រៀបការ ១០ ឆ្នាំ គ្មានកូន តើខ្ញុំគួរគិតយ៉ាងណា ?

Sanofi

ខ្ញុំបាទ និង ភរិយារៀបការជាមួយគ្នាបាន ១០ ឆ្នាំមកហើយ ។ ជីវិតគូស្រកររបស់យើងរស់នៅប្រកបដោយក្តីសុខសុភមង្គលល្អណាស់ ពុំដែលមានផលរមាស់ល្អក់កករនឹងគ្នាបន្តិចសោះឡើយ ។ ពុំមែនមកពីខ្ញុំជាមនុស្សអស្ចារ្យអ្វីនោះទេ ខ្ញុំក៏ជាមនុស្សធម្មតាដែលមានកំហឹង ការឈឺចាប់ ការខក ចិត្ត ទុក្ខសោក ភ័យខ្លាចដូចគេឯងដែរ ប៉ុន្តែអ្វីដែលមានឥទ្ធិពលអាចញ៉ាំងឱ្យជីវិតគូស្រកររបស់ខ្ញុំភពប្រសព្វតែជាមួយសុភមង្គនោះ គឺភរិយារបស់ខ្ញុំ ដែលជានារីម្នាក់ប្រកបទៅដោយគុណសម្បត្តិគ្រប់យ៉ាង ជាពិសេសទឹកចិត្តអត់ធ្មត់របស់នាងនៅចំពោះមុខគ្រប់បញ្ហា ជាហេតុធ្វើឱ្យរឿងរ៉ាវអាក្រក់ទាំងឡាយតែងប្រែក្លាយទៅជាល្អរហូតមក ។

ជាអកុសល មួយជីវិតនេះភរិយារបស់ខ្ញុំមិនអាចមានកូនបានទេ ព្រោះស្បូនរបស់នាងមានបញ្ហា ទោះជាគ្រូពេទ្យពូកែយ៉ាងណាក៏ពុំអាចជួយសម្រេចបំណងពួកយើងឱ្យមានបុត្រស្នងត្រកូបានដែរ ។ មិនថាចំពោះតែមិត្តភក្តិ សាច់ញាតិបងប្អូន សូម្បីតែឪពុកម្តាយរបស់ខ្ញុំបង្កើតក៏បានផ្តល់យោបល់ឱ្យខ្ញុំរកប្រពន្ធមួយទៀតដើម្បីមានបុត្រស្នងត្រកូល ។ ឪពុកម្តាយរបស់ខ្ញុំស្រឡាញ់ ភរិយាខ្ញុំដូចកូនបង្កើតតែការចង់បានចៅតវង្សត្រកូលគឺមានភាពសំខាន់ជាងក្តីស្រឡាញ់ដែលពួកគាត់មានចំពោះនាងទៅទៀត ។

រាល់យោបល់នេះបានក្លាយទៅជាបញ្ហាមួយយ៉ាងតឹងតែងបំផុតសម្រាប់ ខ្ញុំធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សផឹកស្រាដែលតែងគេចវេះកន្លងមក ។ ខ្ញុំចង់មានកូនមានគ្រួសារមួយពេញលេញដូចគ្រួសារដទៃ តែបែរជាគ្មានភ័ព្វវាសនា ។ ខ្ញុំចង់សុំលែងលះប្រពន្ធ ហើយទៅរកប្រពន្ធថ្មីមួយទៀត តែខ្ញុំពុំមានសេចក្តីក្លាហានគ្រប់គ្រាន់នឹងហាមាត់ស្តីសុំនាងលែងលះឡើយ ព្រោះអំពើល្អរបស់នាងដែលមានចំពោះខ្ញុំមានច្រើនលើសលប់ ហើយហូរហៀរទៅដល់គ្រួសារខ្ញុំទៀតផង ។

ខ្ញុំបានរៀនចប់មហាវិទ្យាល័យ និង បានរៀនបន្តដល់ថ្នាក់អនុបណ្ឌិត មានការងារល្អធ្វើ ទទួលបានប្រាក់ខែខ្ពស់ គឺបានមកពីកម្លាំង ញើសឈាមរបស់នាងទាំងអស់ ដែលតស៊ូលក់ផ្លែឈើតាំងពីព្រឹកព្រលឹមរហូតដល់យប់ មិនដែលឮសូម្បីតែមួយម៉ាត់នូវពាក្យថាហត់ ។ ប្រឈមមុខជាមួយស្ថានភាពបែបនេះ ខ្ញុំចង់សួរថា តើខ្ញុំគួរធ្វើយ៉ាងណាចំពោះរឿងនេះ ព្រោះកូនក៏ខ្ញុំចង់បាន ហើយភរិយាក៏ខ្ញុំមិនអាចលែងលះបានដែរ ? ខ្ញុំមានគំនិតយកក្មេងកំព្រាមកចិញ្ចឹមដែរ តែឪពុកម្តាយរបស់ខ្ញុំមិនគាំទ្រ ដោយហេតុថាមិនមែនជាសាច់ឈាមបង្កើតវាពិបាកនឹងទទួលយក ។

