របាយការណ៍​បង្ហាញ​ថា​ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា​ឋិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ

របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​នៅ​ខែ​តុលា បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ២២,៦ ដែល​ត្រូវ​នឹង​ចំណាត់​ថ្នាក់​លេខ​៦០ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​១១៧។ ពិន្ទុ​នេះ​បង្ហាញ​ថា កម្ពុជា បាន​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​ប្រមាណ ៥០% ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក។ តែ​ទោះ​ជា​យ៉ាង​ណា ចំណាត់​ថ្នាក់​នេះ​មាន​ន័យ​ថា ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា គ្លូបល ហាំងហ្គឺ អ៊ិនដិច (Global Hunger Index) ដែល​ចេញ​ផ្សាយ​ពេល​នេះ ត្រូវ​បាន​សិក្សា​ដោយ​អង្គការ​អន្តរជាតិ​ចំនួន​៣ គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ចំណី​អាហារ​អន្តរជាតិ (International Food Policy Research Institute) អង្គការ ខនសឺន វើលវ៉ាយ (Concern Worldwide) និង​អង្គការ វ៉ែលហាំងហ្គឺហីហ្វ (Welhungerhilfe)។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​សិក្សា​ទៅ​លើ​បញ្ហា​សំខាន់ៗ​ចំនួន​៤ ដូចជា បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​ទម្ងន់​កុមារ កុមារ​ក្រិន និង​អត្រា​មរណភាព​របស់​កុមារ បាន​បង្ហាញ​តារាង​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​១១៧ ដែល​ក្នុង​នោះ កម្ពុជា ឋិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦០ ដែល​មាន​ពិន្ទុ ២២,៦។ ពិន្ទុ​នេះ​បង្ហាញ​ថា ស្ថានភាព​ស្រេក​ឃ្លាន​នៅ​កម្ពុជា បាន​ថយ​ចុះ​ប្រមាណ ៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០០ ដែល​នៅ​ពេល​នោះ កម្ពុជា ទទួល​បាន​ពិន្ទុ ៤៥។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ បាន​ចែក​ចំណាត់​ថ្នាក់​ប្រទេស​ជា ៥​ប្រភេទ គឺ​ប្រទេស​ដែល​មាន​អត្រា​ភាព​ស្រេក​ឃ្លាន​កម្រិត​ទាប កម្រិត​មធ្យម កម្រិត​ធ្ងន់ធ្ងរ កម្រិត​ប្រកាស​អាសន្ន និង​កម្រិត​ប្រកាស​អាសន្ន​ខ្លាំង។ បើ​ទោះ​ជា​របាយការណ៍​បង្ហាញ​ថា ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា ប្រសើរ​ជាង​ឆ្នាំ​២០០០ ជិត​ពាក់​កណ្ដាល​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ស្រេក​ឃ្លាន​នេះ គឺ​ឋិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​សមាគម​អាស៊ាន កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ភូមា និង​ឡាវ តែ​នៅ​ពី​ក្រោយ​ប្រទេស​ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និង​ប្រទេស​ឥណ្តូនេស៊ី។

សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ បង្ហាញ​ដែរ​ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា ប្រមាណ ១៤,២% នៅ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ ៩,៦% មាន​បញ្ហា​កង្វះ​ទម្ងន់ កុមារ​ក្រិន​មាន​ចំនួន ៣២,៤% និង​កុមារ​ស្លាប់​នៅ​អាយុ​ក្រោម ៥​ឆ្នាំ​ចំនួន ៣,៨%។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​នេះ​មិន​ទាន់​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ពេញ​ចិត្ត​នៅ​ឡើយ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ មិន​ទាន់​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា នោះ​ទេ បើ​ទោះ​ជា​របាយការណ៍​នេះ​បង្ហាញ​ថា កម្ពុជា បាន​កាត់​បន្ថយ​ប្រមាណ ៥០% នៃ​អត្រា​ភាព​ស្រេក​ឃ្លាន​ក្នុង​រយៈពេល ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ​ចុះ។ លោក ផៃ ស៊ីផាន យល់​ថា កម្ពុជា សម្រេច​បាន​ការ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​ច្រើន​ជាង​នេះ៖ «របាយការណ៍​នេះ​អត់​ឆ្លើយ​តប​នឹង​អ្វី​ដែល​យើង​មាន។ យើង​ធ្វើ​ការ​ជាមួយ​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) យើង​កាត់​បន្ថយ​ច្រើន​ជាង​នេះ របាយការណ៍​នេះ​មិន​ទាន់​ត្រឹមត្រូវ»

