អ្នកវិភាគ៖​ ទស្សនកិច្ច​មហាក្ស​ខ្មែរ​ទៅ​វៀតណាម​​មាន​ឥទ្ធិពល​នយោបាយ​តិចតួច​

អ្នកវិភាគ៖​ ទស្សនកិច្ច​មហាក្ស​ខ្មែរ​ទៅ​វៀតណាម​​មាន​ឥទ្ធិពល​នយោបាយ​តិចតួច​

រូប​ឯកសារ៖ សម្តេច​ព្រះ​បរម​នាថ ​នរោត្តម ​សីហមុនី​ ជាមួយ​លោក​ប្រធានាធិបតី​ វៀតណាម Truong Tan Sang ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១២។ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ នឹង​យាង​ទៅ​បំពេញ​ព្រះ​រាជទស្សនកិច្ច​សម្រាក​ព្រះ​កាយ​នៅ​ទី​ក្រុង​វ៉េ ​និង​ទីក្រុង​ដាឡាត់​នៃ​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២២​ខែតុលា។​ ភ្នំពេញ—

ស្រប​ពេល​ដែល​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ ​នរោត្តម ​សីហមុនី​ គ្រោង​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ប្រទេស​វៀត​ណាម​ ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្មែរថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​នឹង​មាន​ឥទ្ធិពល​តិចតូច​នៅ​ក្នុងកិច្ច​ការ​នយោបាយ​អន្តរជាតិ​ ជា​ពិសេស​គឺ​នយោបាយ​រវាង​ចិន​ និង​វៀតណាម។​ ពួកគេ​ថា​ ព្រះអង្គ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​មាន​ចំណង​ល្អប្រសើរ​ខាង​ផ្នែក​វប្បធម៌។​

ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ នឹង​យាង​ទៅ​បំពេញ​ព្រះ​រាជទស្សនកិច្ច​សម្រាក​ព្រះ​កាយ​នៅ​ទី​ក្រុង​វ៉េ ​និង​ទីក្រុង​ដាឡាត់​នៃ​សាធារណរដ្ឋ​សង្គម​និយមវៀតណាម​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២២​ខែតុលា។​ នេះ​បើ​យោង​ទៅ​តាម​ព្រះ​រាជសារ​របស់​ព្រះ​អង្គ​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ។​

ការ​យាង​របស់​ព្រះ​អង្គ​ទៅ​កាន់​ទីក្រុង​ភាគ​ខាង​ត្បូង​នៃ​សាធរណរដ្ឋ​សង្គម​និយម​វៀតណាម​នេះ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​សូម​យាង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

ព្រះ​អង្គ​បាន​បញ្ជាក់​ពី​អវត្តមាន​របស់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​រាជសារ​របស់​ព្រះ​អង្គ​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ទូល​ព្រះ​បង្គំ​ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​ខាង​លើ​នេះ​ សម្តេច​វិបុល​សេនាភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​នឹង​ទទួល​ជួយ​ទូល​ព្រះ​បង្គំ​ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ការ​យាង​ចាក​ចេញ​របស់ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី​ទៅ​កាន់​ប្រទេស​កុម្មុយនីស្ត​នេះ​ ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែលលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈ​ពេល​មួយ​សប្តាហ៍។​

លោក ​ម៉ម ប៊ុននាង​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយអំពី​ដំណើរ​ទស្សន​កិច្ច​របស់​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនីទេ​ ដោយ​លោក​ថា​ លោក​មិន​ទាន់​បាន​ឃើញ​ព្រះរាជសារ​របស់​ព្រះ​អង្គ​ ហើយ​លោក​បាន​បង្វែ​សំណួរ​ទៅ​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។​

VOA ​បាន​ព្យាយាម​ទាក់ទង​លោក ​អ៊ុំ ដារ៉ាវុធ ​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បរម​នាថ​ នរោត្តម ​សីហមុនី​ នៅ​ថ្ងៃ​អាទិត្យ តែ​នៅ​មិន​អាច​ទាក់​ទង​បាន​ទេ។​

ដោយ​ឡែក​ ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្មែរ​យល់​ឃើញ​ស្រដៀង​គ្នា​អំពី​ឥទ្ធិពល​ដ៏​តិច​តួច​របស់​ព្រះ​អង្គ​ នៅ​ក្នុង​កិច្ច​ការ​នយោបាយ​ ដោយ​ព្រះ​អង្គ​គ្រាន់តែ​ជា​ក្សត្រ​គ្រង​រាជ្យ​ តែ​មិន​កាន់​អំណាច។​ ពួក​គេថា​ ការ​យាង​របស់​ព្រះអង្គ​ទៅ​ធ្វើ​ព្រះ​រាជ​ទស្សន​កិច្ច​នៅ​វៀតណាម​អាច​ជា​ការ​ស្វែង​យល់ពី​ភាគីវៀតណាម​ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិននៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។

