ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពីរ​ខេត្ត​ផ្សេង​គ្នា​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​ជួយ​ដោះស្រាយ

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ បាន​តវ៉ា និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ព្រម​គ្នា​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ដើម្បី​ឲ្យ​ជួយ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួក​គាត់ បន្ទាប់​ពី​ជម្លោះ​ដីធ្លី​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​ព្រម​ដោះស្រាយ។

ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ គឺ​ប្រជាពលរដ្ឋ​អតីត​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល ចំនួន ១៨​គ្រួសារ ដែល​មិន​ទាន់​បាន​សំណង ក្រោយ​ពី​អាជ្ញាធរ​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០១៦ នោះ ទាមទារ​ឲ្យ​បើក​ផ្លូវ​សម្រាប់​ពួក​គាត់​ធ្វើ​អាជីវកម្ម​ឡើង​វិញ។ ការ​ទាមទារ​នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន សុខា បាន​យក​ដី​នោះ​ទៅ​ពុំ​បាន​អភិវឌ្ឍ​អ្វី​នោះ​ទេ ដោយ​ព័ទ្ធ​របង​ទុក​ចោល ១០​ឆ្នាំ​មក​ហើយ៖ «ចង់​បាន​ឆ្នាំង​បាយ​របស់​ខ្ញុំ ចង់​បាន​ទីតាំង​លក់ ព្រោះ​ដី​នេះ​ជា​ដី​រដ្ឋ អត់​មាន​ដី​អ្នក​មាន​អំណាច​ណា​ទេ។ ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ និង​ម្ចាស់​ឆ្នោត ខ្ញុំ​បោះ​ឆ្នោត​ជូន​រដ្ឋាភិបាល។ ដូច្នេះ សូម​រដ្ឋាភិបាល​ឲ្យ​ដី​ហ្នឹង​ទៅ​ប្រជាពលរដ្ឋ​ទៅ ដើម្បី​បង់​លុយ​ចូល​រដ្ឋ»

ចំណែក​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ១០​នាក់ មក​ពី​ស្រុក​កោះធំ ខេត្ត​កណ្ដាល វិញ ស្នើ​ឲ្យ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ជំរុញ​ទៅ​អាជ្ញាធរ​ភូមិ​កំពង់សំបួរក្រោម ឃុំ​ព្រែកថ្មី និង​មន្ទីរ​សុរិយោដី វាស់វែង និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់។

លោក ជ សែ តំណាង​ឲ្យ​អ្នក​តវ៉ា​ពី​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង​បន្ទាប់​ពី​ម្ចាស់​ឡ​ថ្នាំ​ម្នាក់​ឈ្មោះ ប៊ុន យួគ្រា ជួល​ដី​ពួក​គាត់​តាំង​ពី​ឆ្នាំ​១៩៨៦ រហូត​ដល់​ឆ្នាំ​១៩៨៩ ដើម្បី​ធ្វើ​អាជីវកម្ម ប៉ុន្តែ​បុគ្គល​ម្នាក់​នោះ​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្ងាត់ៗ។ សំណុំ​រឿង​ជម្លោះ​ដីធ្លី បាន​ធ្លាក់​ដល់​ដៃ​តុលាការ​កំពូល ហើយ​បាន​កាត់​ក្តី​ឲ្យ​ពួក​គាត់​ឈ្នះ​នៅ​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន ពុំ​អនុវត្ត​តាម​សាល​ដីកា​នោះ​ទេ​មក​ទល់​ពេល​នេះ។

ក្រោយ​ដាក់​ញត្តិ​ហើយ​នោះ តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សមាជិក​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា អ្នកស្រី ឡោក ខេង សន្យា​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។