សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​រោងចក្រ​កាត់ដេរ អេស​ជី ខណៈ​កំពុង​ភ្លៀង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ អេស​ជិ អ៊ិ​ន​ធើ​ណេ​សិន​ណា​ល់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ ម៉ុង ឫ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១៩ តុលា ២០១៥ ។

ប្រភព​​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ទោះបីជា​មាន​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ភ្លើង​នៅ​តែ​បន្ត​ឆេះ​ដដែល ដែល​ពេល​នេះ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​កំពុង​ជញ្ជូន​ទឹក​ និង​បាញ់​​ពន្លត់​អគ្គិភ័យ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​បង្ការ និង​ពន្លត់​អគ្គិភ័យ​បានឱ្យ​ដឹង​ថា ពេល​នេះ​ភ្លើង​បាន​រលត់​​អស់​ប្រហែល​៤០%​ហើយដោយ​សារ​មានការ​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់​យ៉ាង​ខ្លាំងក្លា ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​ជំនួយ​ផង​នោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​យើង​នៅ​មិន​ទាន់​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ តែ​សង្ស័យ​ថា​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ព្រោះ​មាន​មាន​គេ​ឮ​ស្នូរ​ផ្ទុះ​មុន​ពេល​មាន​ភ្លើង​ឆេះ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​នៅ​ពេល​នេះ ៕

ព័ត៌មាន​លម្អិត​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត