ការចរចា​ប្រាក់​ឈ្នួល​បានបញ្ចប់ សមាគម​រោងចក្រ​កាត់ដេរ​អំពាវនាវ​ឱ្យ​ផ្តោតលើ ការលើក​កំពស់​ផលិតភាព​ការងារ​

: ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​អំពាវនាវ​ឲ្យ​មានការ​ផ្តោត​ជាថ្មី​លើ​ការលើក​កំពស់​ផលិតភាព​ការងារ ក្រោយ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​បានបញ្ចប់​ក្នុង​ខែ​នេះ ព្រមទាំង​គាំទ្រ​ចំពោះ​ការអំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ប្រើប្រាស់​វិធីសាស្ត្រ​បញ្ជា​ទិញ​ដែលមាន​និរន្តរភាព​ជាង​មុន ។​

​ជា​លទ្ធផល​នៃ​ការចរចា​ឆ្នាំនេះ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ត្រូវបាន​ដំឡើង​ដល់ ១៤០​ដុល្លារ​ក្នុង​មួយខែ ។ អ្នកជំនាញ​ក្នុង​វិស័យ​កាត់ដេរ​និយាយថា ដូច្នេះ ឥឡូវនេះ​យើង​ចាំបាច់​ត្រូវ​ផ្តោតលើ​ការបង្កើន​ផលិតភាព​ការងារ​ជារួម​។ យោងតាម​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ផលិតភាព​ការងារ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ក្នុង​រយ​:​ពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​បាននិងកំពុង​ធ្លាក់ចុះ​។

​លោក ខេន លូ (Ken Loo) អគ្គលេខាធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​និយាយថា “​ប្រាក់​ឈ្នួល​គឺជា​ចំណាយ​ប្រតិបត្តិការ​ដ៏​ធំ​មួយ​សម្រាប់​រោងចក្រ​។ ឥឡូវនេះ យើង​ត្រូវ​មើលថា​ភាគី​ទាំងអស់ ទាំង​អ្នកបញ្ជា​ទិញ​ដែល​ផ្តោតលើ​ការបង្កើន​ផលិតភាព​ការងារ​ដើម្បី​ជួយ​ទប់​ទល់នឹង​ចំណាយ​ដែល​កើនឡើង ទើប​អាច​រក្សា​រោងចក្រ​ឲ្យ​បន្តទៅ​មុខ​បាន ។​”

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ក្រោយ​ការចរចា​បានបញ្ចប់ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក៏បាន​ទទួលស្គាល់​ផងដែរ ពី​សារៈសំខាន់​នៃ​ការជំរុញ​លើក​កំពស់​ផលិតភាព និង​បាន​អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​សម្លៀកបំពាក់ ផ្លាស់ប្តូរ​ទម្លាប់​បញ្ជា​ទិញ​របស់​ពួកគេ គឺ​ការដែល​ចង់​បានតែ​តំលៃថោក​។

​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន និង​កំពុង ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ​ផ្តល់​តម្លៃ​ឲ្យ​បាន​ខ្ពស់​បន្តិចទៀត​ដល់​រោងចក្រ​ដែលជា​អ្នក​ផលិត​ផ្គត់ផ្គង់ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​ទប់​ទល់នឹង​ចំណាយ​ប្រតិបត្តិ​ការដែល​ចេះតែ​កើនឡើង ជាពិសេស​គឺ​ប្រាក់​ឈ្នួល​។ ក្រោយ​ការចរចា​ប្រាក់​ឈ្នួល​នៅក្នុង​ឆ្នាំ ២០១៤ អ្នកសេដ្ឋកិច្ច​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​ប៉ាន់​ស្មានថា បើ​អ្នកបញ្ជា​ទិញ​បង្កើន​តម្លៃ​ទិញ តែ​៣​ភាគរយ  នោះ​វា​នឹង​អាចជួយ​ចំពោះ​ការកើនឡើង​ប្រាក់​ឈ្នួល និង​ជួយ​រក្សា​ឧស្សាហកម្ម​នេះ​មាន​និរន្តរភាព ។​

​ទាក់ទង​ទៅនឹង​ការចរចា​ប្រាក់​ឈ្នួល​នៅក្នុង​ឆ្នាំនេះ ទាំង​សេចក្តីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​អបអរសាទរ​ចំពោះ​ការប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​ទិន្នន័យ ដើម្បី​ជា​លក្ខណៈវិនិច្ឆ័យ នៅក្នុង​ការកំណត់​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់ ប្រើប្រាស់​ទិន្នន័យ​បច្ចេកទេស​ឲ្យ​បាន​កាន់តែច្រើន​នៅក្នុង​ការចរចា​នាពេល​អនាគត ។​

​លោក ខេន លូ បាន​បន្ថែមទៀតថា “​វា​ជាការ​ចាំបាច់ ដែល​យើង​ប្រើប្រាស់​វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ ក្នុងការ​កំណត់​កំរិត​ប្រាក់​ឈ្នួល តាមរបៀប​ដែល​យុត្តិធម៌ និង​មាន​និរន្តរភាព ។ យើង​រីករាយ ដោយ​ភាគី​ជាច្រើន​បាន​អនុវត្តតាម​យន្តការ​ជា​ធរមាន ដែល​ធានាបាន​នូវ​ការពិភាក្សា​ក្នុង​លក្ខណៈ​ស្ថាបនា​មួយ​” ។​

​ប៉ុន្តែ លោក ខេន លូ ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ ដែល​សហជីព​ចំនួន​បួន មិនបាន​ធ្វើការ​ចរចា​ដោយ​ភាពស្មោះត្រង់ និង​បាន​រំលោភ​លើ​វិធាន និង​នីតិវិធី​ផ្ទៃក្នុង​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នៅពេលដែល​ពួកគេ​បោះបង់​ការចរចា​នៅ មុនពេល​បោះឆ្នោត​ជាសម្ងាត់ ដែលជា​ការបំពាន​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ធ្វើឡើង​មួយ​សប្តាហ៍​មុន​ថ្ងៃ​ចរចា ។​