លោក​ សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នក​វិភាគ​នយោបាយ​ខ្មែរ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​ជឿជាក់​ថា​ ការ​យាងរបស់​ព្រះ​មហា​ក្សត្រ​នេះ​មិន​មាន​ឥទ្ធិពល​នយោបាយ​ទេ»។

លោក​ពន្យល់​ថា ​ តែគេ​អាច​គិត​ថា​ ទស្សន​កិច្ច​នេះ​គឺដើម្បី​រកតុល្យភាព​រវាងអំណាច​ចិន​ និង​វៀតណាម។​ លោក​បន្ថែម​ថា​ ​គេអាច​និយាយថា​ វៀតណាម​ចង់ទាញ​ព្រះ​មហាក្សត្រ​ឲ្យ​ងាក​ទៅ​រក​វៀតណាម​ ព្រោះ​អាមេរិក​កំពុង​តែ​កាន់​ជើង​វៀតណាម​ ឬ​វៀតណាម​ត្រូវ​ការ​អាមេរិក។​ ​ប៉ុន្តែ​លោក​លើកឡើង​ថា ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ ព្រះ​អង្គ​គ្រង​រាជ្យ​ តែ​ព្រះ​អង្គ​អត់​ធ្វើ​នយោបាយ​ទេ​ ហើយ​ព្រះ​អង្គ​មិន​កាន់​អំណាច​ទេ​ ហើយ​ព្រះ​អង្គ​អត់​មាន​សិទ្ធិ​ អ្វី​ដែល​មាន​ឥទ្ធិពល​មក​អង្គ​នីតិ​ប្រតិបត្តិ​ទេ​ ឬក៏​នីតិ​អង្គ​បញ្ញត្តិ​ទេ។

រី​ឯ​លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា​ ការ​យាង​របស់​ព្រះ​អង្គ​ទៅ​កាន់​ប្រទេស​វៀតណាម​អាច​ជួយ​ពង្រឹង​ចំណង​មិត្ត​ភាព​រវាង​ប្រជាជន​ខ្មែរ​ និង​វៀតណាម​ និងរឹត​ចំណង​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត។​

«ជា​សារ​មួយ​ វៀតណាម​ខំ​ព្យាយាម​ ខិតជិត​រវាង​ប្រជា​ពលរដ្ឋ​ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ ហើយ​និង​រវាង​វប្បធម៌​ និង​វប្បធម៌។​ ​ នេះ​គឺ​ជាការ​ធ្វើ​ដើម្បី​ឲ្យ​មាន​សន្តាន​ចិត្ត​រវាង​គ្នា ​និង​គ្នា​ ហើយ​សន្តាន​ចិត្ត​ហ្នឹង​ខ្ញុំ​មើល​ទៅ ​ទោះ​បី​អត់​មាន​ជា​សារ​នយោបាយ ​ក៏​វា​អាច​មាន​ឥទ្ធិពល​នយោបាយ​ ជាពិសេស​ក្នុង​ការងារ​អន្តរជាតិ​មួយ​ដែល​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​កំពុង​តែ​មាន​ការ​តាន​តឹង​នឹង​គ្នាលើ​បញ្ហា​ជម្លោះ​ឆ្នេរ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ផង​ដែរ»។​

ព្រះ​មហាក្សត្រ​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជំនួស​ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បរម​រតន​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០០៤។ ក្រោយ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​សកម្ម​ភាព​ជាច្រើន​នៅ​ក្នុង​កិច្ចការ​មនុស្ស​ធម៌។​ ​ ព្រះ​អង្គ​ក៏​ពុំទាន់​បាន​ធ្វើ​អ្វី​ឲ្យ​មាន​ការ​ប្រែប្រួល​ជាដុំ​កំភួន​នៅក្នុង​នយោបាយ​កម្ពុជា​ ដូច​ព្រះ​បិតា​របស់​ព្រះ​អង្គ​នោះដែរ​ ដោយ​ព្រះ​អង្គ​បាន​គ្រង​រាជ្យ​ តែ​មិន​ធ្វើ​នយោបាយ ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