យុវជន​ម្នាក់ បាន​កាប់​ច្រ​លំ​ចំ​លើ​ប៉ូលិស ត្រូវ​ជាប់​ខ្នោះ បញ្ជូនទៅ​តុលាការ​

ខេត្តតាកែវ: បុរស​ម្នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ដោយសារ​ជន​នោះ បានធ្វើ​សកម្មភាព ស្ទាក់​ចាំ​កាប់​គូ​គំនុំ បែរជា​កាប់​ច្រ​លំ ចំ​ប៉ូលិស​។ ប៉ុន្តែ​មិន​បណ្ដាលអោយមាន​របួស​ទេ​។
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ២០ នៅ​ភូមិ​ជំរៅ ឃុំ​រាម ស្រុក​បាទី ខេត្តតាកែវ​។ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព រួច​រត់​ចូល​ផ្ទះ​។​

​លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី បានអោយដឹងថា ជនសង្ស័យ​ខាងលើ មានឈ្មោះ សាំង កវី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​បក្សពួក​ពីរ​នាក់​ទៀត ដែល​រត់​គេចខ្លួនបាត់ រួមមាន ឈ្មោះ ឌី រ៉ា​ក់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ឈ្មោះ សយ ថៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​។ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ភូមិ​ជំរៅ ឃុំ​រាម ស្រុក​បាទី ខេត្តតាកែវ ជាមួយគ្នា​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ និង​បក្សពួក ពិតជា​បាន​ជិះ​ម៉ូតូ ទៅ​ចាំ​ស្ទាក់​កាប់​គូ​គំនុំ​ពិតប្រាកដ​មែន ប៉ុន្តែ​ឃើញ​ភ្លើង​ម៉ូតូ​ប៉ូលិស ស្មានតែ​ជា​គូ​គំនុំ ក៏​កាប់​ទៅ​។ ប៉ុន្តែ​មិនត្រូវ​ទេ ពេលដែល​គេ​ដឹងថា ជា​ប៉ូលិស​រូបគេ ក៏​នាំគ្នា រត់​ទៅផ្ទះ រួច​ក៏ត្រូវ​ប៉ូលិស តាម​ចាប់​ដល់ផ្ទះ​តែម្ដង​៕

យុវជន​ម្នាក់ បាន​កាប់​ច្រ​លំ​ចំ​លើ​ប៉ូលិស ត្រូវ​ជាប់​ខ្នោះ បញ្ជូនទៅ​តុលាការ​