គ្រោះ​ថ្នាក់​សុខភាព​ ៥ យ៉ាង​នៃការ​គេង​ច្រើន​ជ្រល់​

ការ​គេង​ច្រើន​លើស​កំណត់​ ប្រៀប​បីដូច​ជាសុបិន​ដ៏វែង​ឆ្ងាយ​អញ្ចឹង​ នៅ​ពេល​ដេក​លក់គឺ​ប្រើ​ពេល​អស់​កន្លះ​យប់​ទៅ​ហើយ​។ ប៉ុន្ដែ​ជាក់ស្ដែង​គឺថា​ មនុស្ស​មួយ​ចំនួន​នៅតែ​ គេង​ច្រើន​ជ្រុល​។ ទោះបី​ជាមិន​មាន​ទ្រឹស្ដី​ណែនាំ​ថា ​ការ​គេង​រយៈ​ពេល​ប៉ុណ្ណា​សម​ស្រប​ក៏​ដោយ​ ប៉ុន្ដែ​គេជឿថា​ មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ត្រូវ​គេង​ឱ្យបាន​ ៧ ទៅ​ ៨ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា ​យក​ទម្លាប់​តាម​មនុស្ស ​ដែល​ត្រូវ​ការ​គេង​ច្រើន​ជាង​ ៩ ម៉ោង ​ដើម្បី​ឱ្យរាង​កាយ​របស់​ខ្លួន​បំពេញ​មុខ​ងារ​បាន​ប្រក្រតី ​វាជា​រឿង​មិន​ល្អ​នោះទេ​។ ខាង​ក្រោម​នេះ​ គឺជា​បញ្ហា​សុខភាព​មួយ​ចំនួន ​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​គេង​ច្រើន​ជ្រុល៖​
គ្រោះ​ថ្នាក់​សុខភាព​ ៥ យ៉ាង​នៃការ​គេង​ច្រើន​ជ្រល់​
គ្រោះ​ថ្នាក់ ​នៃការ​ធ្លាក់​ទឹកចិត្ដ​៖ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ចំពោះ​កូន​ភ្លោះ​ពេញ​វ័យ​កាល​ពីឆ្នាំ ​២០១៤ បាន​ជួយ​ឱ្យក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញថា​ ការគេង​​ក្នុង​រយៈ​ពេល​មួយ​ដ៏យូរ​អាច​បង្កើន​គ្រោះ​ថ្នាក់នៃអាការៈ​ធ្លាក់​ទឹកចិត្ដ។​ អ្នក​ចូល​រួមក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ​ដែល​គេង​ចន្លោះ​ ៧ និង ៩ម៉ោង​នៅ​ពេល​យប់​បាន​បង្ហាញ​ឱ្យ​ឃើញ​អត្រា​អាច​កើត​អាការៈ​ធ្លាក់ទឹក​ចិត្ដក្នុង​កម្រិត ​២៧% ខណៈ​ពេល​អ្នក​ចូលរួម​ ដែល​គេង​ច្រើន​ជាង ​៩ម៉ោង​ប្រឈម​នឹង​អត្រានៃ​អាការៈ​ធ្លាក់ទឹក​ចិត្ដ ​ក្នុង​កម្រិត ​៤៩%។​
ធ្វើឱ្យ​ចុះ​ខ្សោយ​ខួរក្បាល​៖ ការសិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពីឆ្នាំ​ ២០១២ ​ធ្វើឡើង​ទៅលើ​ស្រ្ដី​វ័យ​ចំណាស់​បាន​បង្ហាញ​ឱ្យដឹងថា​ ការគេង​ច្រើន​ជ្រុល​អាច​ធ្វើឱ្យ​ស្មុគ​ស្មាញ​នូវ​មុខ​ងារ​នៃខួរ​ក្បាល​ក្នុង​រយៈ​ពេល​ ៦ឆ្នាំ​បន្ទាប់​។ ស្រ្ដី ​ដែល​គេង ​ច្រើនជាង​ ៩ម៉ោង​ជាទៀង​ទាត់​មាន​ការ​ប្រែ​ប្រួល​នៅក្នុង​ខួរក្បាល​របស់​ពួក​គាត់​ ដែល​ស្មើ​នឹង​ការ​ចាស់​មុន​អាយុ​ពីរ​ឆ្នាំ។​
