នាយករដ្ឋមន្ត្រី​​ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អាច​​ធ្វើ​​ឲ្យ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​​ព្រមាន​ថា រដ្ឋាភិបាល​អនាគត​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប្រឈម​​ប្រតិកម្ម​​យ៉ាង​ខ្លាំងក្លា ប្រសិន​​បើ​ខ្លួន​ព្យាយាម​​ជំនួស​​មុខ​តំណែង​​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​​កង​យោធលពល​​ខេរមភូមិន្ទ និង​លោក​ នេត សាវឿន អគ្គស្នង​​ការ​នគរ​បាល​ជាតិ ដែល​សុទ្ធ​តែ​​​ជា​មន្ត្រី​ស្មោះ​​​ស្ម័គ្រ​​​​​​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​​ការ​គំរាម​​ថ្មី​បំផុត​របស់​លោក​​​អំពី​សង្គ្រាម​ស៊ីវិល​​ ឬ​​សង្គ្រាម​​ពេញ​ទំហឹង​​ ប្រសិន​​​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​​​​តាំង​តំណាង​រាស្ត្រ​​ឆ្នាំ​២០១៨ លោក ហ៊ុន សែន ​បាន​ថ្លែង​​អំឡុង​​​ពិធី​ប្រគល់​សញ្ញា​បត្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ភាព​មិន​ស្មោះ​ត្រង់​ឡើយ​ក្នុង​ការ​សន្យា​មិន​ដក​មន្ត្រី​​​ណា​ម្នាក់​ចេញ ប្រសិន​​​​​បើ​ខ្លួន​ឡើង​កាន់​អំណាច​។

លោក​លើក​ឡើង​​ថា “​សារ​គោល​នយោ​បាយ​របស់​ពួកគេ​គឺ​ ’ទុក​មន្ត្រី​ចាស់​ ហើយ​​ដំឡើង​ប្រាក់​ខែ​ឲ្យ​ពួកគេ’។ អញ្ចឹង​អ្នក​គាំទ្រ​ [គណបក្ស​សង្គ្រោះ​ជាតិ​] ដែល​​លក់​គោក្របី​ និង​សូម្បី​ឆ្កែ​របស់​ខ្លួន​ដើម្បី​ជួយ​បក្ស តើ​​ការ​ងារ​សម្រាប់​ពួកគេ​នៅ​ឯណា​? ទុក​​អា​ចាស់ អា​ថ្មី​ចូល​អត់​បាន​” ដោយ​​ព្យាករ​ថា អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​​បច្ចុប្បន្ន​ នឹង​តវ៉ា​​ចំពោះ​ការ​មិន​ទទួល​បាន​មុខ​តំណែង ​​បន្ទាប់​ពី​​ “​តស៊ូ​ចង់ងាប់” ដើម្បី​​ជួយ​ឲ្យ​បក្ស​ឡើង​កាន់​អំណាច​។

លោក​ព្រមាន​ថា ​”​ហ៊ាន​ប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ​ពួក​នេះ​​​​​ទាញ​កម្លាំង​ដាក់​ភឹង​។ ចៅហ្វាយ​ខេត្ត​នា​នា​​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​​សន្យា​មិន​គោរព​យ៉ាង​ម៉េច​?”។ ​

​សូម​បញ្ជាក់​​ថា នាយ​ឧត្ដម​សេនីយ៍ ប៉ុល សារឿន ​​អគ្គមេបញ្ជាការ​​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​​នាយ​ឧត្ដម​សេនីយ៍ នេត សាវឿន ​អគ្គស្នងការ​នគរ​បាល​ជាតិ សុទ្ធ​តែ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ដ៏​មាន​​ឥទ្ធិពល​​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្នុង​រយៈ​ពេល​១ខែ​មក​នេះ លោក​នាយក​​​រដ្ឋមន្ត្រី​បាន​​ព្រមាន​​​​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​ផ្ទុះ​​សង្គ្រាម​ស៊ីវិល និង​អំពើ​ហិង្សា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះ​​ការ​បោះ​ឆ្នោត​​​ឆ្នាំ​២០១៨ ដោយ​ប្រៀប​​ធៀប​ផែនការ​របស់​​​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​សម្រាប់​ប្រទេស​កម្ពុជា ​​ទៅ​នឹង​ផែន​ការ​របស់​ ​ប៉ុល ពត ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៧០​។

