ក្មេង​ប្រុស​៣​នាក់​នាំ​គ្នា​ងូតទឹក​ទន្លេមេគង្គ​លង់​ស្លាប់​២​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ រហូត​មក​ដល់​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ តុលា ២០១៥ ក្មេង​ប្រុស​២​នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​បាន​លង់ទឹក​ទន្លេមេគង្គ​ ​ត្រង់​ចំណុច​កំពង់ដរ​កំពង់ទ្រាស ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ នៅ​តែ​រក​មិន​ទាន់​ឃើញ​នូវឡើយទេ ។

លោក​អនុសេនីយ៍ឯក អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឪពុក​ម្តាយ​មិន​បាន​ប្រុង​ប្រយ័ត្ន ក្មេង​ប្រុស​តូច​ៗ​៣​នាក់ មាន ១-​ឈ្មោះ យ៉ា ម៉ាត់​ទុល​រ៉ុល អាយុ​៧​ឆ្នាំ​, ២-​ឈ្មោះ ម៉ាត់ ស៊ិ​ល​ហ៊ី​ម អាយុ​៩​ឆ្នាំ និង ៣-​ឈ្មោះ កក សាង អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ទាំងអស់​គ្នា​ បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​ដោយ​បាន​បបួល​គ្នា​មក​ងូតទឹក​ទន្លេមេគង្គ​នៅ​កំពង់ដរ​កំពង់ទ្រាស​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ខាងលើ ។ ក្នុង​ពេល​ដែល​កំពុង​ងូត​ទឹក​លេង​នោះ ស្រាប់តែ​ក្មេង​ប្រុស​ទី​១ និង​ទី​២ បាន​លង់ទឹក​ទន្លេ ឃើញ​បែប​នេះ​ក្មេង​ប្រុស​ទី​៣​បាន​ស្ទុះ​ឡើងគោក​ប្រញាប់​រត់​មក​ប្រាប់​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឲ្យ​នាំ​គ្នា​ចេញ​ទៅ​ជួយ​សង្គ្រោះ​អាយុជីវិត ។ មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវរក​នៅ​កន្លែង​ងូត​នោះ តែ​មិន​បាន​ប៉ះ​ក្មេង​ប្រុស​ណា​ម្នាក់​នោះ​ទេ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​តាម​រក​បន្ថែម​ទៀត​ដោយ​មាន​គ្នា​កាន់តែ​ច្រើន​ឡើង​ៗ មាន​ទូក​ម៉ាស៊ីនបូមខ្យល់ ថែម​ទាំង​បាន​នាំ​គ្នា​ចុះ​រាវ​ដល់​បាតទន្លេ​ថែម​ទៀត​តែ​រក​មិនឃើញ​ទាល់តែ​សោះ ។

លោក​អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា សកម្មភាព​តាម​រក​ពី​សំណាក់​ឪពុក​ម្តាយ​របស់​ក្មេង​ៗ​ទាំង​២​នាក់​នោះ​នៅ​តែ​បន្ត​រក​ជាមួយ​ក្រុម​សាច់​ញាតិ និង​អ្នក​ភូមិ គិត​រហូត​មក​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​ទៅ​ហើយ​នោះ​នៅ​តែ​មិន​ទាន់​រាវរក​សព​ក្មេង​ឈ្មោះ រ៉ុល និង​ឈ្មោះ ហ៊ី​ម ឃើញ​នៅឡើយ​ទេ ។ ទោះជា​បែប​ណា​ក្តី​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​កំពុង​តែ​បន្ត​រក​បន្ថែម​ទៀត ទោះបីជា​យប់​ចូល​មក​ដល់​ក្តី គេ​មិនដឹង​ថា​តើ​សព​ក្មេង​ទាំង​២​នាក់​នោះ​បាន​រសាត់​តាម​ខ្សែទឹក​ហូរ​ដល់​ត្រង់​ណា​ទេ ជាមួយ​គ្នា​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ផ្តល់​ដឹ​ណឹ​ង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាងក្រោម​ឲ្យ​ជួយ​ចាំ​មើល​ផង​ដែរ ៕