អគ្គិភ័យ​ឆេះ​រោងចក្រ អេស​ជី អស់​៥០% ទោះបី​មាន​ភ្លៀង​​ខ្លាំង​យ៉ាងណា​ក៏​ដោយ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​កាត់​សម្លៀក​បំពាក់ អេស​ជី អ៊ិ​ន​ធើ​ណេ​សិន​ណ​ល របស់​ថៅកែ​ជនជាតិ​កូរ៉េ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ យ៉ាង​សន្ធោរ​សន្ធៅ​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​ជា​៥០%​កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១៩ តុលា ២០១៥ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក៏​ដោយ ។

ប្រភព​ពី​កម្មករ​-​កម្មការិនី​រោងចក្រ​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ោង​ប្រហែល​៦​ល្ងាច ខណៈ​ពេល​កំពុង​ចេញពី​ធ្វើការ ក៏​បានឃើញ​ផ្សែង​ហុយ​ទ្រលោម​ចេញពី​ផ្នែក​ខាងក្រោយ​រោងចក្រ ពេល​នោះ​ក៏​បានរ​ត់ទៅ​ប្រាប់​អ្នកគ្រប់គ្រង​រោងចក្រ ភ្លាម​ៗ​នោះ​អ្នកគ្រប់គ្រង​រោងចក្រ​ខ្លះ​ក៏​បាន​ជម្លៀស​កម្មករ​ចេញ ខ្លះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ឯ​ខ្លះ​ទៀត​ក៏​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឱ្យមក​ជួយ​អន្តរាគមន៍​ផង​ដែរ តែ​ដោយសារ​តែ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង​ពេក​បំពង់​​ពន្លត់​អគ្គិភ័យ​មិន​អាច​បាញ់​រលត់​បាន​ឡើយ ។

លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​លោក​បាន​ទទួល​ព័ត៌មាន​ថា​ មាន​អគ្គិភ័យ​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ អេស​ជី អ៊ិ​ន​ធើ​ណេ​សិន​ណ​ល លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ក្នុង​ខណ្ឌ​ជា​ច្រើន​នាក់​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ និង​បាន​រាយការណ៍​ទៅ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឡានទឹក​មក​ជួយ​ពន្លត់ ភ្លាម​ៗ​នោះ​លោកស្នងការ​ក៏​បញ្ជា​ឱ្យ​លោក ព្រំ យ័ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។ លោក ម៉ក់ ហុង បន្ត​ទៀត​ថា រោងចក្រ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​បណ្តោយ​៨៥​ម៉ែត្រ និង​ទទឹង​២៧​ម៉ែត្រ កំ​ពស់​២​ជាន់ ដំបូល​ប្រក់​ស័ង្កសី ដោយ​មាន​កម្មករ​-​កម្មការិនី​ធ្វើការ​ប្រមាណ​ជា​៣០០​នាក់ ដែល​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​ជា​៥០% ប៉ុន្តែ​មិន​បណ្តាល​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​ឡើយ ។

លោក ព្រំ យ័ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ទោះបីជា​មាន​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ភ្លើង​នៅ​តែ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​អស់​រយៈពេល​ជាង​២​ម៉ោង ព្រមទាំង​ប្រើប្រាស់​ទឹក​អស់​៣០​ឡាន​ទម្រាំ​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង ។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រោងចក្រ និង​សហគ្រាស​នានា​ក្នុង​រាជធានី​ភ្នំពេញ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​បង្ការ និង​ពន្លត់​អគ្គិភ័យ មាន​ដូច​ជា​បំពង់​ពន្លត់​អគ្គិភ័យ ឬ​ក៏​ប៊ូ​ស​ទឹក ដែល​ជា​ប្រព័ន្ធ​ការពារ​សុវត្ថិភាពកុំ​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង​ ។

ក្រោយ​ពេល​ភ្លើង​បាន​រលត់​ទាំងស្រុង លោក ព្រំ យ័ន និង​លោក ម៉ក់ ហុង ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​សែន​សុខ​ជា​ច្រើន​នាក់​បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​នេះ​ផង​ដែរ ៕