ផែន​ការ​របស់​លោក សម រង្ស៊ី ក្នុង​ការ​បង្កើត​​តុលាការ​​​ដើម្បី​​​កាត់​​​ទោស​ឧកញ៉ា​​ដែល​​​ជាប់​សង្ស័យ​​ពីបទ​​​លួច​ប្លន់​ដីធ្លី​ពី​អ្នក​ភូមិ​ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​កាល​ពី​ម្សិលមិញ​​លោក​នាយក​រដ្ឋមន្ត្រី​​បាន​​​ព្រមាន​​ជា​ថ្មី​ម្ដង​ទៀត​​​ថា​​នឹង​មាន “​សង្គ្រាម​​​​​ផ្ទៃ​ក្នុង” ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​​អនុម័ត​ផែន​ការ​នោះ​។ ​

លោក​បាន​លើក​ឡើង​ថា “​សង្គ្រាម​ផ្ទៃ​ក្នុង​នឹង​ផ្ទុះ​ឡើង។ សង្គ្រាម​នឹង​កើត​ឡើង ​កុំ​ថា​ខ្ញុំ​គំរាម​ ព្រោះ​​ឲ្យ​សារ​មក​បែប​នេះ​ទៅ​ហើយ​”។

ទាក់​ទិន​ការ​លើក​ឡើង​​​នេះ ទាំង​លោក​ ប៉ុល សារឿន និង​លោក នេត សាវឿន ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ឡើយ។

លោក សម រង្ស៊ី បាន​លើក​ឡើង​តាម​រយៈ​សារ​​អេឡិច​ត្រូនិកពី​ប្រទេស​បារាំង​ថា លោក​​​​ជឿ​ថា ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​​​​ថា​នឹង​កើត​មាន​សង្គ្រាម​ស៊ីវិល ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ​ដក​​ឧត្ដម​សេនីយ៍​ណា​ម្នាក់​ចេញ​​នោះ គឺ​មាន​​ភាព​​មិន​សុច​រិត។

លោក​បាន​សរសេរ​ថា “​ការ​ព្រមាន និង​ការ​គំរាម​ឥត​ឈប់​ឈរ​ទាំង​នេះ​​ធ្វើ​ឡើង​ក្នុង​បំណង​​បំភ័យ​ប្រជា​ពល​រដ្ឋ​​កុំ​ឲ្យ​បោះ​ឆ្នោត​ដើម្បី​ការ​​ផ្លាស់​ប្ដូរ​នយោបាយ​។ វា​ហាក់​ដូច​ជា​ឆ្លុះ​បញ្ចាំង​​ពី​ការ​ភ័យ​ស្លន់​ស្លោ​​ចំពោះ​ការ​បោះ​ឆ្នោត​​សម្រាប់​អ្នក​ដែល​​​ធ្វើ​​ការ​ព្រមាន​ និង​ការ​គំរាម​ទាំង​នេះ​”។

លោក អ៊ូ វីរៈ ស្ថាបនិក “​​វេទិកា​អនាគត​” ដែល​ជា​អង្គការ​​វិភាគ​ និង​ស្រាវជ្រាវ​នយោ​បាយ​បាន​​មាន​ប្រសាសន៍​ថា ការ​ព្រមាន​របស់​លោក ហ៊ុន​​ សែន អំពី​​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​​ជាតិ​​ឡើង​កាន់​អំណាច ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​​កាន់​តែ​ខ្លាំង។​

លោក​ថ្លែង​ថា “​គ្រោះ​ថ្នាក់​គឺ​មាន។ អ្នក​​គ្រប់​គ្នា​ទទួល​ស្គាល់​ថាវា​ជា​ហានិភ័យ ហើយ​វា​​បង្ហាញ​ពី​​​របៀប​ដែល​លោក ហ៊ុន សែន​ ​បរា​ជ័យ​ធ្ងន់​​ធ្ងរ​ដែល​មិន​បាន​ជំរុញ​ឲ្យ​មាន​​រដ្ឋាភិបាល​ស៊ីវិល​ ព្រោះ​​​ឲ្យ​តែ​យោធា​ទទួល​​​បទបញ្ជា​ពី​អ្នក​នយោបាយ​ ​គឺ​យើង​គ្មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​​ឡើយ​​។ ប្រសិន​បើ​​រឿង​នោះ​​​​មិន​ត្រូវ​បាន​ធានា​​ទេ លោក ហ៊ុន សែន បរា​ជ័យ​ទាំង​ស្រុង​ចំពោះ​ការ​​កសាង​ស្ថាប័ន ដូច្នេះ​​​​​​​លោក​​នឹង​​​​ទទួល​ស្គាល់​ថា​ លោក​ប្រើ​ប្រាស់​យោធា​ដើម្បី​គាំទ្រ​គណបក្ស​កាន់​អំណាច។ វា​​​បង្ហាញ​ថា លោក​​​បាន​រៀបចំ​ផែន​ការ​​ឲ្យ​យោធា​​​​​​ប្រកាន់​បក្ខ​ពួក ហើ​យ​​ឈរ​​នៅ​ខាង​លោក​​​​សូម្ប​​​ី​​​​​អំឡុង​​ពេល​បោះ​ឆ្នោត​ទាំង​នេះ​”។

