សម្តេច​តេ​ជោ​៖ ទីក្រុង​ភ្នំពេញ​ស្ងាត់​នៅ​រដូវ​បុណ្យទាន ដោយសារ​ការរីកចម្រើន និង​អភិវឌ្ឍន៍​របស់​កម្ពុជា​

ភ្នំពេញ: ​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ វេ​ស្ទើ​ន នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាម​ការរាយការណ៍​ជូន​ពី​សំណាក់​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅពេលដែល​សម្តេច​នៅក្រៅ​ប្រទេស ខណៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថា ភ្ជុំ​ឆ្នាំនេះ នៅ​ភ្នំពេញ​គឺ​ស្ងាត់​ណាស់​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការ​ស្ងាត់​នៃ​រាជធានី​ភ្នំពេញ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ ដោយសារ​កក្តា ៣ ៖ កក្តា​ទី​១ គឺ​សុខសន្តិភាព ដែល​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង ដោយ​មិន​ព្រួយបារម្ភ​ដូច​សម័យ​មាន​សង្គ្រាម​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​គ្រាប់មីន និង​កម្លាំងប្រដាប់អាវុធ​ត្រួតត្រា​ទឹកដី​ជា ៤ ផ្នែក គឺមាន​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ភ្នំពេញ តំបន់​គ្រប់គ្រង​ដោយ​ខ្មែរក្រហម តំបន់​គ្រប់គ្រង​ដោយ​ធី​វ​គី និង​តំបន់​គ្រប់គ្រង​ដោយ​ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ​បច្ចុប្បន្ន​គឺ​សុខសន្តិភាព​ពេញទី ដូច្នេះ​ប្រជាពលរដ្ឋ​ចង់ទៅ​លេង​ឯណា​ស្រេច​តែ​ចិត្ត​គាត់​ចង់ អត់​មាន​ត្រូវការ​សុំច្បាប់​អ្នកណា​។ សម្តេច​តេ​ជោ សង្កត់ធ្ងន់ថា​កក្តា​សន្តិភាព​នេះ​សំខាន់​ណាស់ ដូច្នេះ​យើង​ត្រូវការពារ​ឲ្យ​បាន​។​

​កក្តា​ទី​២ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​។ សម្តេច​តេ​ជោ រំលឹកថា​ពី​ដើម​តាម​មាត់ទន្លេ ព្រែក ដែល​លំបាក​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ ឬ​ការតភ្ជាប់ ដោយ​ត្រូវធ្វើ​ស្ពាន​ជាច្រើន​កន្លែង​។ ឥឡូវនេះ​មាន​ផ្លូវថ្នល់ ស្ពាន គឺ​បាន​ត​ភ្ជាប់​ស្ទើរតែ​ជុំវិញ​ប្រទេស ដែល​ទោះបី​កន្លែង​ខ្លះ​មិនទាន់​បានធ្វើ​ហើយ​ទាំងស្រុង ហើយ​ផ្លូវ​ខ្លះ​ខូច​ខា​ច​កំពុង​ជួសជុល​ក្តី តែ​យ៉ាងណា​ក៏មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ទៅកាន់​កន្លែង​ដែល​ចង់ទៅ​ដូចជា​ស្រុកកំណើត រមណីយដ្ឋាន​ទេសចរណ៍ ឬ​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អារាម​នានា​។ កក្តា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ វា​សំខាន់​ណាស់ មិន​គ្រាន់តែ​បញ្ហា​សេដ្ឋកិច្ចសង្គម​ប្រចាំថ្ងៃ​ទេ បុណ្យទាន​ម្តងៗ​ក៏បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែរ​។ អ្វីដែល​ទើបតែ​ទទួលបាន​ថ្មីៗ​នេះ​គឺ​ស្ពាន​ស្យឹ​បា​សា ដែល​ដោះស្រាយបាន​ទាំងស្រុង​នូវ​ការកកស្ទះ​ចរាចរ នៅ​សាឡាង​អ្នក​លឿង​ជា​រៀងរាល់ឆ្នាំ​នោះ​។​

​កក្តា​ទី​៣ គឺ​ប្រជាជនមាន​ប្រាក់ចំណូល​ដែល​អាចធ្វើ​ដំណើរ​បាន​។ សម្តេច​លើក​ជា​ឧទាហរណ៍​ថា បើ​មាន​ផ្លូវ​មាន​យាន្ត​ជំនិះ​ប៉ុន្តែ​គ្មាន​លុយ ក៏​មិនអាច​ធ្វើដំណើរ​ទៅណា​បានដែរ​ព្រោះ​ត្រូវ​ការចាក់​សាំង​។ ប៉ុន្តែ​ប្រជាជនមាន​ប្រាក់ចំណូល​អាចធ្វើ​ដំណើរ​បាន​។ សម្តេច​តេ​ជោ ក៏បាន​លើកឡើងថា បញ្ហា​គឺថា​ឲ្យ​តែ​ពេល​បុណ្យទាន​ម្តងៗ​គឺ​រថយន្ត​ឡើងថ្លៃ គឺ​ដូច​សណ្ឋាគារ​នៅ​ញ៉ូ​វ​យ៉​ក ដែល​ឲ្យ​តែ​ជិត​ដល់ពេល​ប្រជុំ​អង្គការសហប្រជាជាតិ​ម្តងៗ គឺ​ឡើងថ្លៃ​កប់​ពពក ដូចដែល​ឡានក្រុង​នៅ​ស្រុក​ខ្មែរ​ដែល​ឡើងថ្លៃ​ពេល​បុណ្យទាន​ចឹ​ង​ដែរ​។ ទោះជា​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញថា សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​៕​

សម្តេច​តេ​ជោ​៖ ទីក្រុង​ភ្នំពេញ​ស្ងាត់​នៅ​រដូវ​បុណ្យទាន ដោយសារ​ការរីកចម្រើន និង​អភិវឌ្ឍន៍​របស់​កម្ពុជា​

សម្តេច​តេ​ជោ​៖ ទីក្រុង​ភ្នំពេញ​ស្ងាត់​នៅ​រដូវ​បុណ្យទាន ដោយសារ​ការរីកចម្រើន និង​អភិវឌ្ឍន៍​របស់​កម្ពុជា​