ពិធី​អន្ទង​ព្រលឹង និង ដង្ហែ​អដ្ឋិធាតុ​យកទៅ​តម្កល់​ក្នុង​ស្តូប​

Sanofi

បន្ទាប់ពី​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ត្រូវបាន​គេ សាងសង់​ជា​ស្តូប ឬ វិមាន​សម្រាប់​តម្កល់​អ​ដ្ឋិ​ធាតុ​ជនរងគ្រោះ​ដែល ស្លាប់​នៅក្នុង​សម័យ​របប​ខ្មែរក្រហម ឥឡូវនេះ​គេ​បាន​សាងសង់ ស្តូប​មួយទៀត​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​សម្រាប់​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ ដែល​ខ្មែរក្រហម​សម្លាប់​នា សម័យ​នោះ ។ ការសាងសង់​ស្តូប​នេះ​គឺ​ទុក​សម្រាប់​ដាក់​អដ្ឋិធាតុ និង គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុងសម័យ​របប​ខ្មែរ ក្រហម ព្រោះ​ក្នុង​របប​ខ្មែរក្រហម​តំបន់​នោះ​គឺជា​កន្លែង​សម្លាប់ មនុស្ស​យ៉ាង​សាហាវ ។

 

នៅពេល​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត និង ប្រជាពលរដ្ឋ​នៅ​ទីនោះ បាននាំគ្នា​ប្រមែប្រមូល​អដ្ឋិធាតុ​ទាំងនោះ​យកមក​តម្កល់ទុក​នៅក្នុង​ទី​វត្ត​ប្រាសាទ​វ​ដ្តី​នេះ តែ​មិនទាន់មាន​កន្លែង​ដាក់​ត្រឹមត្រូវ​ឡើយ គឺ​គ្រាន់តែ​ធ្វើជា​ស៊ុម ឬ ទូកញ្ចក់​ដាក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ឥឡូវនេះ​ស្តូប​ត្រូវបាន​គេ​សង់​សម្រាប់​ដាក់​អដ្ឋិធាតុ​ទាំងនោះ​ទុក​សម្រាប់​គោរព​សក្ការៈ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ក្នុងសម័យ​របប​ដ៏​ខ្មៅ​ងងឹត​នោះ ។​


បន្ទាប់ពី​បានទទួល​សំណើ​នេះ ឯកឧត្តម សួន សិទ្ធី អគ្គនាយកដ្ឋាន​សវន​កម្ម​ជាតិ​នៃ​ក្រសួង​ហិរញវត្ថុ សហការ​ជាមួយ​ក្រុមការងារ​បុរាណ វិទ្យា និង បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​សិក្សា​ទីតាំង និង គូរ​ប្លង់​ស្តូប មុននឹង​ឈានដល់​ការសាងសង់​ស្តូប​គោរព​វិញ្ញាណក្ខន្ធ មួយ​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ​ព្រមទាំង​ស្របទៅតាម​ជំនឿ​របស់​ខ្មែរ ។ ការសាងសង់​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​នេះ​តែងតែ​គោរព​តាម​ផ្នត់គំនិត​ក្នុង​ជំនឿ​តាមបែប​ជា​ប្រពៃណី​ខ្មែរ​ជានិច្ច ។​

ស្តូប​សម្រាប់​ដាក់​អដ្ឋិធាតុ​នេះ​មាន​រាង​ចតុកោណកែង នៅ​ប្លង់​បាត​មាន​ក្បាច់រចនា​ប្រាំពីរ​ថ្នាក់​មាន​ជហ្វា​ប្រាំពីរ និង កំពូល​ស្រួច​ទៅលើ ដែល​យក​គំរូ​តាម​ព្រះ​ចូឡាមណី​ចេតិយ​(​កន្លែង​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះពុទ្ធ​អង្គ​) ដែល​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​មានជំនឿថា បន្ទាប់ពី​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង​ចូល​បរិនិព្វាន​ទៅ​គេ​យក​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ​ទៅ​តម្កល់​ក្នុង​ព្រះ​ចូឡាមណី​ចេតិយ​នោះ ទើប​ប្រជាពលរដ្ឋ​និយម​យក​អដ្ឋិធាតុ​ទៅ​ដាក់​ក្នុង​ចេតិយ ឬ ស្តូប​ដែលជា​តំណាងឱ្យ​ព្រះ​ចូឡាមណី​ចេតិយ​នេះ​តែងតែ​ស្ថិតនៅក្នុង​ផ្នត់គំនិត​ចង់ឱ្យ​អ្នក​ដែល​ស្លាប់​ទាំង​នោះបាន​ទៅ​ចាប់កំណើត​នៅ​ឋាន​បរមសុខ និង មានកំណើត​ជាថ្មី​បាន​ជួបតែ​សុខ​កុំ​ឱ្យមាន​ទុក្ខសោក និង ការធ្វើ​ទារុណកម្ម​ដូច​ជាតិ​នេះ​ទៀត ។


