អ្នកគ្រូ​បង្រៀន​​​​ម្នាក់​​​យកដៃ​ទៅ​មួល​អំ​ពូ​ល​ភ្លើង​​ឆ្លង​ចរន្ត​​ឆក់​​ស្លាប់​ក្នុង​បន្ទប់ទឹក​

​រាជ​ធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជា​គ្រូ​បង្រៀន​នៅ​សាលា​អង្គការ​កុមារ​លើក​ស្ទួយ​ប្រជាពលរដ្ឋ បាន​​ឆក់​ខ្សែភ្លើង​ដួល​ស្លាប់​នៅ​ក្នុង​ទឹក ខណៈ​ពេល​មេឃ​ភ្លៀង​ទឹក​លិច​ចូល​ផ្ទះ​ជិត​ត្រឹម​ជង្គង់​ ហើយ​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក​ អំ​ពូ​ល​ភ្លើង​អត់​ភ្លឺ​យកដៃ​ទៅ​មួល​អំ​ពូ​ល​ភ្លើង​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ដួល​ប្រកាច់​ក្នុង​ទឹក​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ​តុលា នៅផ្ទះ​អត់លេខ​ក្បែរ​មាត់បឹង​តា​ម៉ាត់​ ​ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​អ្នក​គ្រូ​រង​គ្រោះ​ ឈ្មោះ គុន ចន្ទ​ស្រី​នាង អាយុ​២០​ឆ្នាំ ​​ជា​គ្រូបង្រៀន​នៅ​សាលា​អង្គការ​កុមារ​លើក​ស្ទួយ​ប្រជា​ពលរ​ដ្ឋ​ និង​ជា​កូនច្បងក្នុង​ចំណោម​បងប្អូន​៣​នាក់(ស្រី​២​នាក់​) ​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ប្រកប​របរ​លក់​ត្រី ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​សព​រង​គ្រោះជា​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ស្ថិត​នៅ​មាត់បឹង​តា​ម៉ាត ឲ្យ​តែ​មេឃ​ភ្លៀង​គឺ​ទឹក​លិច​ចូល​ក្នុងផ្ទះ​ជិត​ត្រឹម​ជង្គង់​ជា​រៀង​រាល់ដង ហើយ​មុន​ពេល​កើតហេតុ ​អ្នក​គ្រូ​​បាន​ចេញពី​ធ្វើការ​មក​ដល់​ផ្ទះ​បម្រុង​ចូល​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក តែ​ភ្លើង​អំ​ពូ​ល​​នៅ​ក្នុង​បន្ទប់ទឹក​អត់​ភ្លឺ នាង​ក៏​​​យកដៃ​ទៅ​មួល​អំ​ពូ​ល​ភ្លើង​នោះ ទាំង​ជើង​នៅ​ក្នុង​ទឹក​លិច​​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ ភ្លាម​ៗ​នោះ​នា​ង​បាន​ស្រែ​កថា «​អូយ​ឆក់​ខ្សែភ្លើង» ​រួច​ក៏​បាន​ប្រកាច់​ដួល​សន្លប់​ស្តូកស្តឹង​ក្នុង​ទឹក ម្តាយ​ឃើញ​បែប​នេះ​​ ​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​លើក​នាង​ដាក់​លើ​គ្រែ ​ដើម្បី​ជួយ​សង្គ្រោះ តែ​ជា​អកុសល​កូនស្រី​បាន​ស្លាប់​​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​​ពិនិត្យ ​និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​មែន​ក៍ប្រគល់​សព​​​​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី ​។ ​ក្នុង​នោះ​​​ដែរ ​លោក វើក សា​មឿ​ន ចៅសង្កាត់​ដង្កោ បាន​ចូល​បុណ្យ​​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ​​ ៕