រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ​ បើកបរ​ដោយ​ស្រី​ស្រស់​ក្មេង​ម្នាក់​ដែល​បុក​សិស្សសាលា​ម្នាក់​ស្លាប់​ គឺ​បំបាក់មុខ​បុរស​ខ្លាំង​ពេញទំហឹង​

​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ចំណុច​ជិត​វិមាន​ឯករាជ្យ​ មហាវិថី​ព្រះ​នរោត្តម​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ រវាង​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-2789​ បើកបរ​ដោយ​ស្រី​ស្រស់​ក្មេង​ម្នាក់​ បុក​យ៉ាង​ពេញទំហឹង​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ VIVA​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1X-7031​ បើកបរ​ដោយ​យុវជន​ម្នាក់​ជា​សិស្សសាលា​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ និង​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ស្រី​ស្រស់​ក្មេង​ដែល​បើកបរ​រថយន្ត​ផលិត​នៅ​ប្រទេស​កូរ៉េ​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-2789​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មានឈ្មោះ​ សុខ​ ម៉ា​រ៉ូ​លី​ន​ អាយុ​២៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១០៥A2​ ផ្លូវ​លេខ​៦៣​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ និង​យុវជន​រង​គ្រោះ​មានឈ្មោះ​ ង៉ោ​ រិ​ទ្ធី​ អាយុ​១៥​ឆ្នាំ​ ជា​សិស្សសាលា​ព្រះ​ស៊ី​សុវត្ថិ​ ស្នាក់​នៅផ្ទះ​លេខ​២៧Eoz​ ផ្លូវ​លេខ​២០៨​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ។​

​អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​ កងឯកភាព​ ក្នុង​កង​យោ​ពល​ខេមរភូមិន្ទ​នោះ​ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-2789​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ត្រូវជា​រថយន្ត​របស់​ក្រសួងការពារជាតិ​ ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​(​ដឹក​ជញ្ជូន​កងទ័ព​ ឬ​សម្ភារៈ​ទ័ព​)​ ដោយ​តម្រូវ​ឲ្យ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ជា​ពណ៌​អ្វី​ផ្សេង​ដែល​ជា​ពណ៌​ពិសេស​សម្រាប់​កងទ័ព​ និង​ជា​លេខ​កូដ​សំគាល់​ប្រើប្រាស់​នៅ​ក្រសួងការពារជាតិ​(​ខេមរភូមិន្ទ​01)​ ។​ ប៉ុន្តែ​ជាក់ស្តែង​ រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មិន​មាន​លាប​ពណ៌​ត្រេ​អ៊ី​ជា​ពណ៌​ពិសេស​សម្រាប់​កងទ័ព​អ្វី​ទេ​ ហើយ​ក៏​មិន​ទាន់​ដឹង​ប្រាកដ​ថា​ ស្រី​ស្រស់​ក្មេង​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ​មែនឬ​មិនមែន​ និង​រថយន្ត​បង្ក​ជា​កម្មសិទ្ធិ​របស់​ក្រសួងការពារជាតិ​ ឬ​ជា​កម្មសិទ្ធិ​របស់​ឯកជន​ យក​មក​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដើម្បី​សម្ញែង​នូវ​អំណាច​ និង​ផលប្រយោជន៍​អ្វី​ផ្សេង​ទៀត​ ឬ​យ៉ាងណា​នៅឡើយ​ ។​

​សរុបសេចក្តី​មក​ រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-2789​ បើកបរ​ដោយ​ស្រី​ស្រស់​ក្មេង​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ គឺ​បាន​បំបាក់​មុខមាត់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត​(​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​)​ ៕​

រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ​ បើកបរ​ដោយ​ស្រី​ស្រស់​ក្មេង​ម្នាក់​ដែល​បុក​សិស្សសាលា​ម្នាក់​ស្លាប់​ គឺ​បំបាក់មុខ​បុរស​ខ្លាំង​ពេញទំហឹង​ រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ​ បើកបរ​ដោយ​ស្រី​ស្រស់​ក្មេង​ម្នាក់​ដែល​បុក​សិស្សសាលា​ម្នាក់​ស្លាប់​ គឺ​បំបាក់មុខ​បុរស​ខ្លាំង​ពេញទំហឹង​