លោក ហ៊ុន ម៉ាណែត ៖ ការឡើងតំណែង របស់ខ្ញុំ គឺផ្អែកទៅលើកត្តា៤

ភ្នំពេញ ៖ កូនប្រុសច្បង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការឡើងតំណែងជាបន្តបន្ទាប់របស់លោក គឺបានពឹងផ្អែកទៅលើកត្តាចំនួន ៤ចំណុច មិន មែនដូចការរិះគន់ពីមតិខាងក្រៅ ដែលបានចោទថា លោកឡើងតំណែងនេះ ដោយសារតែឪពុក ធ្វើជានាយករដ្ឋ មន្ត្រីនោះទេ។

ក្នុងឱកាសចូលរួម កិច្ចសម្ភាសន៍ជាមួយវិទ្យុ ABC របស់អូស្ត្រាលី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នាទីក្រុង ម៉ែលប៊ន ក្នុងអំឡុងធ្វើដំណើរទស្សនកិច្ច ដើម្បីជួបសំណេះសំណាល ជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្ត្រាលីលោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការវិភាគ និងមតិខ្លះកន្លងមក បានលើកឡើងថា ការ ឡើងតំណែងនេះ វាសមរម្យហើយ និងខ្លះទៀតថា ការឡើងនេះវាយឺតនៅឡើយទេ ។ “សួរថា យោបល់ណាត្រូវ ឬខុស ខ្ញុំមិនហ៊ានថាទេ ព្រោះការវិភាគមួយៗ និងការវាយតម្លៃមួយៗ គឺផ្អែកទៅលើហេតុផល ហើយខ្ញុំគោរពទៅ លើការវាយតម្លៃទាំងនោះ”។

លោកបានបន្ថែមថា ប៉ុន្តែ “ខ្ញុំសូមឲ្យចាប់អារម្មណ៍ថា នៅលើពិភពលោកយើងនេះ ការប្រគល់ភារកិច្ចឲ្យអ្នកវ័យ ក្មេង បុគ្គលវ័យក្មេង ក្នុងការដឹកនាំតួនាទីភារកិច្ចណាមួយ នៅក្នុងការទទួលខុសត្រូវ គ្រប់វិស័យទាំងអស់ ទាំង យោធា ស៊ីវិល ឯកជន រដ្ឋ ពិសេស ក្នុងបរិបទថ្មីនេះ គឺយើងឃើញនៅតាមបណ្តាប្រទេសមួយចំនួន មានមេដឹកនាំ ដែលវ័យក្មេង និងក្រុមហ៊ុនធំៗរបស់ជាតិ និងអន្តរជាតិក៏វ័យក្មេងដែរ”។

ក្នុងកិច្ចសម្ភាសន៍ អ្នករៀបចំកម្មវិធី បានសួរទៅកាន់លោក ហ៊ុន ម៉ាណែតថា “ មតិមួយចំនួនកន្លងមកបានលើក ឡើងថា ការឡើងតំណែងលឿនរបស់លោក គឺដោយសារតែលោកជាកូនថ្នាក់ដឹកនាំកម្ពុជា ជាកូនរបស់នាយករដ្ឋ មន្ត្រី។ តើលោកឆ្លើយតបបែបម៉េចដែរ ចំពោះការគិតបែបហ្នឹង?”។

ជាការឆ្លើយតប កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា “គោលការណ៍ដែលឲ្យតួនាទីនេះ គឺផ្អែកទៅលើកត្តា៤ សមត្ថភាពចំណេះដឹង, ការទទួលខុសត្រូវ, គុណធម៌ -សីលធម៌ជាអ្នកដឹកនាំ និងទី៤. បទ ពិសោធន៍ការងារ រួមទាំងអតីតភាពការងារផង”។

 លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការកត្តា៣ខាងលើ សមត្ថភាពចំណេះដឹង, ការទទួលខុសត្រូវ គុណ ធម៌ និងសីលធម៌ជាអ្នកដឹកនាំខ្ញុំគិតថា ទោះបីជាខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះក៏ដោយលក្ខណៈទាំងនេះ ខ្ញុំមាន ល្មមសមដែរ។ ចំពោះបទពិសោធន៍ការងារ ខ្ញុំចូលកងទ័ពតាំងពីឆ្នាំ១៩៩៥ គិតជាអាយុទ័ព ២០ឆ្នាំហើយ។ សួរ ថាម៉េច បានជាអីចឹង ព្រោះពេលដែលខ្ញុំចូលសាលានាយទាហាន គឺយើងចូលដូចសិស្សសាលានាយទាហាន ដូច ចូលបច្ចុប្បន្ន ដែលចូលក្នុងសាលាបណ្តុះបណ្តាល នាយទាហានក្នុងប្រទេស និងក្រៅប្រទេស នៅកម្ពុជាយើង ចូលជានាយចំណង់ ខ្ញុំ២០ឆ្នាំមុនគឺដូចគ្នា។

ក្នុងរយៈពេល ២០ឆ្នាំនេះ ខ្ញុំក៏បានទទួលនូវការបណ្តុះបណ្តាលផ្សេងៗ និងទទួលបានភារកិច្ចនៅក្នុងការដឹកនាំ កសាងការងារមួយចំនួន នៅក្នុងវិស័យការពារជាតិ ក៏ដូចជាសន្តិសុខជាតិដែរ អីចឹងសូមការវាយតម្លៃនេះ សូមដក កត្តាមួយចេញ ដកកត្តាមួយដែលថា ខ្ញុំជាកូននាយករដ្ឋមន្ត្រី ហើយចាត់ទុកខ្ញុំជាបុគ្គលម្នាក់ ដែលមានលក្ខណៈ សម្បត្តិទាំងអស់នេះថា តើការវិនិច្ឆ័យ ការឡើងលឿន ឡើងល្មម ឡើងយឺតយ៉ាងណានោះ ហ្នឹងសូមតែប៉ុណ្ណឹង ចំពោះថា មួយណាត្រូវ មួយណាខុសខ្ញុំអត់ថាទេ ៕