បុគ្គលិក ក្រុមហ៊ុន KTC Cable Co.,Ltd ផ្ញើលិខិត ឲ្យជួយចុះផ្សាយ រឿងថៅកែក្រុមហ៊ុន មិនបើកប្រាក់ខែឲ្យ

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅផ្លូវ ទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានផ្ញើលិខិតថ្មីមួយច្បាប់ទៀត ដើម្បីឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជួយចុះផ្សាយរឿងថៅកែក្រុមហ៊ុន ដែលជាជនជាតិកូរ៉េ មិនព្រមចូលខ្លួនមកដោះស្រាយ និងបើកប្រាក់ខែជូនបុគ្គលិក បណ្ដាយឲ្យបុគ្គលិកជួបប្រទះ នូវការលំបាកយ៉ាងខ្លាំង។

ដោយមិនអត្ថាធិប្បាយវែងឆ្ងាយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយើងខ្ញុំ សូមដកស្រង់ខ្លឹមសារទាំងស្រុងក្នុងលិខិតនេះ ដូចខាងក្រោម៖

លោកអគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាទីគោរព !
កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ លោកបានចុះផ្សាយម្តងរួចមកហើយ អំពីយើងខ្ញុំ ដែលថៅកែក្រុមហ៊ុន ឈ្មោះ KIM MYUNG IL ជនជាតិកូរ៉េ មិនបានបើកប្រាក់ខែ ខែកញ្ញា ឆ្នាំ ២០១៥ ឲ្យយើងខ្ញុំ ។ យើងខ្ញុំពិតជាអរគុណលោក និងសហការី ខ្លាំងណាស់ ចំពោះកាយវិកានិងទឹកចិត្តស្មោះស ជួយយើងខ្ញុំ ក្នុងនាមជាជនជាតិខ្មែរ មានឈាមជ័រតែមួយ។

ជាថ្មីម្តងទៀត យើងខ្ញុំ សូមលោកអគ្គនាយក មេត្តាជួយចុះផ្សាយម្តងទៀត ដោយក្តីអនុគ្រោះថា មកដល់ថ្ងៃនេះ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥) វេលាម៉ោង ៥៖០០នាទី ល្ងាច ថៅកែរូបនេះ នៅតែមិនបានបើកប្រាក់ខែ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យយើងខ្ញុំដដែល ថែមទាំងមិនបានផ្តល់ដំណឹងច្បាស់លាស់ សូម្បីតែមួយម៉ាត់ ។

តាមរយៈគេហទំព័រ របស់លោកអគ្គនាយក យើងខ្ញុំសូមមេត្តាជួយសង្គ្រោះ និងជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ គឺជាម្លប់ ជាទីកក់ក្តៅ ជាក្តីសង្ឃឹម របស់យើងខ្ញុំ មេត្តាជួយសម្របសម្រួលដោយក្តីអនុគ្រោះ ព្រោះយើងខ្ញុំម្នាក់ៗ កំពុងជួបការលំបាក ហើយពឹងផ្អែកតែលើប្រាក់ខែប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បង់ថ្លៃផ្ទះជួលស្នាក់នៅ និងបង់រំលោះប្រាក់កម្ចីធនាគារ។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងក្តីស្រឡាញ់បំផុត អំពីយើងខ្ញុំ៕

បុគ្គលិក ក្រុមហ៊ុន KTC Cable Co.,Ltd ផ្ញើលិខិត ឲ្យជួយចុះផ្សាយ រឿងថៅកែក្រុមហ៊ុន មិនបើកប្រាក់ខែឲ្យ

បុគ្គលិក ក្រុមហ៊ុន KTC Cable Co.,Ltd ផ្ញើលិខិត ឲ្យជួយចុះផ្សាយ រឿងថៅកែក្រុមហ៊ុន មិនបើកប្រាក់ខែឲ្យ