NGOF ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី ការឆ្លុះបញ្ចាំង​ទៅលើ​យុទ្ធសាស្ត្រ គាំទ្រ​គ្រួសារ​កសិករ ដែលមាន​ដីធ្លី​តូចតាច

ភ្នំពេញ: វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGOF) នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “​ការឆ្លុះបញ្ចាំង​លើ​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ ដែលមាន​ដីធ្លី​តូចតាច​៖ តាមរយៈ​ការ​ពិនិត្យមើល​ឡើងវិញ នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ការសម្ភាសន៍​ជាមួយ​អ្នកផ្តល់​ព័ត៌មាន​សំខាន់ៗ និង​ករណី​សិក្សា​”  ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការឆ្លុះបញ្ចាំង​របាយការណ៍​គ្រួសារ​កសិករ​មាន​ដីធ្លី​តូចតាច និង​គោលនយោបាយ​សង្ខេប  ដែល​ត្រូវបាន​ចងក្រង​ឡើង​រួចជាស្រេច​នៅក្នុង​ឆ្នាំនេះ​។

​គោលបំណង​សំខាន់ នៅក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ចែករំលែក​លទ្ធផល​ដែល​បាន​រកឃើញ​សំខាន់ៗ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ទៅដល់​អង្គការ​សង្គម​ស៊ីវិល និង​ក្រ​សូង​ដែល​ពាក់ព័ន្ធ​នានា និង​ដើម្បី​ធ្វើការ​បើកទូលាយ​ឲ្យ​មាន​ការជជែក​ពិភាក្សា​គោល នយោបាយ ដែល​ទាក់ទង​ទៅនឹង​គោលនយោបាយ​កសិកម្ម​ស​ម្រា​ប់​គ្រួសារ​កសិករ​មាន​ដីធ្លី​តូចតាច​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង នា​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០១៥ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ ដោយមាន​អ្នក​ចូល​រូ​ម​ប្រមាណ​ជាង ៨០ នាក់ ដែល​អញ្ជើញ​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថានទូត​អាមេរិក ស្ថានទូត​អូស្ត្រាលី ស្ថានទូត​ស៊ុយអែត ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន គណៈប្រតិភូ​អឺរ៉ុប អង្គការ​សមាជិកភាព​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ក្រុម​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ​៕​H/S