ប្រទេស​នៃ​សមាគម​ផលិត​កៅស៊ូ​តាម​បែប​ធម្មជាតិ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ថ្លៃ​ជ័រ​កៅស៊ូ

ប្រទេស​ចំនួន​១១ ដែល​ជា​សមាជិក​សមាគម​ផលិត​កៅស៊ូ​បែប​ធម្មជាតិ កំពុង​ជួប​ប្រជុំ​គ្នា​តាម​រយៈ​សន្និសីទ​លើក​ទី​៨ នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​តុលា។ ក្រុម​ប្រទេស​ដែល​ដាំ​ដំណាំ​កៅស៊ូ មាន​ដូចជា កម្ពុជា ថៃ វៀតណាម ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌា និង​ស្រីលង្កា ជាដើម​នោះ កំពុង​រិះរក​មធ្យោបាយ​រួម​គ្នា​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំបាត់​កង្វល់​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ជ័រ​កៅស៊ូ ដើម្បី​ជួយ​ដល់​ជីវភាព​គ្រួសារ​របស់​កសិករ?

កសិករ​ដែល​ដាំ​កៅស៊ូ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​ក្ដី​អស់​សង្ឃឹម​ទៅ​លើ​ការ​ដាំ​កៅស៊ូ​ត​ទៅ​ទៀត ដោយសារ​តែ​បច្ចុប្បន្ន តម្លៃ​ជ័រ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ស្ទើរ​តែ​មិន​ចង់​រួច​ថ្លៃ​ដើម​នៃ​ការ​ផលិត​ផង​នោះ។

ប្រធាន​សមាគម​ប្រទេស​ដែល​ផលិត​កៅស៊ូ​តាម​បែប​ធម្មជាតិ លោក ដាទូក ណាការ៉ាចេន (Da tuk Nagarajan) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ជ័រ​កៅស៊ូ កំពុង​ធ្វើ​ឲ្យ​កសិករ​នៅ​ក្នុង​ប្រទេស​ចំនួន​១១ ប្រឈម​មុខ​នឹង​ចំណូល​មិន​គ្រប់គ្រាន់​សម្រាប់​គ្រួសារ។

ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កសិករ​នៅ​តំបន់​តំបែរ នៃ​ខេត្ត​ត្បូងឃ្មុំ គឺ​លោក ជា សាវ៉ន។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​តុលា ថា បច្ចុប្បន្ន​ជ័រ​កៅស៊ូ​ដែល​កសិករ​ផលិត​បាន គឺ​មាន​តម្លៃ​តែ​ជាង ៧០០​ដុល្លារ​ក្នុង ១​តោន។ ការ​ចុះ​ថ្លៃ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កសិករ​តូចតាច ដែល​មាន​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ទំហំ ១​ហិកតារ ឬ​ក៏ ២​ហិកតារ​នោះ។ លោក ជា សាវ៉ន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជួយ​ជ្រោមជ្រែង​ដល់​កសិករ​ខ្មែរ​ដែល​ដាំ​កៅស៊ូ​តិចតួច ឲ្យ​ជ័រ​កៅស៊ូ​លក់​បាន​ថ្លៃ​ជាង​ពេល​បច្ចុប្បន្ន ព្រម​ទាំង​ជួយ​បង្រៀន​ជំនាញ​ផ្នែក​ថែ​រក្សា​គុណភាព​នៃ​ជ័រ​កៅស៊ូ​ឲ្យ​បាន​ល្អ​ផង៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្រៀន​ធ្វើ​ជា​ជ័រ​សន្លឹក​តាម​រយៈ​គ្រួសារ​តូចៗ ដូចជា​ការ​ហាល​ថ្ងៃ ឬ​ក៏​អាច​កែច្នៃ​ជ័រ​សន្លឹក​ហ្នឹង​ទៅ​ជា​ឡ ឬ​ក៏​ជា​ការ​ហាល​ថ្ងៃ​ឲ្យ​បាន​ទៅ​ជា​ការ​រក​ប្រាក់​បន្ថែម»

លោក ជា សាវ៉ន បញ្ជាក់​ថា បច្ចុប្បន្ន​កសិករ​អ្នក​ដាំ​កៅស៊ូ​ចំនួន​ជាង ២៥០​គ្រួសារ លើ​ផ្ទៃ​ដី​ជាង ២.០០០​ហិកតារ​នៅ​ក្នុង​ស្រុក​ចំនួន​៣ របស់​ខេត្ត​ត្បូងឃ្មុំ គឺ​ស្រុក​តំបែរ ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក បាន​បោះបង់​ចោល​របរ​ដាំ​កៅស៊ូ​ប្រហែល ៤០% ហើយ ដោយសារ​តែ​វិបត្តិ​ជ័រ​កៅស៊ូ​ចុះ​ថ្លៃ​នេះ។

វិបត្តិ​ជ័រ​កៅស៊ូ​ធ្លាក់​ថ្លៃ​នេះ មិន​មែន​ប្រឈម​មុខ​តែ​កម្ពុជា ទេ គឺ​បណ្ដា​ប្រទេស​សមាគម​ដាំ​កៅស៊ូ​ចំនួន ១០ ផ្សេង​ទៀត ក៏​មាន​ការ​ប្រឈម​មុខ​ដូច​គ្នា ហើយ​ពួក​គេ​កំពុង​ជួប​ប្រជុំ​ដើម្បី​រិះរក​មធ្យោបាយ​ដោះស្រាយ​រួម​គ្នា។

អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​គម្រោង​ពង្រីក​វិសាលភាព​ព្រៃ​ឈើ ហើយ​នៅ​ពេល​ជាមួយ​គ្នា គឺ​ជំរុញ​ឲ្យ​មាន​ការ​ដាំ​កៅស៊ូ ដើម្បី​បាន​ចំណូល​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ។ លោក អ៊ាង សុផល្លែត បញ្ជាក់​ថា ក្រសួង​កសិកម្ម កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ជ័រ​កៅស៊ូ​បាន​ឡើង​ថ្លៃ ហើយ​មាន​ស្ថិរភាព៖ «កន្លង​មក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​ប្រជុំ ជាពិសេស​នៅ​ម៉ាឡេស៊ី ដែរ ហើយ​ក៏​បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ចំនួន​៨ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​កៅស៊ូ​នេះ»

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា គិត​មក​ដល់​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា មាន​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ជាង ៣៥​ម៉ឺន ៨​ពាន់​ហិកតារ ហើយ​នៅ​ឆ្នាំ​២០២០ ខាង​មុខ កម្ពុជា មាន​គម្រោង​នឹង​ពង្រីក​ផ្ទៃ​ដី​ដាំ​កៅស៊ូ​ឲ្យ​បាន​ដល់​ជាង ៤១​ម៉ឺន​ហិកតារ។ នៅ​ពេល​នោះ កម្ពុជា អាច​នឹង​ទទួល​បាន​ទិន្នផល​ជ័រ​កៅស៊ូ​ចំនួន ៣៧​ម៉ឺន​តោន​សម្រាប់​នាំ​ចេញ​ក្នុង​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។