ស្តូប​គោរព​វិញ្ញាណក្ខន្ធ​នេះ​ក៏​ជា​ផ្នែក​មួយ​សម្រួល​ដល់​ការគោរព​វិញ្ញាណក្ខន្ធ និង ធ្វើ​ពិធី​សាសនា​ផ្សេងៗ របស់​បងប្អូន និង ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងនោះ​ផងដែរ ។​​គោលបំណង​ក្រុមការងារ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ក្នុងការ​សាងសង់​ស្តូប​នេះ​គឺ​ដើម្បី​រក្សាទុក​នូវ​ព័ស្តុតាង​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​ក្នុងអំឡុងពេល​ជាង​បី​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​គ្រប់គ្រង ។ ម្យ៉ាងវិញទៀត​ការសាងសង់​ស្តូប​នេះ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ប្រវត្តិសាស្ត្រ និង បញ្ជាក់​ឱ្យដឹងថា​ប្រជាពលរដ្ឋ​បានរស់នៅ​នាពេលនោះ​ទទួលរង​នូវ​ការធ្វើ​ទារុណកម្ម​កាប់សម្លាប់​គ្មាន​ត្រា​ប្រណី ហើយ​ស្តូប​នេះ​កសាងឡើង​ដើម្បីឱ្យ​ជន​ជំនាន់​ក្រោយ​ចងចាំ​នូវ​ការឈឺចាប់​រាល់​អំពើ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូត ត្រង់​ដែល​គ្មាន​ទោសកំហុស​នៅក្នុង​សម័យ​នោះ ។​

បន្ទាប់ពី​ស្តូប​ត្រូវបាន​សាងសង់​រួច​គេ​បានធ្វើ​ពិធី​សាសនា​ដើម្បី​ដង្ហែ​យក​អដ្ឋិធាតុ​ទាំងនោះ​ទៅ​តម្កល់​នៅក្នុង​ស្តូប​ដែល​ទើបនឹង​សាងសង់​ថ្មី នោះ ។ ពិធី​សាសនា​ដែល​គេ​បាន​ធ្វើឡើង​នោះ​គឺ​ពិធី​ហៅ​ព្រលឹង ឬ អន្ទង​ព្រលឹង​ជន​រង​រងគ្រោះ​ទាំងអស់ ដើម្បី​សុំឱ្យ​អស់លោក​ទាំងអស់​ចា​ក ចេញពី​ទង់ព្រលឹង និង អង្ករ​ជ័យ ឬ រូប​ស្នង​ទៅ​សណ្ឋិត​នៅ​សម្បក​រាង កាយ​ដើម​វិញ ។ នៅក្នុង​ពិធី​នេះ​គេ​បានរៀបចំ​ជា​គ្រឿង​សំណែន​ដូច​កាលពី​ការលើក​អដ្ឋិធាតុ​យកទៅ​អភិរក្ស​ដែរ ដែល​គ្រឿង​សំណែន​ទាំងនោះ ដូចជា ក្បាលជ្រូក បាយ សម្ល នំ ចំណី ជាដើម ។