បញ្ហា​មាន​គភ៌៖​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​សញ្ជាតិ​កូរ៉េ​មួយ​ក្រុម​បាន​ធ្វើការ​វិភាគ​ទៅលើ​ទម្លាប់​គេងនៃ​​ស្រ្ដី ​៦៥០នាក់​ ដែល​ទទួល​ធ្វើឱ្យ​មាន​គភ៌តាម​បែប​វិទ្យា​សាស្រ្ដ(​Virto fertilization)។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ ស្រ្ដីដែល​គេង​រយៈ​ពេល​ ៧ ទៅ​ ៨ម៉ោង​ក្នុង​មួយ​យប់​មាន​អត្រា​មាន​គភ៌ខ្ពស់​ជាង​ស្រ្ដី​ ដែល​គេង​រយៈ​ពេល​ ៩ ទៅ​ ១១ម៉ោង។​
គ្រោះថ្នាក់​នៃ​ជំងឺទឹក​នោម​ផ្អែម​៖ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ពីរដ្ឋធានី ​Quebec ប្រទេស​កាណាដា​ បាន​រកឃើញថា​ មនុស្ស ​ដែល​គេង​ច្រើន​ជាង​ ៨ម៉ោង​ទំនង​ជាប្រឈម​នឹង​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ទ្វេដង ​ឬ ធ្វើឱ្យ​ជាតិ​គ្លុយ​កូស​នៅក្នុង​ឈាម​ប្រែប្រួល​ខុស​ប្រក្រតី ​ក្នុងរយៈ​ពេល ​៦ឆ្នាំ។ ​ម្យ៉ាងទៀត​ មនុស្ស​ដែល​គេង​ចន្លោះ ៧​ និង ៨ម៉ោង​ពេល​យប់​មិនបង្ហាញ​ឱ្យឃើញ​សញ្ញា​គ្រោះ​ថ្នាក់​នៃការ​កើត​ជំងឺទឹក​នោម​ផ្អែម​នោះ​ទេ។​
បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​បេះដូង​៖ ការសិក្សា​ស្រាវ​ជ្រាវ​មួយ ​ដែល​ត្រូវ​បានធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គ​ប្រជុំនៃ​មហា​វិទ្យាល័យ​ផ្នែក​ជំងឺ​បេះ​ដូង​អាមេរិក​កាល​ពីឆ្នាំ​ ២០១២បាន​បង្ហាញ​ឱ្យឃើញ​ថា ​ការគេង​ ៨ម៉ោង ​ឬច្រើន​ជាង ​៨ម៉ោង​ជារៀង​រាល់​យប់​អាច​បណ្ដាល​ឱ្យកើន​ឡើង​គ្រោះ​ថ្នាក់​នៃជំងឺ​បេះដូង​។ នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើការ​វិភាគ​ទិន្នន័យ​ពីមនុស្ស​ជាង ​៣០០០នាក់​។ លទ្ធផល​នៃការ​វិភាគ​បាន​រក​ឃើញថា​ មនុស្ស​ដែល​គេង​ច្រើន​ម៉ោង​មាន​ការប្រឈម​ទ្វេដង​ចំពោះ​គ្រោះថ្នាក់​នៃជំងឺ​ខ្វះ​ឈាម​ទៅចិញ្ចឹម​បេះ​ដូង ​និងប្រឈមក្នុង​អត្រា​ ១,១ ដង​នឹងជំងឺ​សរសៃ​ឈាម​ និងបេះ​ដូង៕​​

អត្ថបទ៖ ដេវីដ
Source: onlymyhealth