំបន់​ម្នាក់​និយាយ​ថា ភូមិ​ប្រមាណ​ជា​៧០​ត្រូវ​ទឹក​ជន់​លិច ។ ទឹកបាន​ជន់​ឡើង​យ៉ាង​លឿន ហើយ​មនុស្ស​ម្នា​នាំ​គ្នា​ឡើង​លើដំបូល​ផ្ទះ ។ ទឹក​មាន​ជម្រៅ​ជ្រៅ​សម្រាប់​រថយន្ត​កាំ​មី​ញ៉ុ​ង​យោធា​ចូល​ទៅ​ជួយ​សង្គ្រោះ រួច​ពួក​អ្នក​ជួយ​សង្គ្រោះ​ប្រើ​កាណូត​កៅស៊ូ​ចូល​ទៅ​តំបន់​ទឹក​លិច ។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ភៀសខ្លួន​ទៅ​កាន់​បណ្តា​ជំរំ​បណ្តោះអាសន្ន ។

ព្យុះ KOPPU ដំបូង​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​២១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ នា​ថ្ងៃ​ទី​១៩ តុលា ព្យុះ​នេះ​ស្ថិត​នៅ​ពីលើ​មូលដ្ឋាន​បាន​តៃ ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ហើយ​កម្លាំង​ខ្យល់​របស់​វា​ចុះ​ថយ​មក​ត្រឹម​១៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ព្យុះ​នេះ​បោកបក់​កាត់​ជួរ​ភ្នំ CORDILLERES មុន​ពេល​ចាក​ចេញពី​កោះ​លូ​ហ្សុ​ង​នា​ថ្ងៃ​ទី​២១ តុលា ។

រដ្ឋាភិបាល​រៀបរាប់​ពី​មនុស្ស​ស្លាប់​២​នាក់ គឺ​ក្មេង​ប្រុស​ជំទង់​អាយុ​១៤​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​នៅ​ក្រុង​ម៉ានីល ដោយ​ដើមឈើ​បាក់​សង្កត់​លើ​ផ្ទះ​របស់​គេ និង​នារី​អាយុ​៦២​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ដោយសារ​ការ​បាក់​ជញ្ជាំង​ផ្ទះ​នៅ​ខេត្ត ZAMBALES ៕