ទោះ​បី​ជា​តំណាង​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​របាយការណ៍​នេះ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​កម្ពុជា លោក​បណ្ឌិត កែម ឡី ថ្លែង​កត់​សម្គាល់​ថា ជាទូទៅ​អត្រា​នៃ​ភាព​ក្រីក្រ និង​ភាព​អត់​ឃ្លាន​នៅ​កម្ពុជា ធ្លាក់​ចុះ​ប្រាកដ​មែន ប៉ុន្តែ​លោក​ថា ចំនួន​ពលរដ្ឋ​ដែល​ជិត​ក្រ​មាន​ចំនួន​ច្រើន​ហួស​ហេតុ។ ជុំវិញ​ភាព​ក្រីក្រ​នេះ លោក​ថា គេ​បែង​ចែក​ពលរដ្ឋ​ជា ៣​ប្រភេទ គឺ​ប្រភេទ​អត់​ឃ្លាន ប្រភេទ​ក្រ និង​ប្រភេទ​ឋិត​ក្នុង​ស្ថានភាព​រងគ្រោះ ឬ​ជិត​ក្រ។ លោក​ថា បើ​គេ​បូក​សរុប​ពលរដ្ឋ​ទាំង ៣​ប្រភេទ​នេះ​ចូល​គ្នា គឺ​មាន​ចំនួន​រហូត​ទៅ​ដល់​ប្រមាណ ១២​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប​ជាង ១៤​លាន​នាក់។

លោក​បណ្ឌិត កែម ឡី កត់​សម្គាល់​បន្ត​ថា បើ​គេ​បូក​សរុប​ទិន្នន័យ​ជា​រួម​រវាង​អ្នក​មាន និង​អ្នក​ក្រ​បញ្ចូល​គ្នា គេ​ឃើញ​សង្គម​កម្ពុជា មាន​ទិដ្ឋភាព​ល្អ ប៉ុន្តែ​លោក​ថា បើ​គេ​គណនា​តួលេខ​រវាង​អ្នក​មាន និង​អ្នក​ក្រ​ដាច់​ដោយឡែក​ពី​គ្នា​វិញ នោះ​គេ​នឹង​ឃើញ​ចំនួន​អ្នក​ក្រ និង​អ្នក​ជិត​ក្រ​មាន​ទំហំ​ធំ​ធេង ដែល​លោក​ថា សឹង​តែ​គ្មាន​សម័យ​ណា​ក្រ​ដូច​សម័យ​នេះ​ឡើយ៖ «យើង​ឃើញ​មាន​ហេដ្ឋារចនាសម្ព័ន្ធ អគារ ឡាន ប៉ុន្តែ​អ្នក​មាន​មុខ​ដដែល​ទេ អ្នក​ក្រ​មុខ​ថ្មីៗ អត់​មាន​អ្នក​មាន​កើន​ច្រើន​ទេ មាន​ន័យ​ថា មាន ម៉ុង ឫទ្ធី គិត ម៉េង សុខ គង់ មុខ​ដដែល​ទេ ប៉ុន្តែ​អ្នក​ក្រ​វិញ​មុខ​ថ្មីៗ​ច្រើន ជិត​ក្រ​មុខ​ថ្មីៗ​ច្រើន។ កាល​ពី​មុន គាត់​មាន​ស្រែ​មាន​ចម្ការ ឥឡូវ​គាត់​អស់​ស្រែ​អស់​ចម្ការ ពី​មុន​មាន​សត្វ​ពាហនៈ ឥឡូវ​អស់​សត្វ​ពាហនៈ ជួន​កាល​ស្រែ​ចម្ការ​គាត់​នៅ​ដដែល ប៉ុន្តែ​ចំនួន​កូន​គាត់​ច្រើន​ឡើងៗ នឹង​ហើយ​ដែល​យើង​មើល​ឃើញ​ចំនួន​នេះ​វា​ធំ​ធេង»

រីឯ​របាយការណ៍​ធនាគារ​ពិភពលោក នៅ​ខែ​តុលា ឆ្នាំ​២០១៥ បង្ហាញ​ថា កុមារ​កម្ពុជា អាយុ​ក្រោម ៥​ឆ្នាំ​ប្រមាណ ៣២% ឬ​ស្មើ​ប្រមាណ ៥​សែន​នាក់ កំពុង​ប្រឈម​នឹង​បញ្ហា​ក្រិន។ ចំណែក​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​មាន​ចំនួន ៣,៥% ក្នុង​ឆ្នាំ​២០១៤។ តួលេខ​ទាំងអស់​នេះ គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​តួលេខ​ដែល​បង្ហាញ​ក្នុង​របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥។

តួលេខ​ធនាគារ​ពិភពលោក បង្ហាញ​ដែរ​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ១៧,៧% ក្នុង​នោះ​ប្រជាជន​ប្រមាណ ៣​លាន​នាក់​កំពុង​ឋិត​ក្នុង​ភាព​ក្រីក្រ និង​ប្រមាណ ៨​លាន ១​សែន​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជិត​ក្រ ហើយ​ដែល​ប្រមាណ ៩០% នៃ​ពលរដ្ឋ​ទាំង​នេះ កំពុង​រស់នៅ​តាម​តំបន់​ជនបទ។

