កំពង់ផែស្វយ័ត ក្រុងភ្នំពេញ ចាប់ផ្តើមដំណើរកា របោះលក់ IPO សង្ឃឹមប្រមូលទុន បានពីជាង $៤លានដល់ ជាង$៦លាន

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនទី៣ នឹងត្រូវចូលក្នុងទីផ្សារ ភាគហ៊ុន នៅខែធ្នូឆ្នាំ២០១៥នោះ បានចាប់ផ្តើមដំណើរការ ធ្វើការបោះលក់មូលបត្រ ជាលើកដំបូង (IPO) ហើយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ ដោយរំពឹងថាការលក់ IPO នឹងប្រមូលទុនបាន ពីជាង៤លានដុល្លារអាម៉េរិក ដល់ជាង៦លានដុល្លារអាម៉េរិក។

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ កំពង់ផែក្រុងភ្នំពេញ បានរៀបចំធ្វើ Road Show នៅ សណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ ដើម្បីធ្វើបទបង្ហាញពាក់ព័ន្ធ ទៅនឹងដំណើរការបោះលក់ភាគហ៊ុន ជាលើកដំបូងរបស់ខ្លួន។ ដោយកំពង់ផែក្រុងភ្នំពេញ គ្រោងនឹងចាប់ផ្តើមលក់ភាគហ៊ុន ២០ភាគរយស្មើនឹង៤.១៣៦.៨៧៣ហ៊ុន នៃភាគហ៊ុន ទាំងអស់ របស់ខ្លួន ដែលមានចំនួន ២០.៦៨៤.៣៦៥ហ៊ុន ។ តម្លៃភាគហ៊ុនរបស់កំពង់ផែភ្នំពេញ នឹងត្រូវលក់ ក្នុងតម្លៃចន្លោះពី១.០៨ដុល្លារដល់១.៥៥ដុល្លារ ង១ហ៊ុន ដូច្នេះការបោះលក់ភាគហ៊ុន របស់កំពង់ផែក្រុងភ្នំពេញ អាចនឹងទទួលបាន ទឹកប្រាក់ចន្លោះពី ៤.៤៦៧.៨២២,៨៤ដុល្លារ ទៅដល់ ៦.៤១២.១៥៣,១៥ដុល្លារ ។

អគ្គនាយកកំពង់ផែក្រុងភ្នំពេញ លោក ហ៊ី បាវី បានថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការបោះលក់មូលបត្រ ជាលើកដំបូង (IPO) របស់ កំពង់ផែក្រុងភ្នំពេញនេះ ធ្វើឡើងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រមូលថវិកា វិនិយោគបន្តលើ ហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែក្នុងការផ្ទុកទំនិញ ឲ្យបានកាន់តែច្រើឡើងថែមទៀត ស្របតាមផែនការអគនាគត។

លោក ហ៊ី បាវី បន្តថា ភាគហ៊ុនរបស់កំពង់ផែ បានលក់អស់ប្រមាណ៥០ភាគរយរួចហើយ ដោយ១០ភាគរយលក់ជូនមន្ត្រី នៃកំពង់ផែស្វយ័តផ្ទាល់ និង៤០ភាគរយលក់ឲ្យវិនិយោគិន (កត់រួច) និងនៅសល់៥០ភាគរយទៀត បាន និងកំពុងលក់ ជូនសាធារណជនទូទៅ។ លើកពីនេះ នៅឆ្នាំ២០១៨ ខាងមុខកំពង់ផែស្វ័យក្រុងភ្នំពេញ នឹងធ្វើការបោះលក់ភាគហ៊ុន ១០ភាគរយទៀត (ជាង២លានហ៊ុន)។

បើតាមផែនការ ដំណើរការធ្វើ Book building (ការកំណត់ថ្លៃ) ត្រូវចាប់ផ្តើមថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ហើយការធ្វើ Subscription (ការទិញយក) នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ និងចុងក្រោយការជួញដូរជាសាធារណៈ ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។

សូមជំរាបថា កំពង់ផែស្វយ័តរាជធានីភ្នំពេញ ជាក្រុមហ៊ុនទី៣ ដែលនឹងត្រូវហក់ចូលទីផ្សារភាគហ៊ុន ហើយក៏ ជាក្រុមហ៊ុនរដ្ឋទី២ ដែលចូលផ្សារភាគហ៊ុនផងដែរ ។ ក្រុមហ៊ុនទាំង៣៖ ទី១- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ទី២-ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Grand Twins International និងទី៣-កំពង់ផែស្វយ័តក្រុងភ្នំពេញនេះតែម្តង។ វិស័យមូលបត្រនៅកម្ពុជា ត្រូវបានគេមើលឃើញថា ហាក់នៅមានកំរិតនៅឡើយ ដោយសារតែប្រជាជន នៅមានការយល់ដឹងមិនទាន់ស៊ីជម្រៅ ហើយការជួញដូរភាគហ៊ុន ហាក់មានលក្ខណៈស្មុគស្មាញផងដែរ ៕

កំពង់ផែស្វយ័ត ក្រុងភ្នំពេញ ចាប់ផ្តើមដំណើរកា របោះលក់ IPO សង្ឃឹមប្រមូលទុន បានពីជាង $៤លានដល់ ជាង$៦លាន