គយ​ច្រកទ្វារ​ជ្រៃ​ធំ បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ រឹបអូស​សត្វព្រៃ​បាន​ចំនួន ១៥៦ គីឡូក្រាម​

​កណ្តាល: មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​ជ្រៃ​ធំ ដឹកនាំ​ដោយ​លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដោយ​រឹបអូស​បាន​សត្វព្រៃ ប្រភេទ​ពស់ថ្លាន់ ពស់សាំងសឿ និង​អណ្តើក សរុប​ចំនួន ១៥៦ គីឡូក្រាម​។ សត្វ​ពស់ និង​អណ្តើក​ទាំងនោះ ត្រូវបាន​ឈ្មួញ​ដឹក​បន្លំ តាម​ម៉ូតូ បម្រុង​ឆ្លងដែន យកទៅលក់​នៅ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​លេខ​២១​បេ ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​លោក មួង ដា​រ៉ា បាន​ឲ្យ​ដឹងថា សត្វព្រៃ​ដែល​កម្លាំង​របស់លោក​ប​ង្ក្រា​ប​បាន​នោះ មាន​ទំងន់​សរុប ១៥៦​គីឡូក្រាម ក្នុងនោះ​ប្រភេទ​សត្វ​ពស់ថ្លាន់ ចំនួន ១១១​គីឡូក្រាម ពស់សាំងសឿ​ចំនួន ១៥​គីឡូក្រាម និង​សត្វ​អណ្តើក​ចំនួន ៣០​គីឡូក្រាម ដែល​បង្ក្រាបបាន​ពី​ឈ្មួញ​ដឹក​បង្កប់​តាម​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​មូល​ពណ៌ សំបក​ឪឡឹក គ្មាន​ស្លាក​លេខ អ្នកបើកបរ​ម៉ូតូ​ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។

​បន្ទាប់ពី​ត្រួតពិនិត្យ​រួច​នោះ សត្វព្រៃ​ទាំងអស់ ត្រូវបាន​លោក​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​របស់លោក​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន រួមទាំង​វុ​ត្ថុ​តាង​ផងដែរ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ទៅ​អង្គការ​ថែរក្សា​សត្វព្រៃ (WILDLIFE ALLIANCE) យកទៅ​ថែរក្សា កុំ​ឲ្យ​សត្វ​ទាំងនោះ ផុត​ពូជ​។​

​លោក មួង ដា​រ៉ា បាន​បញ្ជាក់ថា ការជួញដូរ​សត្វព្រៃ​ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព ជា​រៀងរាល់ឆ្នាំ ហើយ​កម្លាំង​របស់លោក​បានធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​ផងដែរ​៕

គយ​ច្រកទ្វារ​ជ្រៃ​ធំ បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ រឹបអូស​សត្វព្រៃ​បាន​ចំនួន ១៥៦ គីឡូក្រាម​

គយ​ច្រកទ្វារ​ជ្រៃ​ធំ បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ រឹបអូស​សត្វព្រៃ​បាន​ចំនួន ១៥៦ គីឡូក្រាម​