ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

លោក​គ្រូ យូ​ជឿន នរៈ សិង្ហ ប្រធាន សហព័ន្ធ​​យុទ្ធ​ក្រម​ខម​ មាន​ប្រសាសន៍​មក​កាន់  Sabay​ ថា​ ឆាប់​ៗ​នេះ​ ក្បាច់​គុន​បុរាណ​ខ្មែរ​នឹង​រៀប​បញ្ចូល​ទៅ​ក្នុង​ កម្ម​វិធី​សិក្សា​របស់​សិស្សានុសិស្ស​វិទ្យាល័យ​ទូទាំង​រាជធានី​ខេត្ត​ក្រុង​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​។

 

“ខាង​ខ្ញុំ បាន​ទាក់​ទង​ទៅ​ក្រសួង​រួចរាល់​ហើយ​ក្នុង​ការ​​ចេញ​ទៅ​ជួយ​បង្ហាត់​ ​សិស្សានុសិស្ស​ នៅ​តាម​វិទ្យាល័យ​ ហើយ​ខាង​គេ​ក៏​អនុញ្ញាត​ដែរ ចាំ​តែ​ថ្ងៃ​ដែល​ខ្ញុំ​​អាច​រក​បាន​មនុស្ស​គ្រប់​គ្រាន់​មក​ជួយ​បង្រៀន​តែ​ប៉ុណ្ណោះ “។ លោក​គ្រូ យូ​ជឿន នរៈ សិង្ហ ថ្លែង។​​

 

ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

 

 លោកគ្រូ យូជឿន នរៈ សិង្ហ ប្រធាន​ សហព័ន្ធ​​យុទ្ធ​ក្រម​ខម(រូបថត​៖ ផ្ដល់​សិទ្ធិ​ដោយ នរៈ សិង្ហ)

 

ប្រធាន សហព័ន្ធ​​យុទ្ធ​ក្រម​ខម​ បាន​ឲ្យ​ដឹង​​ទៀត​ថា​​ ក្បាច់​គុនបុរាណ​នេះ​ មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ តាំង​​ពី​សម័យ​កាល​ នគរ​ភ្នំ ចេនឡា រហូត​មក​ដល់​សម័យ​អង្គរ​មក​ម្ល៉េះ​។ លោក​បន្ត​ទៀត​ថា ​ក្មេងៗ​សម័យ​ក្រោយ​ មិន​សូវ​បាន​យល់​ដឹង​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ​ទេ។ ដោយ​សារ​ចិត្ត​ស្រលាញ់​លោក​គ្រូ​រួម​ជាមួយ​នឹង​កូន​សិស្ស​ប៉ុន្មាន​នាក់​បាន​ទៅ​សិក្សា​ស្រាវ​ជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ ដែល​មាន​​ព្រឹទ្ធាចារ្យ​​នៅ​ចេះ​ចាំ​ និង​យល់​ដឹង​ពី​​វិស័យ​ក្បាច់​គុន​នេះ ដើម្បី​យក​មក​បង្ហាត់​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

 

“ ក្រុម​របស់​ខ្ញុំ​​កាល​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​ ២០០៧ ​បង្កើត​ត្រឹម​ជា​ក្លឹប ​ដល់​ឆ្នាំ​២០១១ ក្លាយ​ជា​សមាគម​ លុះ​ចាប់​ពី​ឆ្នាំ​២០១២ មក​ដល់​ឥឡូវ​ក្លាយ​ជា​ សហព័ន្ធ ដែល​បាន​ចេញ​ច្បាប់ពី​ក្រសួង​មហា​ផ្ទៃ”។ លោក​គ្រូ​ យូជឿន នរៈសិង្ហ បន្ថែម។​

 

ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

 

លោក​គ្រូ​បន្ត​​ទៀត​ថា គោល​បំណង​ធំ​​នៃ​ការ​ផ្សព្វ​ផ្សាយ​ក្បាច់​គុណ​នេះ​គឺ​ ចង់​ឲ្យ​​មាន​ ការ​សាមគ្គី​គ្នា​តែ​មួយ​ ព្រោះ​ក្បាច់​គុន​មួយ​នេះ​ជា​ក្បាច់​គុន​ដែល​ស្ដេច​ខ្មែរ​នៅ​សម័យ​មុន​​យក​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​​ហើយ​តែង​តែ​ទទួល​បាន​ជោគ​ជ័យ ទើប​លោក​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ​ដឹង​ថា ​ខ្មែរ​ក៏​មាន​ក្បាច់​គុន​ដ៏​អស្ចារ្យ​ដែរ​។​

 

ក្នុង​នាម​ជា​​ប្រធាន​សហព័ន្ធ​មួយ​រូប​ លោក​បាន​លើក​ឡើង​ថា ខ្មែរ​យើង​គួរ​តែ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី អ្នក​ដែល​គ្មាន​សមត្ថភាព​​គួរ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ប្រើ​ប្រាស់​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ប្រសើរ​កុំ​ព្យាយាម​ប្រើ​រូប​សម្រស់​ធំ​ជាង​ សមត្ថភាព​។

 

ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

 

“​ខ្ញុំ​មើល​ឃើញ​ថា​សព្វថ្ងៃ​ ពួក​គាត់​ចួល​សិល្បៈ​ ​ភាគ​ច្រើន​​តាម​រយៈ​​រូប​សម្ផស្ស​ ច្រើន​ជាង​សមត្ថភាព។ ចំពោះ​​​អ្នក​ដែល​មាន​សមត្ថភាព​​ពិត​ប្រាកដ​ហើយ​មិន​សូវ​ស្អាត​ គ្មាន​អ្នក​ចាប់​អារម្មណ៍​ទេ។ ប៉ុន្តែ​បរទេស​គេ​អត់​គិត​អ៊ីចឹង​ឡើយ​ តួ​យ៉ាង​ដូចជា​ ឈិនឡុង អី​ គាត់​មិន​សូវ​ស្អាត​នោះ​ទេ ប៉ុន្តែ​គាត់​មាន​សមត្ថភាព​ អ្នកណា​ក៏​ស្គាល់​គាត់ដែរ​”។ លោក​គ្រូ យូ​ជឿន នរសិង្ហ បញ្ជាក់៕

 

អត្ថបទ៖ ថា ម៉ាលីដា​
រូបថត៖ ផ្ដល់​សិទ្ធិ​ដោយ យូជឿន នរៈ សិង្ហ