ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ


ករណីលក់ដីមួយកន្លែង ដែលមានប្លង់កម្មសិទ្ធ ពីម្ចាស់ដីគ្រប់គ្រាន់នោះ ត្រូវបានចៅសង្កាត់សំរោង មិន​ព្រម​ចុះ​ហត្ថលេខា​ឡើយ ដោយ​លោកយោងមូលហេតុ បណ្ដាលមកពី មានគ្រួសារមួយផ្សេងទៀត មកប្តឹងជំទាស់ ដោយ​គ្មាន​ឯកសារ​អ្វី​ទាំង​អស់។
ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ

សាលាសង្កាត់មើលពីក្រៅ និងទិដ្ឋភាពដីធ្លីជម្លោះ។ (រូបថត monoROOM.info/ H. Vuthy)

ករណីជម្លោះដីធ្លី ដែលម្ចាស់ដើមចង់លក់ហើយ សុំហត្ថលេខាពីចៅសង្កាត់មិនបាននេះ ត្រូវបានអ្នកស្រី ញ៉ឹម សាវឿន នឹងលោក ញឹម វង្ស ជាស្វាមីប្រាប់ឲ្យដឹងថា ដីនេះជាដីកេរ្ត៍ ពីឪពុកម្តាយរបស់ពួកគាត់ ដែលបាន​កាន់​កាប់ អស់ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានឯកសារ ប្លង់កាន់កាប់ទទួលស្កាល់ ពីមេភូមិចាស់ រហូតដល់​មេភូមិ​ថ្មីទៀតផង។ ដីទំនាស់នោះ ស្ថិតនៅក្រុមទី០៩ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ។

អ្នកស្រី ញ៉ឹម សាវឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំហ្វូថា គាត់នឹងគ្រួសារ ត្រូវលក់ដីនេះ ដោយនិយាយ​ថ្លៃ​ត្រូវគ្នា ជាមួយអ្នកទិញរួចរាល់ហើយ តែនៅមិនទាន់បានហត្ថលេខា ពីចៅសង្កាត់សំរោង។ ចៅសង្កាត់ ដែលជា​មន្ត្រីថ្នាក់​មូលដ្ឋាន​រូបនោះ មិនព្រមចុះហត្ថលេខា ព្រោះមានភាគីម្ចាងទៀត មកពីភូមិផ្សេង ដែលត្រូវជាសាច់​ញាតិអ្នកស្រី ចង់បានចំណែកដីនេះដែរ។ ប៉ុន្តែគ្រួសារអ្នកស្រីមិនព្រម ព្រោះអ្នកទាំងនោះ គ្មានប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ មកប្តឹងជំទាស់ទាំងមិនមានឯកសារ។

អ្នកស្រី បានឲ្យដឹងទៀថា អ្នកដែលប្តឹងជំទាស់គ្រួសារអ្នកស្រី មានគ្នាបីនាក់ ទីមួយឈ្មោះ ម៉ៃ សារឿង, ម៉ៃ មឿន, នួន ច័ន្ទសុខ អ្នកទាំងបី ត្រូវជាកូនរបស់យាយអ្នកស្រី (ត្រូវជាពូមីង?) ដែលមានស្រុកភូមិ នៅផ្សេង​ពី​អ្នកស្រី និងស្វាមី។ បច្ចុប្បន្នអ្នកស្រីនិងគ្រួសារ ចង់លក់ដីនេះ ក្នុងតម្លៃមួយម៉ឺនដុល្លារ ស្រាប់តែអ្នកទាំងបី ដាក់​ពាក្យប្តឹងសុំជំទាស់ (ទាំងមិនមានឯកសារ) មិនឲ្យលក់ ដោយចង់បានចំណែកដីនោះខ្លះ។

