លួចទ្វារដែក ក្រុមហ៊ុនដឹងមុខ ចាប់ខ្លួនប្រគល់ ឱ្យសមត្ថកិច្ច

ភ្នំពេញ: កម្មករសំណង់៦នាក់ ក្លាយជាជនសង្ស័យ បន្ទាប់ពីរួមគំនិតគ្នា ធ្វើសកម្មភាពលួចទ្វារដែក របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ហើយនាំគ្នាគេចខ្លួនរយៈពេល៣ថ្ងៃ ត្រឡប់មកធ្វើការវិញ សួរដឹងមុខឃាត់ខ្លួន ប្រគល់ឱ្យនគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបុរីពិភពថ្មី ទើបសង់ថ្មី តាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក  ។

ជនសង្ស័យដែលរួមគំនិតគ្នា លួចទ្វារដែក របស់ក្រុម ទាំង៦នាក់ ទី១-ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ  ។ ទី២-ឈ្មោះ អុល សំអាត ភេទប្រុស អាយុ៣៥ ស្រុកកំណើតភូមិរការ ឃុំរការ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី៣- ឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ទី៤-ឈ្មោះ ពិ សុខ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ទី៥-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត នៅស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំ ។ ទី៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើត ភូមិតារាជ្យ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ដោយឡែក ទ្វារដែក ដែលក្រុមជនសង្ស័យ រួមគ្នាលួចយកទៅលក់ ចំនួន១២គ្រោង ស្មើរនឹង២៤ផ្ទាំង គិតជាទឹកប្រាក់ ជាង៧០០០ដុល្លារ ។

តាមសម្តី មេការក្រុមហ៊ុន បុរីពិភពថ្មី ឈ្មោះ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងបុរី ខាងលើបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ខាងក្រុមហ៊ុន បានដឹកទ្វារដែកមកចូលដាក់នៅក្រុមហ៊ុន សម្រាប់ដាក់តាមផ្ទះទើបសង់ថ្មី ហើយជាងមិនទាន់បានដាក់ផង នៅរសៀលថ្ងៃដដែល ស្រាប់តែបាត់ទ្វារដែកអស់១២គ្រោង ស្មើនឹង២៤ផ្ទាំង ហើយស្របពេលកម្មករ ត្រូវចេញសម្រាកអស់ សាកសួរស្រាវជ្រាវ ដឹងមុខ រហូតដល់រសៀល ថ្ងៃទី១៩ លេចមុខក្រុមជនសង្ស័យ មកធ្វើការឃាត់សួរដឹងជាក់ច្បាស់ ចាប់ប្រគល់ខ្លួននាំទៅប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ។

តាមសម្តីក្រុមជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេពិតជានាំគ្នាលួចដឹកទ្វារ ចំនួន២៤ផ្ទាំង ទៅលក់នៅផ្ទះអេតចាយមួយកន្លែង នៅផ្សារបែកចាន បានលុយនាំគ្នាដើរស៊ីចាយ លុះរហូតមកដល់រសៀល ថ្ងៃទី១៩ ខែតុលា ខាងក្រុមហ៊ុន ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទាំង៦នាក់ រួមជាមួយស្រ្តីម្នាក់ ជាម្ចាស់ផ្ទះអេតចាយ នៅផ្សារបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាកសួរនៅ ប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

លួចទ្វារដែក ក្រុមហ៊ុនដឹងមុខ ចាប់ខ្លួនប្រគល់ ឱ្យសមត្ថកិច្ច