ជូនចំពោះអ្នកមានវិបត្តិ

នៅលើពិភពលោកនេះពុំមែនមានតែលោកទេដែលមានវិបត្តិគ្រួសាររៀបការហើយពុំមានកូនសម្រាប់ស្នងត្រកូល គឺមានច្រើនណាស់ ហើយដំណោះស្រាយចំពោះបញ្ហានេះ បើធ្ងន់ធ្ងរគឺការចែកផ្លូវគ្នាដែលជាជម្រើសចុងក្រោយនៃជីវិតអាពាហ៍ពិពាហ៍មួយដែលគ្មានផ្លែផ្កា ។ ស្តាប់តាមន័យសម្តីរបស់លោកការលែងលះពុំមែនជាមធ្យោលបាយល្អសម្រាប់ឆាកជីវិតរបស់ខ្លួនឡើយ ព្រោះបើលោកចែកផ្លូវជាមួយភរិយាទៅរៀបការជាមួយដៃគូថ្មីហើយមានកូនជាចំណងដៃក៏មិនប្រាកដថាជីវិតរបស់លោកនឹងរស់ នៅមានសុភមង្គលដែរ លោកអាចនឹងរស់នៅជាមួយវិប្បដិសារៈដោយ ហេតុថាភាពអត់ធ្មត់ការលះបង់របស់ភរិយាលោកមកលើលោកពិតជាធ្ងន់ពិបាកនឹងថ្លឹងណាស់ ជាពិសេសទឹកចិត្តដ៏ល្អរបស់នាងចំពោះលោកពិតជាមានជម្រៅជ្រៅជាងមហាសមុទ្រទៅទៀត ដែលទាមទារឱ្យលោកមិន អាចទៅចោលនាងបានទោះស្ថិតក្នុងរូបភាពណាក៏ដោយ ។

«ប្រជាប្រិយ» សូមជូនយោបល់ចំពោះលោកថា ទោះយ៉ាងណាកុំជ្រើសរើសយកផ្លូវលែងលះឱ្យសោះ វាពិតជាអយុត្តិធម៌ចំពោះនាងខ្លាំងណាស់ ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីលោកប្រាថ្នាទទួលបានសុភមង្គល តែបែរជាត្រូវទទួលលទ្ធផលនិរាសព្រាត់ប្រាសគ្នាដែលកើតចេញពីការសម្រេចចិត្តរបស់លោកទៅវិញ ។ «ប្រជាប្រិយ» សូមគាំទ្រលោកក្នុងការយកកូនកំព្រាមកចិញ្ចឹមធ្វើជាកូន ព្រោះទង្វើនេះមិនត្រឹមតែធ្វើឱ្យលោក និង ភរិយារក្សាបាននូវភាពជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងជាស្រែបុណ្យមួយដ៏ធំធេង ដែលកើតចេញពីអំពើជាកុសលរបស់លោករួមចំណែកជួយសង្គ្រោះជីវិតក្មេងកំព្រាម្នាក់នៅក្នុងសង្គមដែលជាជីវិតកំពុងត្រូវការការស្រឡាញ់ថ្នាក់ថ្នម និង សន្តោសប្រណីដើម្បីបន្តជីវិតរស់នៅក្នុងលោកនេះតទៅទៀត ។

ការស្រឡាញ់បីបាច់ថែរក្សាផ្តល់ការអប់រំកូនកំព្រានោះនឹងក្លាយជាកូនល្អរីឯទឹកចិត្តរើសអើងចំពោះកូនកំព្រាដែលឪពុកម្តាយលោកធ្លាប់គិតនោះនឹងត្រូវរលាយបាត់អស់ជំនួសមកវិញដោយទឹក ចិត្តស្រឡាញ់អាណិត អាសូរ មេត្តា ករុណា ច្រើនជាងអ្វីដែលលោករំពឹងទុកទៀតផង ។ «ប្រជាប្រិយ» ក៏ចង់បញ្ជាក់ប្រាប់លោកផងដែរថា នៅលើលោកនេះមានស្វាមីភរិយាជាច្រើនដែលយកកូនកំព្រាមកចិញ្ចឹមធ្វើជាកូនក្នុងនោះមានទាំងសេដ្ឋី សិល្បករ កីឡាករ ជាដើម ។ «ប្រជាប្រិយ» សូមជូនពរលោក និង ភរិយាជួបប្រទះតែសុភមង្គលជារៀងរហូត សូមមានកូនឆាប់ៗដូចបំណង ៕


 

 

Related