លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុមហ៊ុន​សាំង​បញ្ចុះ​ឬ​ដំឡើង​ថ្លៃ​ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​គណនា​ជុំវិញ​តម្លៃ​ប្រេង​ឥន្ធនៈ ដើម្បី​ដោះស្រាយ​បញ្ហា​លក់​និង​ចែកចាយ​សាំង​នៅ​តាម​ស្ថានីយ​នានា ដែល​ចេះ​តែ​ដំឡើង​និង​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ស្រេច​តែ​នឹង​ចិត្ត។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​១៩ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​លក់​ប្រេងឥន្ធនៈ ដើម្បី​កំណត់​និង​ដោះស្រាយ​បញ្ហា ដែល​ម្ចាស់​អាជីវកម្ម​ចេះ​តែ​ដំឡើង​និង​បញ្ចុះ​តម្លៃ​ដោយ​គ្មាន​គោលការណ៍​ជាក់លាក់​នោះ៖ «ប្រយ័ត្ន​ចុះ​មួយ​រយ​រៀល​មុន​ភ្ជុំ ឡើង​បី​រយ​រៀល​ក្រោយ​ភ្ជុំ​ណា។ កុំ។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​វា​នៅ​កន្លែង​នេះ លឺ​សូរ​តែ​ប្រេង​ឡើង​ថ្លៃ​នៅ​ក្រុង​ឡុងដ៏​នៅ​ញូយ៉ក ភ្លាម​ឡើង​ថ្លៃ​ប្រេង​នៅ​ភ្នំពេញ។ អា​ឡើង​ចុះ​កុំ​ឲ្យ​តាម​វ៉ាល់​របស់​ខ្លួន​នៅ​ភ្នំពេញ។ យោគយល់​បាន​នៅ​ពេល​ដែល​មួយ​ប៉ារ៉ែល​៥៥ ដល់​គេ​ចុះ​មក​៥០​ខ្លួន​មិន​ទាន់​ចុះ​បាន​ទេ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ដោយសារ​តែ​ខ្លួន​ដឹក​អា​៥៥​មក​ស្តុក​នឹង​យោគយល់​បាន។ ប៉ុន្តែ​រឿង​យោគយល់​មិន​បាន​នៅ​ត្រង់​នេះ ដល់​ប្រេង​ឡើង​ដល់​៦០​គាត់​ដំឡើង​នៅ​ទី​នេះ​ភ្លាម ក្នុង​ពេល​ដែល​គាត់​អត់​ទាន់​បាន​ឡើង​តែ​មួយ​ដំណក់។ គឺ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ការ​ផ្ទាល់​ហៅ​មេ​ធំៗ​ទៅ​ជួប»។

នៅ​អំឡុង​ខែ​តុលា ក្រុមហ៊ុន​លក់​ប្រេងសាំង​ភាគច្រើន​បាន​បញ្ចុះ​ថ្លៃ​លក់​ជូន​អតិថិជន។ ក្នុង​មួយ​លីត្រ​មាន​តម្លៃ​ជិត​៤​ពាន់​រៀល។

កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​ចែកចាយ​ប្រេងសាំង​ភាគច្រើន​បាន​យល់​ព្រម​បញ្ចុះ​ថ្លៃ​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ​តាម​ការប្រែប្រួល​តម្លៃ​ប្រេងសាំង​ក្នុង​ទីផ្សារ​ពិភពលោក។

ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ទាំង​នេះ​បាន​ធ្វើ​ឡើង​ឆ្លើយតប​នឹង​ការ​សន្យា​របស់​ខ្លួន​ក្នុង​ជំនួប​ដែល​ដឹកនាំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ទាក់ទង​នឹង​យន្តការ​កំណត់​តម្លៃ​ប្រេង​ឲ្យ​បាន​សមរម្យ ខណៈ​តម្លៃ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៅ​រយៈពេល ២​ខែ​ចុង​ក្រោយ ដោយ​ធ្លាក់​ដល់​ក្រោម ៥០​ដុល្លារ ក្នុង​មួយ​បារ៉ែល (ប្រមាណ ១១៩​លីត្រ) ដែល​ជា​តម្លៃ​ទាប​បំផុត​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។