គំនិត​​​ដែល​យល់​ថា កង​ទ័ព​នឹង​នៅ​តែ​ស្មោះ​​​​​ស្ម័គ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ករណី​​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យ​ជម្នះ​នោះ ត្រូវ​បាន​ជំទាស់ និង​​ព្រលយ​ពាក្យ​ដោយ​​​​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ជាក់​​​ស្ដែង​លោក​ ជា តារា មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​​​លើក​ឡើង​​កាល​​ពី​ខែ​កក្កដា​ថា ​”កង​ទ័ព​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា” ​​បណ្តាល​ឲ្យ​​​មាន​ការ​​ស្ដី​បន្ទោស​​​​​​យ៉ាង​ខ្លាំង​ពី​សំណាក់​​ថ្នាក់​ដឹកនាំ​​យោធា និង​​គណបក្ស​ប្រជាជន​កម្ពុជា​​ ដែល​បាន​សង្កត់​​ធ្ងន់​​​ពី​ភាព​ឯករាជ​​្យរបស់​កង​កម្លាំង​ប្រដាប់​អាវុធ​។

លោក សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែល​បាន​តស៊ូ​មតិ​​​ជា​​យូរ​មក​ហើយ​កុំ​ឲ្យ​យោធា​ពាក់​ព័ន្ធ​រឿង​នយោបាយ​​​នោះ បាន​មាន​ប្រសាសន៍​ថា លោក​​​យល់​​ថា ការ​ជំនួស​​តំណែង​​​​ថ្នាក់​ដឹក​នាំ​​កង​ទ័ព​នឹង​​មិន​បង្ក​បញ្ហា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដរាប​ណា​ខ្លួន​​មិន​ព្យាយាម​​​ដាក់​ឥទ្ធិពល​​របស់​ខ្លួន​លើ​យោធា។

សំដៅ​ដល់​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការ​ពារ​ជាតិ លោកថ្លែង​​​ ថា ”​​សូម្បី​យើង​​ឃើញ​កូន​ប្រុស​​របស់​នាយក​រដ្ឋមន្ត្រី​ក្លាយ​ជា​​អគ្គ​មេបញ្ជាការ​កង​ទ័ព​ ក៏​យើង ​​​គោរព​​​។ គាត់​មាន​សមត្ថភាព​ និង​មាន​គ្រប់​​ជំនាញ​​ដើម្បី​កែប្រែ​មុខមាត់​របស់​កង​ទ័ព​”។

លោក​បាន​បន្ត​ថា “​នេះ​អាច​​ស្មើ​គ្នា ​​ប្រសិន​​​បើ​មាន​ការ​ព្រួយ​បារម្ភ​​​ថា​​រដ្ឋាភិបាល​​ថ្មី​នឹង​​ប្រើ​ប្រាស់​អំណាច​​របស់​ខ្លួន​ដើម្បី​សង​សឹក​រដ្ឋាភិបាល​ចាស់​។ ​ខ្លួន​ខ្ញុំ​ផ្ទាល់​​យល់​ឃើញ​​​ថា លោក ហ៊ុន ម៉ាណែត អាច​ជា​មេបញ្ជាការ​ដ៏​ល្អ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​​ ដរាប​ណា​​គាត់​​​​មាន​ឆន្ទៈ​ធ្វើ​ការ​​ដើម្បី​កែទម្រង់​កង​ទ័ព​​​​ដោយ​ឈរ​​លើ​មូលដ្ឋាន​វិជ្ជាជីវៈ​”៕ សុខុម

The post នាយករដ្ឋមន្ត្រី​​ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អាច​​ធ្វើ​​ឲ្យ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា appeared first on ខេមបូឌា ដេលី.