ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរ​ ​ខេត្តកំពង់ឆ្នាំង ធ្លាយ​រឿង​តូ​លុយ​យក​កន្លែង​

​កំពង់ឆ្នាំង: ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​នេះ សម្រេចបាន​ប្រមាណ​ជាង ៩០ ភាគរយ​ហើយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ ទាំង​ខ្មែរឥស្លាម និង ជនជាតិ​វៀតណាម ដែល​ត្រូវធ្វើ​បម្លាស់​ទី​ផ្ទះ​របស់ខ្លួន ពីលើ​ផ្ទៃ​ទឹក​ទៅ​នៅលើ​ទឹក​វិញ​ដដែល​នោះ បាន​សម្តែង​នូវ​ការមិន សប្បាយចិត្ត និង​បាន​រិះគន់​ចំពោះ​មន្ត្រី​អាជ្ញាធរ ដែល​បាន​ចុះទៅ​រៀបចំ​នោះ​ថា រៀបចំ​គ្មាន​តម្លាភាព បក្ខពួកនិយម និង​ប្រព្រឹត្ត​អំពើពុករលួយ  ។​
    
​ប្រជាពលរដ្ឋ បាន​រិះគន់​មន្ត្រី​ទាំងនោះ​ថា ការរៀប​ចំនេះ មិនមាន​ការចាប់​ឆ្នោត យក​លេខ​រៀង អោយបាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ឡើយ គឺ​គេ​រៀប​ទៅតាម​ទឹក​លុយ និង​បក្ខពួកនិយម ។ ផ្ទះ​បណ្ដែត​ទឹក របស់​ជនជាតិ​វៀតណាម នៅ​ជួរ​ខាងមុខ​គេ ដាក់​រហូតដល់​ទៅ​៥​ជួរ ទាំងសងខាង​ទន្លេ ហើយ​ត្រូវ​បង់លុយ ទៅអោយ​ខាង​ក្រុមចម្រុះ ក្នុង​ផ្ទះមួយ ចំនួន​៣​លាន​រៀល ដែល​ក្នុង​មួយ​ជួរ មាន​ចំនួន​៥ ផ្ទះ​បណ្តែត​ទឹក ។ ចំណែក​ជួរ​បន្តបន្ទាប់ នឹងត្រូវ​បង់លុយ​ទៅអោយ ខាង​ក្រុមចម្រុះ​តាម​ទំហំ​ផ្ទះ ចាប់ពី ៥០​ម៉ឺន​រៀល ដល់ ២ លាន​រៀល​។​

​ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា បើ​ចង់បាន​ទីតាំង​ចត​ផ្ទះ នៅ​ជួរ​ខាងមុខ ត្រូវតែ​បង់លុយ​។ បើ​មិន​ដូច្នេះ​ទេ ក្រុមចម្រុះ​ដឹកនាំ ដោយ​លោក ស៊ុន សុវណ្ណារិទ្ធ ដែលជា​អភិបាលរង ខេត្តកំពង់ឆ្នាំង និង​ត្រូវ​រុញអោយ​ទៅ​នៅ​ខាងក្រោយ​គេ ។ ផ្ទះ​ដែល​នៅ​ជួរ​ខាងមុខ ទាំងសងខាង​ទន្លេ គេ​សង្កេតឃើញ សុទ្ធតែជា​ផ្ទះ​របស់ ជនជាតិ​វៀតណាម​ទាំងអស់ ហើយ​ប្រសិន​ជាមាន​ជនជាតិខ្មែរ និង ខ្មែរឥស្លាម ចូលទៅ​ចត​ផ្ទះ​បណ្តែត​ទឹក​របស់ខ្លួន នៅ​ចំណុច​ខាងលើ ក៏​មិនអាច​ចត​បានដែរ ពីព្រោះ​មាន​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀង យ៉ាង​កេ និង​ឈ្មោះ យ៉ាវ ជា​អ្នកកាង​វាតទី​ទាំងអស់ ដោយ​មិន​ឲ្យ​ជនជាតិខ្មែរ និង ខ្មែរឥស្លាម ចូល​ចត​នៅ​ជួរមុខ ឬ​ជួរ​បន្ទាប់​បានឡើយ ។ គេ​បានអោយ ដឹងថា បុរស​ជនជាតិ​វៀតណាម ទាំង​២​នាក់​នេះ ជា​អ្នករត់​ការប្រមូល​លុយយកទៅ អោយ​ក្រុមចម្រុះ ដែលមាន​ភារកិច្ច​រៀប​ចំ​ផ្ទះ​បណ្តែត​ទឹក​នេះ ។
    
