តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​មន្ត្រី​ព័ត៌មាន​ដែល​រង​ការ​ចោទ​បរិហារ​កេរ្តិ៍​នៅ​ថ្ងៃ​ទី​២៦​តុលា

ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​យក​ថ្ងៃ​ទី​២៦ ខែ​តុលា ដើម្បី​ប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង​មន្ត្រី​ព័ត៌មាន និង​ភរិយា លោក សៀក សុជាតិ ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ក្រោយ​ពី​ចំណាយ​ពេល​ជំនុំ​ជម្រះ​ដែល​ប្រើ​ពេល​ប្រមាណ ២​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ម៉ុង មុន្នីសោភា បាន​ប្រកាស​ភ្លាមៗ​ថា នឹង​យក​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ។ ការ​សម្រេច​ជ្រើស​រើស​ថ្ងៃ​ទី​២៦ តុលា ដើម្បី​ប្រកាស​សាលក្រម​របស់ លោក ម៉ុង មុន្នីសោភា គឺ​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ មេធាវី​ការពារ​ក្ដី​ឲ្យ​ដើម​ចោទ និង​តំណាង​អយ្យការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រួច។

ក្រោយ​ពី​ចេញ​ពី​បន្ទប់​សវនាការ​ភ្លាម លោក ព្រំ សាន អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន ឲ្យ​ដឹង​ថា ការ​ពិត​អ្វី​ដែល​លោក​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម គឺ​តាម​ការ​ពឹងពាក់​របស់ អ្នកស្រី មុំ ម៉ានុត ជា​ភរិយា លោក សៀក សុជាតិ។ លោក​បន្ត​ថា អត្ថបទ​ដែល​លោក​ចុះ​ផ្សាយ គឺ​ពុំ​បាន​មួលបង្កាច់​បង្ខូច ឬ​ចង់​បរិហារ​កេរ្តិ៍ អ្នកស្រី កែវ ម៉ាលី ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ ជាង​នេះ​ទៀត អត្ថបទ​ដែល​លោក​ប្រើ​នោះ គឺ​ក្នុង​ន័យ​ជា​ទស្សនៈ និង​ការ​បញ្ចេញ​មតិ​យោបល់​ប៉ុណ្ណោះ ដូចជា ប្រើ​ពាក្យ​ថា "ប្រសិន​បើ​វា​នឹង​អាច​ទៅ ឬ​ថា ឧបមា​ថា ជាដើម" វា​ពុំ​មែន​ជា​ប្រភេទ​អត្ថបទ​ដែល​ចោទ​ប្រកាន់​ឡើយ៖ «»។

លោក ព្រំ សាន ជា​មន្ត្រី​ព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​អ្នកស្រី មុំ ម៉ានុត ជា​ភរិយា លោក សៀក សុជាតិ ត្រូវ​រង​ការ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី លោក ព្រំ សាន បាន​ចុះ​ផ្សាយ​អត្ថបទ​កាល​ពី​ខែ​សីហា ពី​ទំនាក់ទំនង​ស្នេហា​រវាង អ្នកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​នឹង លោក សៀក សុជាតិ នាយ​រង​សេនាធិការ​ចម្រុះ និង​ជា​នាយក​ទីចាត់ការ​ព្រំដែន នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ជា​ប្ដី​របស់ អ្នកស្រី មុំ ម៉ានុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។