ក្រីក្រ ក្រចេះ ៦២០
ពលរដ្ឋ​ក្រីក្រ​រស់​នៅ​​ក្នុង​​ភូមិ​ក្រសាំង ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​១៧ ធ្នូ ២០១៤។ RFA/Brach Chev

រដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៥ នេះ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ឆ្នាំ​២០១១-២០១៥។ យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម សំដៅ​គាំពារ​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​មិន​អាច​ជួយ​ខ្លួន​ឯង​បាន ដើម្បី​ទប់ទល់​នឹង​បញ្ហា​សុខភាព ការ​អប់រំ អសន្តិសុខ​ស្បៀង និង​ផល​ប៉ះពាល់​នៃ​វិបត្តិ​នានា។

រដ្ឋាភិបាល​អះអាង​ថា កន្លង​មក ពួក​គេ​សម្រេច​បាន​សមិទ្ធផល​ក្នុង​ការ​អនុវត្ត​កម្មវិធី​ចែក​ស្បៀង​ដល់​ពលរដ្ឋ កម្មវិធី​គាំពារ​កុមារ​ក្រីក្រ​ឲ្យ​បាន​ចូល​រៀន ការ​ជួយ​ឧបត្ថម្ភ​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ការ​គាំពារ​ដល់​កម្មករ ការ​បង់​ថ្លៃ​ជួស​សម្រាប់​ជន​ក្រីក្រ ការ​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ជន​ក្រីក្រ និង​ការ​ពង្រីក​វិសាលភាព​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ ជាដើម។

យ៉ាង​ណា លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ពង្រីក​គោល​នយោបាយ​គាំពារ​សង្គម​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​អាច​ឲ្យ​អ្នក​ក្រ​មាន​លទ្ធភាព​ក្លាយ​ជា​អ្នក​មាន៖ «រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​អភិវឌ្ឍន៍​គ្រួសារ​ក្រីក្រ គាត់​មាន​ផែនការ​អភិវឌ្ឍន៍​រួម ហើយ​ផែនការ​អភិវឌ្ឍន៍​គ្រួសារ​ក្រីក្រ មិន​មែន​វិភាជក​ថវិកា​ទៅ​តែ​រដ្ឋ​ទេ គឺ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​ជួល​ពួក​គាត់​ឲ្យ​ផ្តល់​សេវា​ដល់​អ្នក​ក្រីក្រ​នៅ​តាម​ភូមិ​ជាក់លាក់ ដើម្បី​អាច​ឲ្យ​ជួយ​បាន»

របាយការណ៍​របស់​អង្គការ វ៉ែលហាំងហ្គឺហីហ្វ ឆ្នាំ​២០១៤ បង្ហាញ​ថា មូលហេតុ​នៃ​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា គឺ​បណ្ដាល​មក​ពី​ភាព​ក្រីក្រ កង្វះ​អនាម័យ កង្វះ​ការ​អនុវត្ត​ការ​បំបៅ​ដោះ​កូន ការ​អប់រំ និង​ការ​មិន​ទទួល​បាន​ដី​ដាំដុះ​គ្រប់គ្រាន់ ជាដើម។

ធនាគារ​ពិភពលោក លើក​ឡើង​ថា កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍ ក្នុង​នោះ​រួម​មាន ការ​ផ្តល់​សេវា​សាធារណៈ​ដែល​ទន់​ខ្សោយ ការ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ​គ្មាន​ប្រសិទ្ធភាព ចីរភាព​បរិស្ថាន និង​បញ្ហា​អភិបាលកិច្ច​ល្អ ជាដើម។ ធនាគារ​ពិភពលោក ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ផលិតកម្ម ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទាំង​នេះ​ក្លាយ​ជា​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​ឈាន​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។

បន្ថែម​ពី​នេះ​ទៀត រដ្ឋាភិបាល និង​សមាជិក​អង្គការ​សហប្រជាជាតិ ជាច្រើន​ប្រទេស​ទៀត កាល​ពី​ខែ​កញ្ញា បាន​ទទួល​យក​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព សម្រាប់​រយៈពេល ១៥​ឆ្នាំ​ទៅ​មុខ​ទៀត។

គោលដៅ​អភិវឌ្ឍន៍​នេះ​មាន ១៧​ចំណុច​សំខាន់ៗ គឺ​រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​ភាព​ក្រីក្រ​គ្រប់​រូបភាព លុប​បំបាត់​ភាព​អត់​ឃ្លាន ការ​សម្រេច​បាន​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ត្រូវ​ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុខភាព និង​លើក​កម្ពស់​សុខុមាលភាព សម្រាប់​មនុស្ស​គ្រប់​វ័យ និង​ករណី​ជាច្រើន​ទៀត ក៏ប៉ុន្តែ​គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​រដ្ឋាភិបាល​នឹង​អនុវត្ត​គោល​នយោបាយ​នេះ​បាន​ត្រឹម​កម្រិត​ណា ដើម្បី​បញ្ចប់​ភាព​ស្រេក​ឃ្លាន​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។