​តុលាការ​ឃុំខ្លួន​ថៅកែ​ឡាន​បោក​លុយ​១០​ម៉ឺន​ដុល្លារ តាមរយៈ​កុម្មង់​ទិញ​ឡាន​ស៊េរី​ទំនើប​

ភ្នំពេញ: ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ឡាន​នាំ​ឡាន​ស៊េរី​ទំនើបៗ ពី​អាមេរិក​មក​កម្ពុជា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៥​។​

​ជនជាប់ចោទ​រូបនោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥​កន្លងទៅនេះ នៅ​ផ្ទះជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​រង​ការចោទប្រកាន់ថា "​បាន​ឆបោក​យកលុយ​ចំនួន​១០​ម៉ឺន​ដុល្លារ ថ្លៃ​កក់​ទិញ​រថយន្ត​ស៊េរី​ទំនើប​ដែល​កុម្មង់​ទិញ​ពី​បរទេស ហើយ​គេចវេះ​មិន​ព្រម​សង​ដោយ​លើស​កិច្ចសន្យា​ជាង​៣​ខែ​មកហើយ និង​ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​"​។​
     
​លោក​វរសេនីយ៍ទោ ម៉ាំង សុខ​លុច នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ឈ្មោះ​ឈាង សុផល អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​រថយន្ត មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​លេខ​២០៧ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ថៃ ឈុន​គ្រី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦E០ ផ្លូវ​លេខ​៨៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
     
​លោក​ម៉ាំង សុខ​លុច បន្តថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ថៃ ឈុន​គ្រី ពីបទ ឆបោក​លុយ​១០​ម៉ឺន​ដុល្លារ និង​ចាំំ​អនុញ្ញាត​ពី​លោក​ស៊ុំ វ​ណ្ណី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​របស់លោក​ចាប់ខ្លួន​ឈ្មោះ​ឈាង សុផល នៅផ្ទះ​ជួល​ខាងលើ មក​សាកសួរ​តាម​នីតិវិធី​។​
    
​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ថៃ ឈុន​គ្រី បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៥ ឈ្មោះ​ឈាង សុផល បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​Asia Business Solution(Cambodia)Co,ltd ថា ជា​ក្រុមហ៊ុន​របស់គាត់ ហើយ​ប្រាប់​គាត់​និង​ប្រពន្ធ ដែល​ធ្លាប់​ស្គាល់គ្នា​យូរ​មកហើយ​ថា "​មាន​លក់​រថយន្ត​ស៊េរី​ទំនើបៗ​ច្រើន​ប្រភេទ​អាច​បញ្ជា​ទិញ​តាមចិត្ត​ចង់​រយៈពេល​តែ​៤​សប្តាហ៍ គិត​ចាប់​ពីថ្ងៃ​ចុះកិច្ចសន្យា​និង​ទទួល​ប្រាក់​កក់​"​។​
   
​ពាក្យបណ្តឹង​បន្តថា ឮដូច្នេះ​គាត់​និង​ប្រពន្ធ​គាត់​បាន​បញ្ជា​ទិញ​រថយន្ត​ម៉ាក Land Rover Vouge ស៊េរី​២០១៤ ដោយ​បានធ្វើ​កិច្ចសន្យា​ទិញ​លក់​នៅ​ថ្ងៃទី​២៤​មេសា​ឆ្នាំ​២០១៥ ក្នុងតម្លៃ ១២៨.០០០​ដុល្លារ (​ដប់​ពីរម៉ឺន​ប្រាំបី​ពាន់​) ហើយ​ឈ្មោះ​ឈាង សុផល តម្រូវ​ឲ្យ​កក់​លុយ​៥០​ភាគរយ​ស្មើនឹង​៦៤.០០០​ដុល្លារ (​ប្រាំមួយ​ម៉ឺន​បួន​ពាន់​) ហើយ​ប្រាប់ថា "​រថយន្ត​នោះ​កំពុង​នៅលើ​កប៉ាល់ ហើយ​នៅ​ខែមិថុនា នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ ដូចនេះ​ត្រូវ​បង់​ថែម​៣០​ភាគរយ​ទៀត​។ ដោយ​ការជឿទុកចិត្ត​គាត់​ក៏បាន​បង់​៣០​ភាគរយ​ទៀត ស្មើនឹង​៣៨.០០០​ដុល្លារ (​បី​ម៉ឺន​ប្រាំបី​ពាន់​)​។​
     
​ពាក្យបណ្តឹង​បន្តទៀតថា ក្រោយពេល​ទទួល​លុយ​បាន​ហើយ​ជនសង្ស័យ ឈាង សុផល បានប្រគល់​លិខិត B/L​លេខ​៦០៣៩២៩០៧០​ចុះ​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៥ ជា​ភាសា​អង់គ្លេស​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (Email) នា​ថ្ងៃទី​២០ មិថុនា​ឆ្នាំ​២០១៥​ថា កុងតឺន័រ​លេខ MRKU០០៣៤៥៦០ មាន​រថយន្ត​ម៉ាក Land Rover Vouge ស៊េរី​២០១៤ និង​ភ្ជាប់​នូវ​រូបថត​រថយន្ត​ច្រើន​សន្លឹក ហើយ​នៅពេល​ប្រគល់​រថយន្ត​ខ្លួន​នឹង​យកលុយ​២០​ភាគរយ​ទៀត​។ លុះដល់​ថ្ងៃ​ប្រគល់​រថយន្ត​ស្រាប់តែ​ឈាង សុផល ប្រាប់ថា "​រថយន្ត​ដែល​ខ្លួន​បញ្ជា​ទិញ​ត្រូវបាន​គយ​ចាប់ និង​កម្ទេច​អស់ហើយ​"​។ បន្ទាប់មក​គាត់​បាន​ពឹង​មេធាវី​ឲ្យ​ទៅ​ស្រាវជ្រាវ គឺ​ពុំមាន​ករណី​កម្ទេច​រថយន្ត​នោះទេ​។ ក្រោយមក​លោក​ក៏បាន​ទារលុយ ១០ ម៉ឺន​ដុល្លារ​វិញ តែ​ត្រូវបាន​ឈ្មោះ​ឈាង សុផល ពុំ​ព្រម​ប្រគល់​ប្រាក់​និង​គេចវេះ​រហូត ទើប​លោក​សម្រេចចិត្ត​ប្តឹង​តែម្តង​។​
    
​បន្ទាប់ពី​ចាប់ខ្លួន​រួចមក​ជនសង្ស័យ ឈ្មោះ​ឈាង សុផល បាន​សារភាព​ប្រាប់​អាវុធហត្ថ​ថា ខ្លួន​ពិតជា​បានទទួល​លុយ​កក់​ទិញ​រថយន្ត​១០​ម៉ឺន​ដុល្លារ​មែន ហើយក៏​ពុំទាន់​សង​ទៅ​លោក​ថៃ ឈុន​គ្រី វិញ​ដែរ​៕

​តុលាការ​ឃុំខ្លួន​ថៅកែ​ឡាន​បោក​លុយ​១០​ម៉ឺន​ដុល្លារ តាមរយៈ​កុម្មង់​ទិញ​ឡាន​ស៊េរី​ទំនើប​