បើតាមប្រសាសន៍របស់មេភូមិចាស់ ដែលទទួលស្គាល់ដីនេះ ជាដីស្របច្បាប់របស់អ្នកស្រី ញ៉ឹម វឿន និង​គ្រួសារ លោកបានឲ្យដឹងថា កាលពីឆ្នាំ១៩៩៧៩ ឈ្មោះញ៉ឺម វឿន បានរស់នៅជាមួយលោកយាយ ឡូត ត្រូវ​ជា​យាយ។ កាលនោះអ្នកស្រី ញ៉ឹម វឿន មានប្លង់កម្មសិទ្ធ តាំងពីពេលនោះមក។ លោកថា ដីនេះជាប់នឹងព្រំដី របស់​លោក​ដែរ ដែលលោកអាចបញ្ជាក់បានថា អ្នកស្រី ញ៉ឹម វឿន មានសិទ្ធិលក់ ឬរស់នៅបន្ត។ តែលោកមិនដឹងថា មូល​ហេតុអ្វី បានចៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បដិសេធមិនចុះហត្ថលេខា ឲ្យលក់នោះទេ។

មិនអាចសុំការបំភ្លឺ ពីលោក យិន អ៊ឹម ចៅសង្កាត់សំរោងបានទេ នៅល្ងាចថ្ងៃទី១៦ រហូតដល់ព្រឹក ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥នេះ នៅពេលទៅដល់សាលាសង្កាត់ លោកមិននៅកន្លែងធ្វើការ ចំណែកឯទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល។

ដោយឡែកគណៈកម្មាធិការសម្របសម្រួល ពីបញ្ហាដីធ្លីនៅសង្កាត់សំរោង លោក ហៀន ស៊ន បានមាន​ប្រសាសន៍​ថា ករណីដីធ្លីនេះ ធ្វើការសម្របសម្រួល អស់ពីរដងហើយ នៅលើកទីបីនេះ ក៏មិនបានការអ្វីដដែល ដោយម្ចាស់ដីនៅតែសុំហត្ថលេខា ពីចៅសង្កាត់មិនបាន។ លោកថា ចៅសង្កាត់សំរោង ហាក់លំអៀងទៅភាគី ដែលប្តឹងជំទាស់ទាំងគ្មានឯកសារ។ បើតាមផ្លូវច្បាប់ គ្រួសារ ញ៉ឹម វឿន មានសិទ្ធិលក់ដីនេះ ឬធ្វើអ្វីតាមចិត្ត​បាន​ទាំងអស់ ព្រោះពួកគាត់មានប្លង់កាន់កាប់ ទទួលស្គាល់ត្រឹមត្រូវ។

លោក ហៀន ស៊ន បានស្រង់សម្ដីចៅសង្កាត់ មកថ្លែងថា៖ «បើដោះស្រាយមិនបាន បញ្ជូនទៅខណ្ឌ ឲ្យខណ្ឌ​ជួយ​រកខុសត្រូវ»។ យ៉ាងណាក៏ដោយ លោកចៅសង្កាត់រង សង្កាត់សំរោង ដែលធ្លាប់បានបោះត្រា មាន​ហត្ថលេខាទទួលស្គាល់ថា ដីនេះជាកម្មសិទ្ធិ របស់គ្រួសារអ្នកស្រី ញ៉ឹម វឿន និងស្វាមី បានមានប្រសាសន៍ថា ដីនេះជាដីគ្រួសារអ្នកស្រី ញ៉ឹម វឿន មែន ដោយមានអ្នកជិតខាង ដែលកំពុងរស់នៅសព្វថ្ងៃ ជាសាក្សី និង​មាន​ឯកសារពីមេភូមិចាស់ និងមេភូមិថ្មីជាច្រើន ដែលបានបញ្ជាក់ដឹងឭទៀតផង។ ជាក់ស្តែង តាំងពីឆ្នាំ១៩៩៧៩​មក អ្នកស្រី និងគ្រួសាររស់នៅទីនេះ រហូតដល់បច្ចុប្បន្ន៕