​ភាពមិនប្រក្រតី​នេះ សូម​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ក្រសួងមហាផ្ទៃ មេត្តាជួយ​ពិនិត្យមើល​ផង កុំអោយ​ប្រជាពលរដ្ឋ ក្តៅក្រហាយ និង​រិះគន់​តទៅទៀត ។​

​ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន ខាងលើនេះ លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង ខេត្ត កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា គណៈកម្មការ ដែល​ដឹកនាំ​ដោយ​រូបលោក គឺ​មិនបាន​ប៉ះពាល់​លុយកាក់ របស់​ប្រជាពលរដ្ឋ សូម្បីតែ ១០០ លុយ​ខ្មែរ ក៏​មិនមាន​ផង ហើយ​គោលការណ៍​របស់​ខេត្ត ដែលមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត បានដាក់​កំហិត​ដាច់ខាត មិនអោយ​មន្ត្រី​ណា​ម្នាក់ ដែល​ស្ថិតក្នុង​ក្រុមចម្រុះ​នេះ យកលុយ​ពី​ប្រជាពលរដ្ឋ​ឡើយ ។​

​សូមបញ្ជាក់ថា ផ្ទះ​បណ្តែត​រាប់ពាន់​ខ្នង របស់​ជនជាតិ​វៀតណាម ខ្មែរឥស្លាម និង ខ្មែរ​មួយចំនួន​ផង​នោះ ត្រូវបាន​អាជ្ញាធរ នៃ​ខេត្តកំពង់ឆ្នាំង សម្រេច​អោយ​ចាកចេញ ទៅ​តាំងនៅ​កន្លែង​ផ្សេង ស្ថិត​ខាងជើង​កន្លែងចាស់ ប្រហែល ២ គីឡូម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការសម្រេច​នេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ច្រាំងទន្លេ​ផ្សារ​ក្រោម និង​រៀបចំផ្ទះ​បណ្តែត​ទឹក​ទាំងនោះ អោយមាន​របៀបរាបរយ​ល្អ ។​
     
​យោងតាម​ផែន​របស់ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ ផ្ទះ​បណ្តែត​ទឹក អោយមាន​របៀបរៀបរយ​ល្អ និង​អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង អោយ​ក្លាយជា​តំបន់​ទេសចរណ៍ មាន​សោភ័ណភាព និង​បរិស្ថាន​ល្អ ស្របតាម​គោលការណ៍ ប្រឡងប្រណាំង ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត ជាពិសេស​ភ្ញៀវ ដែល​មក​ទស្សនា ភ្នំ​នា​ងក​ង្រី ។ គម្រោង​អភិវឌ្ឍន៍​នេះ មាន​ប្រវែង ២.៧១១ ម៉ែត្រ ចាប់​ពីមុខ​វត្ត​ទេពធីតា​រាម រហូតដល់​ស្ថានីយ​ទឹកស្អាត​ចុង​កោះ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សូមបញ្ជាក់​បន្ថែមថា ប្រជាពលរដ្ឋ ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់ សរុប​មាន​ចំនួន ៩៩៦ គ្រួសារ ស្មើ​និង​១.៤៨៦​ខ្នង​ផ្ទះ ។ តាម​ផែនការ​របស់​ខេត្ត និង​ក្រុង បាន​ផ្សព្វផ្សាយ​ផែនការ​នេះ កាល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ និង​បាន​កំណត់អោយ​ប្រជាពលរដ្ឋ ធ្វើការ​ប្តូរ​ទីតាំង​ផ្ទះ​របស់ខ្លួន ចាប់ពី​ថៃ្ង​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​២០១៥ ដោយ​ស្ម័គ្រចិត្ត​៕V/S

ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរ​ ​ខេត្តកំពង់ឆ្នាំង ធ្លាយ​រឿង​តូ​លុយ​យក​កន្លែង​

ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរ​ ​ខេត្តកំពង់ឆ្នាំង ធ្លាយ​រឿង​តូ​លុយ​យក​កន្លែង​

ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរ​ ​ខេត្តកំពង់ឆ្នាំង ធ្លាយ​រឿង​តូ​លុយ​យក​កន្លែង​

ការរៀបចំ​សណ្តាប់ធ្នាប់ និង​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​អាជ្ញាធរ​ ​ខេត្តកំពង់ឆ្នាំង ធ្លាយ​រឿង​តូ​លុយ​យក​កន្លែង​