ក្រោយពេល​សែន​រួច ពិធី​ហៅ​ព្រលឹង ឬ អន្ទង​ព្រលឹង​ដោយ​ក្រុម​អាចារ្យ​ព្លុក​ទាំង ៤ រូប​បាន​ធ្វើឡើង​នៅ​ជុំវិញ​មឈូស​ដែល​គេ​ដាក់​រូប​ស្នង​នោះ ។ អាចារ្យ​ទាំងអស់​ចាប់ផ្តើម​សូត្រ​យោង​ព្រលឹង​ចេញពី​រូប​ស្នង​នៅក្នុង​មឈូស​មកឱ្យ​សណ្ឋិត​នៅក្នុង​អដ្ឋិធាតុ​ដើម​វិញ ។ នៅក្នុង​មឈូស​មាន​ជណ្តើរ​មួយ​ធ្វើ​ពី​ធាងចេក​មាន កាំ​ចំនួន ៤ ដោយមាន​អំបោះឆៅ​ចង​បង្ហូត​ខ្សែ​ព័ទ្ធជុំវិញ​អដ្ឋិធាតុ​ក្នុងន័យ​ឱ្យ​ព្រលឹង​បាន​ចាក​ចេញពី​អង្ករ​ជ័យ និង ទង់ព្រលឹង ចូលទៅក្នុង​អដ្ឋិធាតុ វិញ ។ នៅមុន​ពេល​លើក​អង្ករ​ជ័យ​ចេញពី​មឈូស​អាចារ្យ​ទាំង ៩ នាក់ បាន​ឈរ​នៅ​អម​សងខាង​មឈូស ហើយ​សូត្រមន្ត​ហៅ​ព្រលឹង​ជនរងគ្រោះ (​ឬ​សូត្រ​យោង​ព្រលឹង​ចេញពី​អង្ករ​ជ័យ​) ។

ក្នុងនោះ​ស្លាធម៌​បៃ​ចា​រ្យ​មួយ​ដែលមាន​ធូប​មួយ​បាច់​រុំ​ដោយ​ស្លឹកឈើ​ដែល​តំណាងឱ្យ​ព្រលឹង​ជន​រង គ្រោះ ព្រមទាំង​ចង​អំបោះឆៅ​ផង​នោះ​ត្រូវ​បានគេច​ង​ទាញ​ឡើង​តាម​កាំជណ្តើរ​រហូតមកដល់​អដ្ឋិធាតុ​ទាំងនោះ ។ ក្រោយពី​សូត្រ​ហៅ​ព្រលឹង​ចប់ សព្វគ្រប់​អង្ករ​ស្នង​រូប​ត្រូវបាន​លើក​ចេញពី​ក្នុង​មឈូស ហើយ​ពិធី​ប្រែ​រូប បានចាប់ផ្តើម ។ ដំបូង​អាចារ្យ​បាន​វាស​អង្ករ​សូន្យ​ចេញ​ជា​រូប​មនុស្ស សាជាថ្មី ហើយ​ចាប់ផ្តើម​សូត្របាលី​ម្តងទៀត និង យក​ពពិល (​សូមបញ្ជាក់ ថា​ពពិល​គេ​រកឃើញ​មានឈ្មោះ​ហៅ​នៅក្នុង​សិលាចារឹក​ផ្សេងៗ​ក្នុងសម័យ អង្គរ និង មុន​សម័យអង្គរ​ផង ។


អ្នកស្រាវជ្រាវ​ខាង​កិច្ច​ពិធី​ផ្សេងៗ​របស់ ខ្មែរ​បាន​ពន្យល់ថា ស្លឹក​ពពិល​ជា​កេរ្តិ៍ខ្មាស​របស់​នាង ឧមា​ភគវតី រីឯ​ទៀន​ធ្វើ​ពី​ក្រមួន​សុទ្ធ​ដែល​បិទ​ជាប់​លើ​ពពិល​នោះ​ជា​លិង្គ​របស់​ព្រះ​ឥសូរ ។ ក្នុងពេល​បង្វិលពពិល គឺជា​ពេលដែល​ភេទ​ពីរ​ភប់ប្រសព្វ​គ្នា​នាំឱ្យ​បានជា ថាមពល ។ ដូច្នេះ​ការធ្វើ​កិច្ច​បង្វិលពពិល​មានន័យថា ឱ្យបាន​ទទួល​ថាមពល​ឆ្ពោះទៅរក​នៃ​ការកើត​ឡើងវិញ ។ បើ​ក្នុង​ពិធីមង្គលការ​វិញ​ពេល​បង្វិលពពិល​ទាំងអស់​កំពុង​ឆេះ​ប្រមូល​មក​ផ្តុំគ្នា ហើយ​ផ្លុំ​ពន្លត់​បញ្ជូន​ផ្សែង ទៅ​កូនកំលោះ និង កូនក្រមុំ​ក្នុង​បំណង​ឱ្យបាន​ទទួល​ថាមពល​នៃ​ការ បង្កើត​ថ្មី​បានជា​ភោគផល​កូនចៅ ចំនួន ៥ មក​បង្វិល​ជុំវិញ​អង្ករ​ស្នង ចំនួន ៣ ជុំ ក្នុងន័យ​ថាឱ្យ​ព្រលឹង​ជនរងគ្រោះ​បានទទួល​ថាមពល​ពី​ផ្សែង ទៀន​ដែល​ចេញពី​ពពិល​ប្រកប​នូវ​ក្លិនពិដោរ និង រូប​សម្ផស្ស​ល្អ​ស្អាត​នៅ ពេលអនាគត​ជាតិ ។

