សម្តេច​ហ៊ុនសែន​៖ កិច្ចព្រមព្រៀង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ មិនអាច​សំរេចបាន នោះគឺកម្ពុជា មានតំបន់ត្រួតត្រាពីរ​ និងរដ្ឋាភិបាលពីរ​

ភ្នំពេញ: ​ជា​លើកដំបូង​ហើយ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តួអង្គ​សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​រម្លឹក​ពី​ប្រវត្តិ​ចរចា មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ តាម​សម្តេច​តេ​ជោ ហ៊ុនសែន អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន តែ​អ៊ុនតាក់​មិនអាច​សំរេចបាន គឺ​នៅពេលដែល​អ៊ុនតាក់​ដកចេញ បាន​បន្សល់ទុក​ឲ្យ​កម្ពុជា មាន​តំបន់​ត្រួតត្រា​ពីរ និង​រដ្ឋាភិបាល​ពីរ​។​

​ក្នុង​ឯកសារ ៧ ទំព័រ​ជា​ភាសា​ខ្មែរ ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​រសៀល​ថ្ងៃទី​១៩​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ជំរើស​ចុងក្រោយ សំរាប់​សន្តិភាព​ទាំងស្រុង​នៅ​កម្ពុជា គឺ​ការដាក់ចេញ និង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​អនុវត្ត​ដ៏​ជោគជ័យ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៨ នេះ ជា​សន្តិភាព ដែល​ជនជាតិ​កម្ពុជា បានរួម​គ្នា បង្កើតឡើង​ដោយ​ខ្លួនឯង គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់ និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង ក្នុង​ប្រវត្តិ​ជាង ៥០០ ឆ្នាំ ដែល​កម្ពុជា មាន​ប្រទេសមួយ មាន​តំបន់​ត្រួតត្រា​មួយ មាន​រដ្ឋធម្មនុញ្ញ​មួយ មាន​មហាក្សត្រ​តែមួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កម្លាំងប្រដាប់អាវុធ​តែមួយ គ្មាន​ការបែងចែក ដែល​យើង​ទាំងអស់​ត្រូវ​រួមគ្នា​រក្សា​នូវ​សន្តិភាព​នេះ​"​។​

​សូម​រម្លឹកថា ក្នុង​ឯកសារ ៧ ទំព័រ​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បានរៀបចំ​ដោយ​សង្ខេប អំពី​ដំណើរ​ការចរចា​ត្រីភាគី ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ដំបូង​រវាង​សម្តេច និង​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៨៥ នៅ​ប្រទេស​បារាំង​។ ជា​បន្ត​បន្ទាប់មកទៀត ជា​កិច្ចចរចា​ត្រីភាគី ដោយមាន​ការចូលរួម​ពី​បរទេស​មួយចំនួន នៅ​ប្រទេស​ថៃ នៅ​ប្រទេស​ជប៉ុន នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ហើយ​ឈានដល់​ការបោះឆ្នោត លើកដំបូង រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣៕​

សម្តេច​ហ៊ុនសែន​៖ កិច្ចព្រមព្រៀង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ មិនអាច​សំរេចបាន នោះគឺកម្ពុជា មានតំបន់ត្រួតត្រាពីរ​ និងរដ្ឋាភិបាលពីរ​

សម្តេច​ហ៊ុនសែន​៖ កិច្ចព្រមព្រៀង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ មិនអាច​សំរេចបាន នោះគឺកម្ពុជា មានតំបន់ត្រួតត្រាពីរ​ និងរដ្ឋាភិបាលពីរ​