​ឡៃ​ឡុ​ង​សម្ភារ​ក្នុង​សិប្បកម្ម​​កាត់​ដេរ​«​ខាង​ហ្វូង​»យក​លុយ​បើក​ឱ្យ​កម្មករ ខណៈ​​ថៅកែ​ចិន​រត់បាត់

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្ម​ការី​ចំនួន​១៣១​នាក់​បម្រើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​កាត់​«​ខាង​ហ្វូង​» ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ត្រូវ​បាន​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ សហការ​គ្នា​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ដោយ​សម្រេច​យក​សម្ភារ​ប្រើប្រាស់​ទាំងអស់​ក្នុង​សិប្បកម្ម​លក់​ឡៃ​ឡុ​ង​ឱ្យ​ឈ្មួញ​ម្នាក់​(សុំ​មិន​បញ្ចេញ​ឈ្មោះ​)ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ទទួល​បាន​ចំនួន១១៧៥០​ដុល្លារ​អា​មេ​រិ​ក យក​មក​បើក​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​-​កម្មការិនី​ ខណៈ​ថៅកែ​ជនជាតិ​ចិន​រត់​ចោ​ល​បាត់ ។

ការ​សម្រេច​លក់​ឡៃ​ឡុ​ង​សម្ភារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​-​កម្ម​ការី​ចំនួន​១៣១​នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​ខាងលើ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​បើកប្រាក់​ខែ​របស់​ខ្លួន​នៅ​ខាង​មុខ​រោងសិប្បកម្មកាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០១៥ ខណៈ​ដែល​ថៅកែ​ជនជាតិ​ចិន​មិន​បើក​ប្រាក់ខែ​ឱ្យ ហើយ​រត់ចោលស្រុក​បាត់​ស្រមោល ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​មាន​ប្រសាសន៍​ប្រាប់​«​កោះសន្តិភាព​»​នៅ​ល្ងាច​ថ្ងៃ​ដដែល​ឱ្យ​ដឹង​ថា ការ​ដែល​លោក​សម្រេច​លក់​ឡៃ​ឡុ​ង​សម្ភារ​ទាំងស្រុង​ក្នុង​សិប្បកម្ម​កាត់ដេរ«​ខាង​ហ្វូង​»​មាន​ដូច​ជា​តុ ទូ កៅអី ម៉ាស៊ីន​កាត់ដេរ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ទៀត​ជាដើម​នោះ គឺ​​ដោយ​មានការ​ឯកភាព​ទាំង​ស្រុង​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈ​ថៅកែ​សិប្បកម្ម​ដែល​ជា​ជនជាតិ​ចិន​បាន​រត់ចោលស្រុក​បាត់​ស្រមោល​ជា​ច្រើន​ថ្ងៃ ហើយ​មិន​បើកប្រាក់​ប្រចាំខែ​ជូន​ដល់​ក្រុម​កម្មករ​-​កម្ម​ការី ។ លោក​អភិបាលរង​បន្ត​ថា លោក​សម្រេច​លក់​ឡៃ​ឡុ​ង​តែ​សម្ភារ​ក្នុង​សិប្បកម្ម​ដើម្បី​ប្តូរ​យក​ថវិកា​របើក​ជូន​កម្មករ​-​កម្ម​ការី​ទាំង​១៣១​នាក់​ប៉ុណ្ណោះ ចំណែក​ទីតាំង​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​គេ​វិញ ព្រោះ​ថៅកែ​ជនជាតិ​ចិន​ដែល​រត់គេច​ខ្លួន​នោះ​ជួល​គេ​បើក​អាជីវកម្ម​តែ​ប៉ុណ្ណោះ ។

ក្រុម​កម្មករ​-​កម្ម​ការី​ទាំង​១៣១​នាក់​ខាងលើ​មានការ​សប្បាយ​ត្រេកអរ​​ក្រៃ​លែង​​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខណ្ឌមានជ័យ ដែល​បាន​ត្រិះ​រិះរក​គ្រប់​វិធី​ដោះស្រាយ​ជូន​ពួក​គេ​នា​ពេល​នេះ ។ បន្ទាប់​ពី​លក់​ឡៃ​ឡុ​ង​សម្ភារ​ហើយ​នោះ ក្រុម​កម្មករ​-​កម្មការិនី​ក៏​បាន​ទទួល​ថវិការ​ប្រចាំខែ​របស់​ខ្លួន​គ្រប់​ៗ​គ្នា និង​ពេញលេញ មិន​មាន​ខ្វះ​មួយ​សេន​ឡើយ ហើយ​ពួក​គេ​ទទួល​យក​​ទាំង​ទឹកមុខ​ញញឹម​ពព្រាយ​ ។

សូម​បញ្ជាក់​ថា មួយ​រយៈ​កន្លង​មកនេះ គេ​តែងតែ​សង្កេត​ឃើញ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​ចុះ​ដោះស្រាយ​វិវាទ​ជា​ច្រើន​របស់​ប្រជាពលរដ្ឋ សិប្បកម្ម រោងចក្រ និង​ការ​តវ៉ា ឬ​កូដកម្ម​ជា​ច្រើន​ទៀត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។ ទន្ទឹម​នឹង​នោះ​ជា​ផ្លែផ្កា​ទទួលលទ្ធផល​វិជ្ជមាន​ល្អ​មក​ជា​និច្ច ជា​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករ​-​កម្មការិនី​រោងចក្រ សិប្បកម្ម សហគ្រាស​តូច​ធំ តែ​នាំ​គ្នា​សប្បាយចិត្ត និង​ធ្វើការ​ស្ងោ​ច​សរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​អភិបាលរង​រូប​នេះ ៕