ម្យ៉ាងវិញទៀត​ឧទ្ទិស​ដល់​ជនរងគ្រោះ​ឱ្យបាន​ចាប់កំណើត​ជាតិ​ថ្មី​កុំឱ្យ​ជួប​រឿង​មិនល្អ​ដូចជា​តិ​នេះ​ទៀត ។ ពិធី​ប្រែ​រូបនេះ អាចារ្យ​បាន​យក​ទៀន​មួយ​ដើម​គូរ​នៅលើ​ស្លឹកចេក​បណ្តើរ ហើយ​សូត្របាលី​បណ្តើរ សូត្រ​បាន​បន្តិច​ទើប​ផ្តើម​សួរ​ទៅ​អាចារ្យ​ទាំង ៤ ដោយ​ពោល​ពាក្យ​ថា​’​ដូច ឬ មិន​ដូច ? ” ចំណែក​អាចារ្យ​ផ្សេងទៀត​ក៏​ឆ្លើយ តប​វិញ ៣ ដង ដែរ​ថា​«​មិនទាន់​សម មិន​ដូច​ទេ​» លុះ​គម្រប់​លើក ទី ៣ ទើប​អាចារ្យ​ឆ្លើយ​ព្រមៗ​គ្នា​ថា​«​រូបនេះ​ដូច​រូប​ដើម​ហើយ​» ។ បន្ទាប់មក ព្រះសង្ឃ ៤ អង្គ បន្ត​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ និង យក​អង្ករ​ស្នង​រូប​បាច​លើ​អដ្ឋិធាតុ ហើយ​ចុងក្រោយ​ទង់ព្រលឹង​ទាំងអស់ ត្រូវបាន​កម្ទេចចោល ។


បន្ទាប់មកទៀត​មាន​ពិធី​ដង្ហែ​អដ្ឋិធាតុ​យកទៅ​តម្កល់​នៅក្នុង​ស្តូប​ពិធី​នេះ​ត្រូវបាន​គេ​ធ្វើឡើង​នៅវេលា​ម៉ោង ៥ ល្ងាច ដោយមាន​អ្នកចូលរួម​ដង្ហែ ប្រមាណ​ជាង ៥០០ នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ ១០០ អង្គ យាយជី តាជី ១០០ នាក់ និង ពុទ្ធបរិស័ទ​ប្រមាណ​ជាង ៣០០ នាក់ ។ ការ​ដង្ហែ​អដ្ឋិធាតុ​នេះ​បានចាប់ផ្តើម​ឡើង​ដោយ​យក​អដ្ឋិធាតុ​រៀប​ដាក់​លើ​ជើងពាន ដោយមាន​ក្រាល​សំពត់​ពណ៌​ស និង សំពត់​ខ្មៅ តំណាងឱ្យ​ភាព​បរិសុទ្ធ និង ការ​កាន់ទុក្ខ ។ ពិធី​ដង្ហែ​នេះ​បានរៀបចំ​តាម​លំដាប់​នៃ​សាសនា ក្នុងនោះ​ក្បួន​ដង្ហែ​ត្រូវ​បានរៀបចំ​តាម​លំដាប់​ដូចជា មាន​អាចារ្យ​កាន់​ទង់ព្រលឹង និង វាយគង​ដង្ហោយហៅ​ព្រលឹង ជនរងគ្រោះ​ឱ្យមក​តាម​ខ្លួន បន្ទាប់ពី​អាចារ្យ​នាំ​ផ្លូវ​រួចមក​មាន​ព្រះសង្ឃ​អង្គុយ​សំណាក់​ធម៌ ដើម្បី​តាមមើល​ព្រលឹង​ជនរងគ្រោះ​មិនឱ្យ​បែកខ្ញែក​រត់ចេញ​ពី​រូបធាតុ​ដើម ។

ក្នុង​ក្បួន​ដង្ហែ​នេះ​ក៏មាន​កម្រងផ្កា និង ផ្កាឈូក បង្ហាញ​ពី​ការ​កាន់ទុក្ខ ។ នៅក្នុង​ពិធី​នេះ​ក្រៅពី​ឮ​សំឡេង​គង​នៅមាន​សំឡេង​ភ្លេង​ក្លងខែក​កំដរ ដែល​ធ្វើឱ្យ​អ្នកចូលរួម​ទាំងអស់​កា​ន់​តែមាន​សេចក្តី​ក្រៀមក្រំ​អាណិតអាសូរ​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ នៅ​ពីក្រោយ​ក្បួន​មាន​មន្ត្រី​អ្នកមុខអ្នកការ​ជាមួយ​ក្បួន​ផែន​របស់ យាយជី តាជី ដោយមាន​សម្លៀក បំពាក់​ពណ៌​ស និង ប្រជាពលរដ្ឋ​ក៏បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ដែរ។ ក្បួន​ដង្ហែ​នេះ​ត្រូវបាន​ហែ​ឆ្ពោះទៅទិសឧត្តរ​ដោយ​ដង្ហែ​ព័ទ្ធជុំវិញ​ស្តូប​នោះ​ចំនួន ៣ជុំ។
​ក្រោយពី​ការ​ដង្ហែ​អដ្ឋិធាតុ​នេះ​បានបញ្ចប់ ព្រះសង្ឃ​ទាំង ១០០ អង្គ បាន​សូត្រ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងនោះ ។

 

 


នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ជាការ​ប្រគល់​អដ្ឋិធាតុ​ទាំងអស់​ដល់​ក្រុម​អភិរក្ស ដើម្បី​រៀប​ដាក់​តម្កល់​អដ្ឋិធាតុ​ចូលទៅក្នុង​ស្តូប ។ នៅ​កណ្តាល​ស្តូប​មាន​ដាក់​ត​ម្ត​ល់​វត្ថុ​កួច​ព្រលឹង​ដែល​ធ្វើ​ពី ស្លឹកពោធិ៍​ព្រហ្មចារី ស្បូវភ្លាំង ទៀន​មួយគូ ធូប​មួយគូ​ចង​ផ្អោប​ដោយ​អំបោះឆៅ ដើម្បី​ជួយ​ឃុំគ្រង​ព្រលឹង​ជនរងគ្រោះ​ទាំងអស់​កុំឱ្យ​មានកម្ម​ពៀរ និង ទៅ​កើត​នៅ​ជាតិ​ថ្មី (​ដែល​ស្លឹកពោធិ៍ និង ស្បូវភ្លាំង នេះ​តំណាងឱ្យ​ការកកើត​ជាថ្មី​ដូច​ពពិល​ដែរ​) ក្នុងន័យ​រួម​គឺ​ឧទ្ទិស​ឱ្យ​ជនរងគ្រោះ​កុំឱ្យ​ទទួលរង​នូវ​ការធ្វើ ទុក្ខទោស​ដូច​ក្នុង​ជាតិ​នេះ និង ជាតិ​ក្រោយ​កុំឱ្យ​ជួប​រឿង​អភ័ព្វ​ដូច​ក្នុង​ជាតិ​នេះ​ទៀត ។

​នៅក្នុង​ស្តូប​តម្កល់​អដ្ឋិធាតុ​មាន​ធ្នើរ​ធ្វើ​ពី​ក​ញ្ចា​ក់​ទាំង ៤ ទិស មាន ៤ ជាន់ សរុប​ទាំងអស់​មាន​ចំនួន ១៦ ថត ។ នៅ​ទិស​ខាងលិច​ជាន់​ក្រោម​បាន ដាក់តាំង​ដូចជា «​ឡេវអាវ ក្រាស​សិតសក់ គាថា កូនសោ ស្បែកជើង កង់​រថយន្ត ខ្សែចំណង​ចងដៃ និង ខ្សែ​ចង្កេះ ខោអាវ ។ ជាន់​ទី ២ មាន ឆ្អឹងថ្គាម​ធ្មេញ ឆ្អឹងកញ្ចូញគូទ ឆ្អឹងភ្លៅ និង ឆ្អឹងដើមដៃ ។ នៅ​ជា​ន់ទី ៣ មាន​ឆ្អឹងភ្លៅ និង ឆ្អឹង​ស្មងជើង និង ជាន់​ទី ៤ ដាក់​តម្កល់​ឆ្អឹងលលាដ៍ក្បាល និង បំណែក​ឆ្អឹងលលាដ៍ក្បាល ។ ឆ្អឹងលលាដ៍ក្បាល​ដាក់​តម្កល់​នៅ​ទិស​ខាងលិច ព្រោះ​ជា​ទិស​របស់​អ្នកស្លាប់ ហើយ​នៅក្នុង​ជំនឿ ផ្នូរ និង ចេតិយ គេ​ធ្វើ​បែរមុខ​ទៅ​ទិស​ខាងលិច ។

 


នៅ​ទិសខាងកើត​ជាន់​ក្រោម​មាន​ឧបករណ៍​ដូច​ថា យុថ្កា​ដែក​មូល និង ដែក​សរសៃ ជា​ឧបករណ៍​ទម្លាក់​សង្កត់​កុំឱ្យ​សាកសព​ជនរងគ្រោះ​ផុសចេញ​ពី​ទឹក ។ ជាន់​ទី ២ មាន​ឆ្អឹងជំនីរ ឯ​ជា​ន់ទី ៣ មាន​ឆ្អឹងត្រគាក និង ឆ្អឹងស្លាបប្រចៀវ ហើយ​ជាន់​ទី ៤ មាន​ឆ្អឹងត្រគាក ។ នៅ​ទិស​ខាងជើង​ជាន់​ក្រោម​មាន​ឧបករណ៍​ជាច្រើន​ដូចជា ដងរែក ឈើ​ជ្រុង និង កាំបិតប៉័ងតោ ជា​ឧបករណ៍​សម្លាប់ ។ ជាន់​ទី​២ ដាក់​បង្ហាញ​ឆ្អឹង​កង​ខ្នង ហើយ​ជាន់​ទី ៣ តម្កល់​ឆ្អឹង​ម្រាមដៃ និង ម្រាមជើង និង ជាន់​ទី ៤ តម្កល់​ឆ្អឹងភ្លៅ ។ នៅ​ទិស​ខាងត្បូង​ជាន់​ក្រោម​មានដូចជា ខ្សែ​ចង​បិទមុខ សម្លៀក បំពាក់​ទាហាន សម្លៀកបំពាក់​កម្មាភិបាល ប្រជាជន​សាមញ ។ ជាន់​ទី ២ មាន​ឆ្អឹងសន្លាក់ និង ក្បាល​ឆ្អឹង ហើយ​ជាន់ ទី ៣ មាន​ឆ្អឹងកំភួនជើង និង ជាន់​ទី ៤ តម្កល់​ឆ្អឹង​ស្មងជើង​ផងដែរ ។​

​យោងតាម​ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​បុរាណវិទ្យា និង បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានបង្ហាញ​ឱ្យដឹងថា តំបន់​វាលពិឃាត​មួយ​នេះ​ស្ថិតនៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ស្តូប​គោរព​វិញ្ញាណក្ខន្ធ​នេះ​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ ២០១២ ដល់ ដើមឆ្នាំ ២០១៥ មាន​កម្ពស់ ១៩.៦៥ ម៉ែត្រ ទ្វារ​ចំនួន ៤ ទិស បាត​ខាងក្រោម​ចំនួន ១១ ម៉ែត្រ​បួន​ជ្រុង ចំណាយ​ទឹកប្រាក់​សរុប​ជាង ១៤ ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ។ នៅក្នុង​តំបន់​វាលពិឃាត​នោះ​បំណែក​ឆ្អឹង​ប្រមាណ ១៥​។​៣៦៥០ បំណែក ត្រូវបាន​រកឃើញ​ស្មើនឹង​ចំនួន​មនុស្ស​សរុប​ដែល​បាន​ស្លាប់ នៅក្នុង​តំបន់​នោះ​មាន​ចំនួន​ជាង ៤.០០០ នាក់ ៕ សុទ្ធ គឹម​សឿន​

Related